កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញមកបញ្ជាក់ហើយថា ស្ថានការណ៍កូវីដសព្វថ្ងៃដែលកើនឡើងគំហុកនេះ បើមិនមានវិធានការឆ្លើយតបឱ្យបានជោគជ័យទេ នៅចុងខែកក្កដានេះ តួលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃនឹងឡើងលើសដល់២០០០ករណីឯណោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាង ១៤០០ ករណីត្រឹមចុងខែកក្កដានេះ ឬក៏អាចកើនដល់លើស ២១៤០ ករណីឯណោះ ក្នុងករណីដែលស្ថានការណ៍កាន់តែអាក្រក់ ហើយអជ្ញាធរមិនអាចមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងទេនោះ។
យ៉ាងណាមិញ លោកស្រីក៏បានបញ្ជាក់ពីការព្យាករណ៍វិជ្ជមានផងដែរថា ក្នុងករណីដែលអជ្ញាធរមានវិធានការ និងអនុវត្តទៅមានប្រសិទ្ធភាពក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីទប់ស្កាត់ប្រភពចម្លង នោះចំនួនតួលេខឆ្លងនឹងធ្លាក់ចុះវិញផងដែរ ហើយក្នុងនោះប្រសិនបើដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តិទៅតាមការគ្រោងទុក និងមានប្រសិទ្ធភាពខ្ពស់នោះ រួមជាមួយនឹងការចូលរួមអនវុត្តវិធានការគម្លាតសង្គមនានាឱ្យបានម៉ត់ចត់ពីសំណាក់ប្រជាជនទាំងអស់គ្នានោះ តួលេខឆ្លងថ្មីនឹងអាចកាន់តែធ្លាក់ចុះខ្លាំងមែនទែនត្រឹមចុងខែកញ្ញាខាងមុខ ដែលជាសញ្ញាល្អសម្រាប់ស្ថានភាពកូវីដក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាមផែនការ ត្រឹមចុងខែកញ្ញានេះ អជ្ញាធរកូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនឱ្យបានដល់ទៅ ៣៦លាននាក់ឯណោះ ខណៈដែលគិតត្រឹមដើមខែកក្កដានេះ មានមនុស្សជាង ១៥.៤៤លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេស។
ក្នុងនោះដែរ លោកស្រីប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ ក៏បានបញ្ជាក់ពីមូលហេតុដែលអាចរួមចំណែកដល់ការកើនឡើងករណីឆ្លងដ៏ច្រើនក្នុងពេលប៉ុន្មានថ្ងៃនេះដែរ គឺដោយសារតែចំនួនអ្នកបានមកធ្វើតេស្តកូវីដបានកើនឡើងដល់ជាង ៥០% ក្នុងរយៈពេលប៉ុន្មានថ្ងៃតាំងពីសប្តាហ៍មុនមក ហើយអជ្ញាធរក៏កំពុងតាមពិនិត្យមើលប្រភពនៃការចម្លងកាន់តែតឹងរ៉ឹងជាងមុនផងដែរ ស្របពេលដែលក្តីបារម្ភពីការផ្ទុះឆ្លងចូលរលកទី៤នៃកូវីដ កាន់តែមានច្រើនឡើង។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ តួលេខនៃករណីឆ្លងថ្មីកើនដល់ ១២៧៥ ជាតួលេខច្រើនបំផុតក្នុងប្រវត្តិសាស្រ្តនៃជំងឺកូវីដតាំងពីបានឆ្លងចូលមកប្រទេសកូរ៉េខាងត្បូង ខណៈកាលពីថ្ងៃពុធមានដល់១២១២ករណីផងដែរ ខណៈដែលប៉ុន្មានថ្ងៃមុនៗនេះមានប្រហែលក្បែរមួយពាន់ករណីជាបន្តបន្ទាប់ផងដែរ។ ជាមួយនឹងតួលេខកើនឡើងខ្លាំងនេះ រដ្ឋាភិបាលកូរ៉េនឹងប្រកាសពីការអនុវត្តវិធានការគម្លាតសង្គមថ្មី ដើម្បីឆ្លើយតបនឹងការកើនករណីឆ្លងនេះ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីក្រុមក្រសួងស្ថាប័នជំនាញជួបប្រជុំគ្នារួចរាល់។