ដំណឹងល្អ! សាកលវិទ្យាល័យ Oxford អង់គ្លេស ប្រកាសចាប់ធ្វើតេស្តសាកល្បង វ៉ាក់សាំងបង្ការជំងឺអេដស៍ហើយ គ្រោងបានលទ្ធផលល្អឆ្នាំ២០២២ខាងមុខ

ចក្រភពអង់គ្លេស៖ សាកលវិទ្យាល័យដ៏ល្បីនៅអង់គ្លេស (The University of Oxford) បានចាប់ផ្តើមដំណាក់កាលតេស្តសាកល្បងកម្រិតដំបូងសម្រាប់បេក្ខភាពវ៉ាក់សាំងប្រឆាំងមេរោគហ៊ីវនៅក្នុងប្រទេសអង់គ្លេសហើយនៅថ្ងៃចន្ទសប្តាហ៍នេះ បើតាមការបញ្ជាក់ក្នងគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ។

តាមរយៈការបញ្ជាក់ក្នុងគេហទំព័រផ្លូវការនេះ បានឱ្យដឹងថាគោលបំណងនៃការដាក់ឱ្យតេស្តសាកល្បងបេក្ខភាពវ៉ាក់សាំងប្រឆាំងមេរោគហ៊ីវ នៃជំងឺអេដស៍ (HIV-CORE 0052) នេះ គឺដើម្បីវាយតម្លៃទៅលើសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការការពារនូវមេរោគហ៊ីវ ដែលជាភ្នាក់ងារក្នុងការចម្លងជំងឺអេដស៍នេះ។ វ៉ាក់សាំងប្រឆាំងជំងឺអេដស៍ដែលផលិតដោយសាកលវិទ្យាល័យ Oxford នេះមានឈ្មោះថា HIVconsvX vaccine ដែលជាប្រភេទវ៉ាក់សាំងអាចការពារបបានប្រភេទបម្លែងខ្លួនច្រើនប្រភេទនៃមេរោគ​ HIV-1 ធ្វើឱ្យវ៉ាក់សាំងនេះមានអាចមានប្រសិទ្ធភាពការពារប្រឆាំងនឹងប្រភេទមេរោគហ៊ីវបម្លែងខ្លួនផ្សេងៗគ្នានៅគ្រប់ទីកន្លែងទូទាំងពិភពលោក។

ក្នុងការធ្វើតេស្តសាកល្បងដំណាក់ដំបូងបង្អស់នេះ នឹងមានមនុស្សពេញវ័យ១៣ ដែលមានសុខភាពល្អ និងគ្មានជំងឺអេដស៍ និងជាអ្នកដែលមិនមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគអេដស៍នេះ ដែលពួកគេនឹងត្រូវទទួលវ៉ាក់សាំងការពារមេរោគហ៊ីវនេះ១ដូសដំបូង និងត្រូវទទួលចាក់វ៉ាក់សាំងនេះ ១ដូសបន្ថែមទៀតក្នុងរយពេល ៤សប្តាហ៍បន្ទាប់។

សាស្រ្តាចារ្យ Tomáš Hanke ដែលជាអ្នកដឹកនាំក្នុងគម្រោងស្រាវជ្រាវវ៉ាក់សាំងប្រឆាំងមេរោគហ៊ីវនេះ បានលើកឡើងថាវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគអេដស៍នេះ កន្លងមកជាង៤០ឆ្នាំហើយដែលមិនទាន់មាននរណាអាចរកឃើញ ដូចនេះការសាកល្បងធ្វើតេស្តវ៉ាក់សាំងថ្ងៃនេះ នឹងជាដំណាក់កាលដំបូងក្នុងការស្រាវជ្រាវជាបន្តបន្ទាប់ដើម្បីឈានទៅវ៉ាក់សាំងដែលមានប្រសិទ្ធភាពអាចការពារជំងឺនេះបាន។ ផែនការជាបន្តបន្ទាប់គឺនឹងធ្វើយ៉ាងណាស្វែងរកវ៉ាក់សាំងបង្ការសម្រាប់អ្នកដែលមិនទាន់មានជំងឺអេដស៍ និងស្វែងរកថ្នាំព្យាបាលសម្រាប់អ្នកដែលបានឆ្លងជំងឺអេដស៍រួចហើយ។

កន្លងមក បេក្ខភាពនៃវ៉ាក់សាំងសម្រាប់ការពារជំងឺអេដស៍ គឺត្រូវផលិតដោយប្រើប្រាស់វិធីសាស្រ្តបង្កើតជាអង់ទីករពីសំណាក់ B-cells តែសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺអេដស៍របស់សាកលវិទ្យាល័យ Oxford នេះវិញគឺប្រើប្រាស់វិធីសាស្រ្តបង្កើតអង់ទីករតាមបែប T-cells វិញដោយមានលក្ខណៈបច្ចេកទេសស៊ីជម្រៅពន្យល់នៅក្នុងគេហទំព័រផ្ទាល់។ សម្រាប់វិធីសាស្រ្តក្នុងការការពារ និងបង្ការជំងឺអេដស៍ដែលមានអនុវត្តបច្ចុប្បន្នគឺ មានតែការបង្ការតាមរយៈសកម្មភាពរបស់មនុស្សប៉ុណ្ណោះ ដូចជាការការពារជាមួយដៃគូ ការកាត់ចុងស្បែកលឹង្គ និងវិធីសាស្រ្តណែនាំដទៃទៀតដែលយើងសឹងគ្រប់ៗគ្នាបានដឹង បានលឺកន្លងមក តែសម្រាប់វិធីសាស្រ្តបង្ការដោយវ៉ាក់សាំងតាមបែបវេជ្ជសាស្រ្តគឺនៅតែមិនទាន់មាននោះទេ។

តាមរយៈការដាក់ចេញការចាប់ផ្តើមដំណាក់កាលតេស្តសាកល្បងកម្រិតដំបូងនេះ គេគ្រោងថានឹងអាចប្រមូលលទ្ធផលយកមកធ្វើការវាយតម្លៃបានពីប្រសិទ្ធភាពនៃ HIV-CORE 0052 បានត្រឹមខែកុម្ភៈ ឆ្នាំ២០២២ក្រោយនេះ ហើយគេក៏គ្រោងនឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺអេដស៍នេះដែរសម្រាប់ទីតាំងផ្សេងទៀតដូចជានៅអឺរ៉ុប អាហ្វ្រិក និងនៅអាមេ៉រិក។

 

 

Leave a Reply

Your email address will not be published. Required fields are marked *