អស់ពីភ្លៀងលិចលង់ ចូលដល់រលកកម្តៅក្តៅខ្លាំងម្តង! ចុងសប្តាហ៍នេះ អជ្ញាធរកូរ៉េព្រមានពីរលកកម្តៅដល់លើស ៣៣ អង្សារ នៅតាមតំបន់មួយចំនួនទាំងនេះ

កូរ៉េខាងត្បូង៖ ក្រោយពីភ្លៀងបង្អុលធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាមក អជ្ញាធរឧតុនិយមកកូរ៉េខាងត្បូងបែរជាចេញការជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នករណីរលកកម្តៅក្តៅខ្លាំងសម្រាប់ប៉ុន្មានប៉ុន្មានថ្ងៃនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងសេចក្តីប្រកាសជូនដំណឹងដែលចេញកាលពីម៉ោង១០ព្រឹក ថ្ងៃសុក្រនេះ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានប្រកាសចេញការជូនដំណឹងជាមុនអំពីករណីរលកកម្តៅខ្លាំងសម្រាប់សឹងគ្រប់ផ្នែកនៃតំបន់ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង មានដូចជាភាគខាងត្បូងខេត្តឃ្យ៉ុងណាម និងខេត្តចូឡា និងផ្នែកកណ្តាលនៃខេត្តឈុងឈុន ផ្នែកខ្លះនៃខេត្តឃ្យ៉ុងគីដូ និងខេត្តហ្គាងវ៉ុន យ៉ាងណាមិញក្រុងសេអ៊ូល មិនត្រូវបានរាប់បញ្ចូលក្នុងការជូនដំណឹងអំពីរលកកម្តៅនេះនោះទេ។

បើតាមការជូនដំណឹង ពីថ្ងៃសុក្រនេះ ទៅដល់ចុងសប្តាហ៍នេះ អាកាសធាតុនៅតំបន់ដែលបានរៀបរាប់ខាងលើដែលអជ្ញាធរបានជូនដំណឹងពីរលកកម្តៅ នឹងមានសីតុណ្ហភាពក្តៅដល់លើស ៣៣ អង្សារសេ ខណៈដែលតំបន់ក្រុងសេអ៊ូលវិញ សីតុណ្ហភាពអាចមានចន្លោះប្រហែល ៣០អង្សារសេ ក្នុងអំឡុងពេលចុងសប្តាហ៍នេះ។ បើគិតពីសីតុណ្ហភាពជាមធ្យមប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានចន្លោះប្រហែល៣០អង្សារ ហើយអាចឡើងខ្លាំងដល់ជាង ៣៣អង្សារសេតាមតំបន់ ដោយសារតែសំណើមក្នុងបរិយាកាសខ្លាំង។

ក្រៅពីរលកកម្តៅ ក៏នឹងអាចមានភ្លៀងធ្លាក់រប៉ាត់រប៉ាយតាមតំបន់ផងដែរ ដោយសារតែស្ថានភាពបរិយាកាសនៅពីលើប្រទេសកូរ៉េខាងត្បូង។ ដូចនេះបងប្អូនខ្មែរយើង ជាពិសេសអ្នកដែលធ្វើការនៅតាមតំបន់នានាដែលអជ្ញាធរកូរ៉េខាងត្បូងជូនដំណឹងនេះ គួររៀបត្រៀមខ្លួនចំពោះរលកកម្តៅ ជាពិសេសត្រូវផឹកទឹកឱ្យបានច្រើនក្នុងពេលធ្វើការនៅហាលថ្ងៃជាដើម ហើយត្រូវប្រុងប្រយ័ត្នក្នុងករណីមិនស្រួលខ្លួនណាមួយដោយសារតែធ្វើការក្រោមថ្ងៃក្តៅខ្លាំងយូរនោះ។

Leave a Reply

Your email address will not be published. Required fields are marked *