ហេតុអ្វីរើសអើងមិនផ្តល់ប្រាក់ឧបត្ថម្ភកូវីដ ឱ្យកូនៗរបស់ជនបរទេស ! ស្ថាប័នសិទ្ធមនុស្សកូរ៉េចោទសួរបែបនេះ ទៅកាន់ក្រសួងសុខាភិបាលកូរ៉េ ថាជាអំពើរើសអើង

កូរ៉េខាងត្បូង៖ «ហេតុអ្វីបានជាក្មេងតូចៗថ្នាក់មត្តេយ្យដែលមិនមានសញ្ជាតិកូរ៉េ ត្រូវគេរើសអើងក្នុងការមិនផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េសម្រាប់ដោះស្រាយសម្រាប់បញ្ហាកូវីដ?» នេះជាការលើកឡើងចោទសួររបស់ក្រុមឃ្លាំមើលសិទ្ធមនុស្សកូរ៉េ ទៅកាន់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

គណៈកម្មការសិទ្ធមនុស្សជាតិកូរ៉េខាងត្បូងបានលើកការចោទសួរបែបនេះទៅកាន់ក្រសួងសុខាភិបាលកូរ៉េ ដែលកាលពីឆ្នាំទៅបានអនុវត្តនូវគោលនយោបាយរើសអើងក្នុងការបែងចែកកញ្ចប់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េសម្រាប់ដោះស្រាយសម្រាប់បញ្ហាកូវីដ ជូនសម្រាប់សិស្សតូចៗរៀនថ្នាក់មត្តេយ្យ ដែលពេលនោះក្រសួងបានដកឈ្មោះកូនសិស្សថ្នាក់មត្តេយ្យណាដែលមិនមានសញ្ជាតិកូរ៉េចេញមិនទទួលបាននូវការឧបត្ថម្ភប្រាក់នោះ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញកញ្ចប់ថវិកាជួយទំនុកបម្រុងដល់បណ្តាសិស្សថ្នាក់មតេ្តយ្យ និងថ្នាក់បឋមសិក្សាដែលត្រូវចាប់ផ្តើមរៀនតាមអនឡាញ ដោយសារតែបញ្ហាកូវីដ។ កញ្ចប់ថវិកាឧបត្ថម្ភនោះមាន ២០ម៉ឺនវ៉ុន (ប្រមាណ ១៧៥ដុល្លារ) សម្រាប់សិស្សម្នាក់ដោយអជ្ញាធរផ្តល់ជូនតាមឪពុកម្តាយរបស់កុមារ។ សម្រាប់សិស្សថ្នាក់បឋមសិក្សា គឺត្រូវទទួលខុសត្រូវក្នុងការចែកប្រាក់ឧបត្ថម្ភដោយក្រសួងអប់រំ រីឯសិស្សថ្នាក់មតេ្តយ្យវិញត្រូវទទួលខុសត្រូវបែងចែកដោយក្រសួងសុខាភិបាល។

ក្នុងការអនុវត្តជាក់ស្តែង ក្រសួងអប់រំបានធ្វើការបែងចែកប្រាក់តាមការកំណត់ជូនដល់សិស្សបឋមគ្រប់ៗរូប មានទាំងកូនសិស្សដែលមិនមានសញ្ជាតិកូរ៉េខាងត្បូង តែសម្រាប់សិស្សថ្នាក់មត្តេយ្យដែលក្រសួងសុខាភិបាលកូរ៉េចែកវិញ គេឃើញថាសិស្សដែលមិនមែនជាជនជាតិកូរ៉េមិនត្រូវបានទទួលប្រាក់ឧបត្ថម្ភនេះនោះទេ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកូរ៉េនៅពេលនោះ កូនសិស្សដែលមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភនេះ គឺមិនមានលក្ខខណ្ឌកំណត់នោះទេ មានន័យថាទាំងកូនសិស្សជនជាតិកូរ៉េ សញ្ជាតិបរទេស កូនកាត់កូរ៉េ និងកូនរបស់ជនភៀសខ្លួនស្នាក់នៅប្រទេសកូរ៉េ សុទ្ធតែមានសិទ្ធទទួលបានស្មើៗគ្នា តែជាក់ស្តែងគឺមានការបែងចែកមិនផ្តល់ឱ្យកូនសិស្សជាជនបរទេសនោះទេ ដែលផ្ទុយទៅនឹងការប្រកាស និងច្បាប់ដែលបានកំណត់។

ស្ថាប័នឃ្លាំមើលសិទ្ធមនុស្សបានលើកឡើងថា នៅក្រោមរដ្ឋធម្មនុញ្ញកូរ៉េ ច្បាប់សិទ្ធកុមារ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ការអនុវត្តមិនស្មើភាពគ្នាចំពោះកុមារបរទេស ផ្ទុយពីកុមារជាតិសាសន៍របស់ខ្លួនជាទំរង់មួយនៃការរើសអើង ដូចនេះ គ្មានហេតុផលណាដែលកុមារថ្នាក់បឋមសិក្សាជាជនបរទេសអាចទទួលបានការឧបត្ថម្ភ តែចំណែកឯកុមារតូចៗថ្នាក់មតេ្តយ្យបែរជាមិនអាចទទួលបានការឧបត្ថម្ភនេះទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *