កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃសុក្រ ទី៩ កក្កដា ២០២១នេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើងដល់តួលេខច្រើនបំផុតជាកំណត់ត្រាថ្មីទៀតហើយ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែលវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលគេប្រកាសនៅថ្ងៃសុក្រនេះមានដល់ ១៣១៦ករណី ជាតួលេខច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់នោះ ហើយក៏ខ្ពស់ជាងតួលេខឆ្លងពីម្សិលមិញដែលមានត្រឹម ១២៧៥ករណីផងដែរ។ តួលេខនេះក៏ជាលើកដំបូងផងដែរ ដែលប្រទេសកូរ៉េខាងត្បូងរកឃើញករណីផ្ទុះឆ្លងកូវីដដល់ទៅលើស ១២០០ ករណីចំនួន៣ថ្ងៃជាប់គ្នា។ ក្នុងនោះ ១២៣៦ករណីជាករណីឆ្លងក្នុងស្រុក និង៨០ករណីជាករណីឆ្លងមកពីខាងក្រៅ។
តួលេខនៃអ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដតែ២នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៣៦នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពីខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៨០ករណី ដែលក្នុងនោះ៧១ករណីគឺឆ្លងមកពីអ្នកធ្វើដំណើរចូលពីតំបន់អាស៊ី។
ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគីជាដើម នៅតែជាចំណុចក្តៅនៃការចម្លងមេរោគកូវីដ-១៩ ដោយសម្រាប់ថ្ងៃនេះមានដល់ទៅជាង ៨០%នៃករណីឆ្លងសរុបឯណោះ ភាគច្រើនជាអ្នកមានអាយុពី២០ ទៅ៣០ឆ្នាំដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ។
ឆ្លើយតបទៅនឹងការកើនឡើង និងការឈានដល់រលកទី៤នៃជំងឺកូវីដនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់នឹងត្រូវដាក់ឱ្យស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ហើយ ចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ ដែលមានរយៈពេលអនុវត្ត២សប្តាហ៍។ ក្រោមវិធានការគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតតឹងតែងជាងគេបង្អស់នេះ ការជួបជុំគ្នាឯកជនលើសពីគ្នា២នាក់ឡើងទៅត្រូវបានហាមឃាត់ក្រោយពីម៉ោង ៦ល្ងាចទៅ ការរៀបចំតវ៉ា ធ្វើបាតុកម្មនានាត្រូវបានហាមឃាត់ លើកលែងតែការតវ៉ាដែលមានមនុស្សចូលរួមតែម្នាក់គត់។ ចំណែកឯទីតាំងរោងរៀបអាពាហ៍ពិពាហ៍ និងបុណ្យសពអាចចូលរួមបានតែពីសាច់ញាតិផ្ទាល់តែប៉ុណ្ណោះ រីឯហាងកំសាន្តផឹកស៊ី ដូចជាក្លឹបពេលយប់ នឹងត្រូវបិទដំណើរការទាំងស្រុង ខណៈភោជនីយដ្ឋាននានាតម្រូវឱ្យចូលទទួលទានក្នុងហាងបានត្រឹមតែម៉ោង១០យប់ប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាង ១៤០០ ករណីត្រឹមចុងខែកក្កដានេះ ឬក៏អាចកើនដល់លើស ២១៤០ ករណីឯណោះ ក្នុងករណីដែលស្ថានការណ៍កាន់តែអាក្រក់ ហើយអជ្ញាធរមិនអាចមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងទេនោះ។