កូរ៉េខាងត្បូង៖ ករណីស្ត្រីអ្នកធ្វើអនាម័យកូរ៉េខាងត្បូងម្នាក់ ធ្វើការនៅសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) ដែលបានបាត់បង់ជីវិតថ្មីៗនេះ នៅកន្លែងការងារកាលពីចុងខែមុននេះ កំពូងក្លាយជាបញ្ហាក្តៅ ហើយត្រូវបានក្រុមសហជីពតំណាងកម្មករកូរ៉េខាងត្បូង ដាក់ការចោទប្រកាន់ទៅលើប្រធានផ្នែកអនាម័យនៃសាកលវិទ្យាល័យនោះដែលតែងតែធ្វើបាប សង្កត់សង្កិនបុគ្គលិកក្រោមបង្គាប់កន្លងមក។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងករណីនេះគឺស្រ្តីអ្នកធ្វើអនាម័យម្នាក់អាយុ៥០ឆ្នាំជាង កាលពីថ្ងៃទី២៦ មិថុនា ២០២១កន្លងទៅ ត្រូវបានគេរកឃើញថាបាត់បង់ជីវិតនៅក្នុងបន្ទប់បុគ្គលិកក្នុងអាគារអន្តេវាសិកដ្ឋានរបស់សាកលវិទ្យាល័យ កន្លែងដែលគាត់ធ្វើការរាល់ថ្ងៃ តែប៉ូលីសសើបអង្កេតរកមិនឃើញការជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្ម ឬការធ្វើអត្តឃាតនោះទេ។
យ៉ាងណាមិញ សម្រាប់ករណីនេះ ក្រុមសហជីពតំណាងបុគ្គលិកមួយ ដែលជាសមាជិកនៃសហព័ន្ធសហជីពពាណិជ្ជកម្មនៅកូរ៉េខាងត្បូង (Korean Confederation of Trade Unions) បានអះអាងថាក្នុងករណីនេះ គឺប្រធានផ្នែកអនាម័យរបស់សាកលវិទ្យាល័យនោះដែលទើបនឹងឡើងមកកាន់តំណែងថ្មី កន្លងមកបានប្រើប្រាស់អំណាចរបស់ខ្លួនលើសដែនកំណត់ចំពោះបុគ្គលិកផ្នែកអនាម័យក្រោមបង្គាប់ ដែលជាការដាក់បន្ទុក និងសម្ពាធការងារបន្ថែមលើបុគ្គលិក ទាំងដែលស្ថានភាពការងាររបស់ពួកគេក្នុងការងារផ្នែកអនាម័យនោះមានស្ថានភាពអាក្រក់ស្រាប់ទៅហើយនោះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្នីសីទកាសែតមួយនៅនឹងទីតាំងសាកលវិទ្យាល័យនោះ ក្រុមតំណាងសហជីពបានបញ្ជាក់ថា ស្រ្តីអ្នកអនាម័យរូបនោះមានការនឿយហត់ខ្លាំង និងមានអាការៈស្រ្តេសដោយសារតែការធ្វើបាបនៅកន្លែងការងារពីសំណាក់ប្រធានរបស់ខ្លួននេះឯង ដែលតែងតែបញ្ជា និងដាក់របៀបធ្វើការងារដូចទៅនឹងបន្ទាយទាហាន និងប្រើប្រាស់បុគ្គលិកហួសដែនកំណត់។ ក្រុមតំណាងសហជីពបានលើកឡើងលម្អិតពីបែបបទការងារហួសកំណត់របស់ប្រធានផ្នែកអនាម័យនោះដូចជា ការតម្រូវឱ្យបុគ្គលិកទាំងអស់មកជួបប្រជុំរៀងរាល់ថ្ងៃពុធ ហើយបង្ខំឱ្យរាល់បុគ្គលិកអនាម័យត្រូវស្លៀកពាក់ឱ្យបានស្អាតបាត ខណៈបុគ្គលិកស្រ្តីត្រូវតែងខ្លួនឱ្យស្អាតដូចទៅចូលរួមកម្មវិធីទៅវិញ ហើយក្នុងពេលប្រជុំនោះបុគ្គលិកអនាម័យណាដែលភ្លេចយកប៊ិច និងសៀវភៅមកកត់ត្រា គឺនឹងត្រូវប្រធានរូបនេះវាយតម្លៃការងារមិនល្អនៅចុងខែជាដើម។
ក្រៅពីនោះទៀត ប្រធានរូបនេះតម្រូវឱ្យបុគ្គលិកអនាម័យទាំងអស់ធ្វើតេស្តសរសេរអំពីចំណេះដឹងទូទៅ ដែលមិនមានអ្វីពាក់ព័ន្ធទាល់តែសោះទៅនឹងការងាររបស់បុគ្គលិកអនាម័យ។ សំនួរដែលត្រូវប្រឡងសរសេរនោះមានដូចជា រៀបរាប់ពីឈ្មោះអាគារ ប្រវត្តិអាគារនៅក្នុងសាកលវិទ្យាល័យជាដើម ដែលជាព័ត៌មាន និងចំណេះដឹងមិនចាំបាច់សម្រាប់ការងាររបស់ពួកគេ។ អ្នកដែលធ្វើមិនបានល្អ ឆ្លើយសំនួរខុសនឹងត្រូវប្រធានរូបនេះធ្វើការតិះទៀនរិះគន់ មើលងាយក្នុងចំណោមបុគ្គលិកដទៃទៀត ដែលជាអំពើមិនសមហេតុផលទាល់តែសោះ បើតាមការបញ្ជាក់ពីតំណាងក្រុមសហជីពកម្មករដែលតវ៉ានេះ។

ក្នុងនោះដែរ បរិយកាសការងារ និងការធ្វើការលើសកំណត់ក៏ជាបញ្ហាដែរ ដោយសារតែបុគ្គលិកអនាម័យដែលបានបាត់បង់ជីវិតនោះ ត្រូវធ្វើការនៅអាគារកំពស់៤ជាន់ ដោយមិនមានជណ្តើរយន្ត ហើយត្រូវលើកថង់សម្រាមធំៗ និងឥវ៉ាន់ប្រើប្រាស់ដទៃទៀតឡើងចុះៗជាង ៧ ទៅ ៨ដងជារៀងរាល់ថ្ងៃដោយដៃផ្ទាល់។ បើតាមការចុះផ្សាយពីមូលហេតុនៃការបាត់បង់ជីវិតក្នុងករណីស្រ្តីអ្នកធ្វើអនាម័យរូបនេះ គឺដោយសារតែបញ្ហាធ្វើការងារលើសកំណត់នេះតែម្តង។ ចំពោះករណីនេះដែរ ក្រុមសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ SNU នេះបានស្នើឱ្យគណៈគ្រប់គ្រងដាក់ចេញវិធានការណាឱ្យបានសមស្របក្នុងការបង្ការ និងចៀសវាងមិនឱ្យមានករណីបែបៗនេះទៀត កើតឡើងនៅពេលខាងមុខ។
ពាក់ព័ន្ធនឹងករណីនេះ ក៏មានការរៀបចំដាក់ញ្ញាត្តិទៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលដាក់ចេញសកម្មភាពទប់ស្កាត់ការជិះជាន់ ធ្វើបាបនៅកន្លែងការងារ ដែលជានិច្ចកាលតែងតែកើតមានឡើង តិច ឬច្រើននៅតាមទីតាំងការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអ្នកខ្លះសឹងលើកឡើងថាការជិះជាន់ ធ្វើបាបនៅកន្លែងការងារពីសំណាក់មេឬប្រធាននៅកន្លែងការងារ សឹងតែជាវប្បធម៌ការងារនៅក្នុងប្រទេសកូរ៉េទៅហើយ។
