កូរ៉េខាងត្បូង៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ សម្រេចបាននូវសមិទ្ធផលអនុស្សារណៈយោគយល់គ្នា MOU ក្នុងវិស័យរដ្ឋាភិបាលឌីជីថល ជាផ្លែផ្កាមួយថ្មីបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូតកម្ពុជា ឡុង ឌីម៉ង់នៅថ្ងៃសុក្រនេះ។
សមិទ្ធផលថ្មីចុងក្រោយគេបង្អស់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងកូរ៉េខាងត្បូង គឺនឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល ដោយអនុលោមតាមស្មារតីនៃកិច្ចព្រមព្រៀងនោះ មជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល នឹងត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថលឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការយើងទាំងពីរ។
ដោយសារតែកាលៈទេសៈកូវីដ-១៩ អនុស្សារណៈយោគយល់នេះ ត្រូវបានសម្រេចចុះហត្ថលេខាតាមប្រព័ន្ធអនឡាញរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េ ដែលរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោក Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាផ្ទាល់ ហើយក៏មានវត្តមានលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ចូលរួមជាសក្ខីភាព និងជាតំណាងភាគីនៅក្នុងប្រទេសកម្ពុជាផ្ទាល់ និងពីសំណាក់អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ជាសក្ខីភាព និងជាតំណាងកូរ៉េខាងត្បូងប្រចាំនៅក្នុងប្រទេសកម្ពុជាផងដែរ ប្រកបដោយបរិយាកាសរីករាយ និងមោទនភាពក្រៃលែង។
បើតាមការបញ្ជាក់របស់លោកទូត ឡុង ឌីម៉ង់ ប្រព័ន្ធរដ្ឋបាលឌីជីថលនេះនឹងផ្ដល់សារៈប្រយោជន៍ក្នុងវិស័យរដ្ឋបាលសាធារណ:ក្នុងការគ្រប់គ្រង ដោះស្រាយការងារទំនាក់ទំនង លឿនរហ័សនិងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពទៀតផង។ បន្ថែមពីនោះ វិស័យឯកជនក៏នឹងទទួលបានផលពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរខាងលើនេះដែរ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ក្នុងយុគ្គសម័យឌីជីថលបច្ចុប្បន្ន និងអនាគត។ លោកទូតក៏បានសម្តែងការកោតសរសើរចំពោះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ ដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ដែលបានធ្វើឱ្យសមិទ្ធិផលខាងលើនេះសម្រេចបានជោគជ័យ ដែលក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជា លោកទូតសូមសំដែងនូវការគោរព និងកោតសរសើរដោយស្មោះ។