ការចរចាប្រាក់ឈ្នួលអប្បបរមានៅកូរ៉េ ឆ្នាំ២០២២ មិនទាន់មានផ្លែផ្កា! ក្រុមតំណាងកម្មករស្នើតំឡើងដល់ជាង២០% តែក្រុមថៅកែសុំតម្លើងត្រឹម ០.២% ដោយសារតែ …

កូរ៉េខាងត្បូង៖ ដំណើរការចរចាប្រាក់ឈ្នួលការងារអប្បបរមាសម្រាប់ឆ្នាំ២០២២នៅកូរ៉េខាងត្បូង បន្តនៅថ្ងៃព្រហស្បត្តិ៍នេះ តែលទ្ធផលនៃការចរចាហាក់មិនទាន់ត្រូវរ៉ូវគ្នាខ្លាំងនោះទេ ដោយតំណាងខាងថៅកែ និងតំណាងខាងកម្មករនៅតែមានគោលជំហរខុសគ្នាខ្លាំងលើការកំណត់ប្រាក់ឈ្នួលការងារអប្បបរមាសម្រាប់ឆ្នាំក្រោយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងជំនួបចរចាចុងក្រោយគេនេះ គណៈកម្មការកំណត់ប្រាក់ឈ្នួលអប្បរមាកូរ៉េខាងត្បូង ដែលមានសមាសភាពចូលរួមពីត្រីភាគី មាន៩រូបពីតំណាងនៃអជ្ញាធរផ្នែកពលករ, ក្រុមអ្នកគ្រប់គ្រងឬថៅកែ និងសាធារណជនទូទៅ បានបន្តចរចាលើគោលជំហររបស់ក្រុមខ្លួនរៀងៗខ្លួន ដើម្បីឈានដល់ការសម្រេចបានតួលេខជាក់លាក់សម្រាប់ប្រាក់ឈ្នួលការងារអប្បបរមាសម្រាប់ឆ្នាំ២០២២ខាងមុខ តែគេឃើញថារវាងសំណើលើកឡើងដោយក្រុមតំណាងកម្មករ និងសំណើលើកឡើងដោយក្រុមតំណាងថៅកែនៅតែខុសគ្នាច្រើនដដែល។

តាមការចរចារសៀលនេះ ក្រុមតំណាងកម្មករបានបញ្ចុះសំណើរបស់ខ្លួនពីលើកមុនដែលបានស្នើប្រាក់ឈ្នួលការងារអប្បបរមា ១០,៨០០ វ៉ុន (ប្រមាណ៩.៥៣ដុល្លារ) ក្នុងមួយម៉ោង មកនៅត្រឹមតែ ១០,៤៤០វ៉ុន (ប្រមាណ ៩.១១ដុល្លារ) ក្នុងមួយម៉ោងវិញ កើនឡើងធៀបនឹងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះចំនួន ១៩.៧% ខណៈដែលក្រុមតំណាងឱ្យថៅកែបានបង្កើនតួលេខសំណើរបស់ខ្លួនតែបន្តិចដែរឡើងដល់ ៨,៧៤០វ៉ុនវិញ កើនឡើងធៀបនឹងប្រាក់ឈ្នួលឆ្នាំនេះត្រឹមតែ ០.២% ដែលកាលពីមុនគោលជំហររបស់ខ្លួនគឺមិនតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២តែម្តង។ ការចរចានោះមានសភាពក្តៅគគុកដោយសារក្រុមតំណាងពលករដល់ទៅ ៤នាក់ បានសម្រេចចិត្តដើរចេញពីបន្ទប់ប្រជុំតែម្តងក្រោយពីបានលឺសំណើលើកឡើងមកដោយភាគីថៅកែ ដែលតម្លើងប្រាក់ឈ្នួលតិចតួចមែនទែន។

បើតាមតួលេខនៃសំណើរបស់ក្រុមតំណាងពលករ សម្រាប់ឆ្នាំក្រោយប្រាក់ឈ្នួលប្រចាំខែអប្បបរមានឹងកើនដល់ ២.១៧លានវ៉ុន រីឯតួលេខនៃសំណើរបស់ក្រុមតំណាងថៅកែវិញ សម្រាប់ឆ្នាំក្រោយប្រាក់ឈ្នួលប្រចាំខែអប្បបរមានឹងកើនដល់ ១.៨១លានវ៉ុនប៉ុណ្ណោះ។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ តួលេខប្រាក់ឈ្នួលប្រចាំខែអប្បបរមានៅកូរ៉េខាងត្បូងគឺ ៨,៧២៩វ៉ុន ក្នុងមួយម៉ោង។

ក្រុមតំណាងកម្មករបានលើកឡើងថាក្នុងបរិការណ៍ជំងឺកូវីដនេះ បុគ្គលិក កម្មករទូទាំងប្រទេសសុទ្ធតែជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច និងជីវភាព ហើយចំណូលគឺមានការប៉ះពាល់យ៉ាងខ្លាំងដែលនេះហើយនាំឱ្យមានការកើនឡើងនៃអសមភាពចំណូលក្នុងសង្គម ដែលជាហេតុផលក្នុងទាមទារតម្លើងប្រាក់ឈ្នួលច្រើនបែបនេះ។ ចំណែកឯភាគីតំណាងក្រុមហ៊ុន ម្ចាស់ទីតាំងការងារលើកឡើងថាម្ចាស់អាជីវកម្មសឹងទាំងអស់សុទ្ធតែរងគ្រោះដូចគ្នាពីបញ្ហាកូវីដ ហើយខ្លះរកស៊ីខាតអស់ជាច្រើន ខណៈខ្លះទៀតនៅជាប់បំណុលយ៉ាងច្រើនផងដែរ ដែលជាហេតុផលនាំឱ្យខ្លួនទាមទារតម្លើងប្រាក់ឈ្នួលនេះកម្រិតតិចតួចបែបនេះ។

សូមបញ្ជាក់ថា គណៈកម្មការចរចាប្រាក់ឈ្នួលនេះ នឹងត្រូវចរចាគ្នាដើម្បីសម្រេចបានតួលេខផ្លូវការនៃប្រាក់ឈ្នួលការងារអប្បបរមាសម្រាប់ឆ្នាំ២០២២ ឱ្យបានត្រឹមថ្ងៃទី ៥ ខែសីហា ២០២១នេះ។ ការចរចាជុំបន្ទាប់គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលអ្នកវិភាគមួយចំនួនលើកឡើងថា ការចរចានេះទំនងជានឹងអាចសម្រេចបានលទ្ធផលស្រុះស្រួលគ្នានៅសប្តាហ៍ក្រោយនេះហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *