កូរ៉េខាងត្បូង៖ ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់នឹងត្រូវដាក់ឱ្យស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ហើយ ជាវិធានការគម្លាតសង្គមតឹងតែងជាងគេបង្អស់ឆ្លើយតបទៅនឹងការបន្តកើនឡើងគំហុកនៃជំងឺកូវីដ-១៩ ថ្មីៗនេះក្នុងតំបន់ទាំងនេះ បើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅព្រឹកថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ការដាក់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ក្រោមវិធានការគម្លាតសង្គមកម្រិត៤នេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ ដែលមានរយៈពេលអនុវត្ត២សប្តាហ៍ ហើយវិធានការនេះត្រូវបានអនុម័តយល់ព្រមក្នុងកិច្ចប្រជុំអន្តរស្ថាប័នរដ្ឋាភិបាលកូរ៉េបន្ទាន់មួយឆ្លើយតបទៅនឹងស្ថានការណ៍កូវីដដែលកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសនេះ នេះបើតាមការបញ្ជាក់ផ្ទាល់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។
ក្រោមវិធានការគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតតឹងតែងជាងគេបង្អស់នេះ ការជួបជុំគ្នាឯកជនលើសពីគ្នា២នាក់ឡើងទៅត្រូវបានហាមឃាត់ក្រោយពីម៉ោង ៦ល្ងាចទៅ ការរៀបចំតវ៉ា ធ្វើបាតុកម្មនានាត្រូវបានហាមឃាត់ លើកលែងតែការតវ៉ាដែលមានមនុស្សចូលរួមតែម្នាក់គត់។ ចំណែកឯទីតាំងរោងរៀបអាពាហ៍ពិពាហ៍ និងបុណ្យសពអាចចូលរួមបានតែពីសាច់ញាតិផ្ទាល់តែប៉ុណ្ណោះ រីឯហាងកំសាន្តផឹកស៊ី ដូចជាក្លឹបពេលយប់ នឹងត្រូវបិទដំណើរការទាំងស្រុង ខណៈភោជនីយដ្ឋាននានាតម្រូវឱ្យចូលទទួលទានក្នុងហាងបានត្រឹមតែម៉ោង១០យប់ប៉ុណ្ណោះ។
ក្នុងនោះដែរ សម្រាប់តំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នេះ វិធានការលើកលែងនានាលើកទឹកចិត្តសម្រាប់អ្នកចាក់វ៉ាក់សាំងរួចដូចជាការមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ និងការមកជួបជុំឯកជនបានដោយគេលើកលែងមិនរាប់ចំនួនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដរួច ក៏ត្រូវផ្អាកអនុវត្តសិនដែរ ទំរាំមានការជូនដំណឹងថ្មីទៀត។ លោកនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់ប្រជុំជនធំៗទាំងនេះ ការអនុវត្តវិធានការការពារមេរោគកូវីដឈានដល់ដំណាក់កាលខ្ពស់ និងចុងក្រោយគេហើយ ដូចនេះលោកទទូចឱ្យប្រជាជនទាំងអស់នៅតំបន់ទាំងនេះប្រយ័ត្ន និងចូលរួមអនុវត្តវិធានការដែលបានដាក់ចេញនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីអជ្ញាធរអាចទប់ស្កាត់បញ្ហាចម្លងកូវីដរាលដាលដ៏ខ្លាំងក្លារយៈពេលចុងក្រោយនេះ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាង ១៤០០ ករណីត្រឹមចុងខែកក្កដានេះ ឬក៏អាចកើនដល់លើស ២១៤០ ករណីឯណោះ ក្នុងករណីដែលស្ថានការណ៍កាន់តែអាក្រក់ ហើយអជ្ញាធរមិនអាចមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងទេនោះ។ តែលោកស្រីក៏បានបញ្ជាក់ពីការព្យាករណ៍វិជ្ជមានផងដែរថា ក្នុងករណីដែលអជ្ញាធរមានវិធានការ និងអនុវត្តទៅមានប្រសិទ្ធភាពក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីទប់ស្កាត់ប្រភពចម្លង នោះចំនួនតួលេខឆ្លងនឹងធ្លាក់ចុះវិញផងដែរ ហើយក្នុងនោះប្រសិនបើដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តិទៅតាមការគ្រោងទុក និងមានប្រសិទ្ធភាពខ្ពស់នោះ រួមជាមួយនឹងការចូលរួមអនវុត្តវិធានការគម្លាតសង្គមនានាឱ្យបានម៉ត់ចត់ពីសំណាក់ប្រជាជនទាំងអស់គ្នានោះ តួលេខឆ្លងថ្មីនឹងអាចកាន់តែធ្លាក់ចុះខ្លាំងមែនទែនត្រឹមចុងខែកញ្ញាខាងមុខ ដែលជាសញ្ញាល្អសម្រាប់ស្ថានភាពកូវីដក្នុងប្រទេសកូរ៉េខាងត្បូង។