កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចង់រុញដាក់ចេញគោលការណ៍ក្នុងការផ្តល់ចេញទិដ្ឋាការ F-2 សម្រាប់ជនបរទេសណាដែលមានជំនាញបច្ចេកទេសខ្លាំង សម្រាប់ជាវិធានការឆ្លើយតបទៅនឹងបញ្ហាថយចុះនៃចំនួនប្រជាជនកូរ៉េ និងដើម្បីរក្សាធនធានអ្នកជំនាញបន្តធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ថែម នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កូរ់េខាងត្បូងនៅថ្ងៃពុធនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានប្រកាសផែនការនេះ ដែលជាលទ្ធផលនៃការពិភាក្សាគ្នាក្នុងកិច្ចប្រជុំអន្តរក្រសួងដល់ទៅ១២ផ្សេងទៀត ក្នុងការដាក់ចេញពង្រីកវិសាលភាពផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែង ឬអចិន្ត្រៃយ៍សម្រាប់ជនបរទេសដែលមានជំនាញអាជីពខ្លាំងពូកែ ជាពិសេសជំនាញក្នុងវិស័យឧស្សាហកម្មជាអាទិភាពរបស់កូរ៉េខាងត្បូងដែលកំពុងមានតម្រូវការអ្នកជំនាញខ្លាំងនោះ។ យ៉ាងណាដែរ ផែនការនេះ គឺនៅជាគំនិតនៅលើក្រដាស និងការពិភាក្សាសិនប៉ុណ្ណោះ ដែលក្រសួងជំនាញនឹងធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន មុននឹងធ្វើការប្រកាសផ្លូវការនាពេលក្រោយ។
សូមបញ្ជាក់ថា ជាគោលការណ៍ទូទៅ ទិដ្ឋាការ F-2 នៅក្នុងប្រទេសកូរ៉េខាងត្បូងជាទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលវែង ដែលសម្រាប់ការអនុវត្តបច្ចុប្បន្នអាចមានប្រភេទវីសារ F-2-1 សម្រាប់ជនបរទេសដែលរៀបការជាមួយជនជាតិកូរ៉េ វីសារ F-2-2 សម្រាប់កូនមិនទាន់គ្រប់អាយុរបស់ជនជាតិកូរ៉េដែលរៀបការជាមួយជនបរទេស វីសារ F-2-3 សម្រាប់ជនបរទេសដែលរៀបការជាមួយនឹងអ្នកដែលមានសិទ្ធស្នាក់នៅអចិន្ត្រៃយ៍នៅកូរ៉េដែលកាន់ទិដ្ឋាការ F-5 និងប្រភេទវីសារដទៃទៀតដែលស្ថិតក្រោមជំពូកធំនៃទិដ្ឋាការ F-2 នេះ។ ដូចនេះ ផែនការថ្មីដែលរដ្ឋាភិបាលកូរ៉េពិភាក្សានេះ នឹងបើកផ្លូវសម្រាប់ការផ្តល់វីសារ F-2 នេះឱ្យបានកាន់តែច្រើន និងទូលាយសម្រាប់ជនបរទេសជាអ្នកជំនាញការអាជីពនានា ទៅតាមវិស័យអាចមកធ្វើការ និងស្នាក់នៅរយៈពេលវែងក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងនោះដែរ ក្រសួងជំនាញក៏បានពិភាក្សាលើការគ្រោងបង្កើតទិដ្ឋាការប្រភេទថ្មីសម្រាប់ជនបរទេសដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យាអាយធី (IT) អាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ និងបរិយាកាសការងារដោយបត់បែនជាងមុន ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយសារបញ្ហាកូវីដនេះផងដែរ។ ទិដ្ឋាការថ្មីនេះ ទំនងជាផ្តល់ដើម្បីលើកទឹកចិត្តឱ្យអ្នកជំនាញអាយធីទូទាំងពិភពលោក ចាប់អារម្មណ៍ក្នុងការមកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង តែព័ត៌មានលម្អិតស្តីពីទិដ្ឋាការប្រភេទថ្មីនេះ មិនទាន់ត្រូវបានគេដឹងលម្អិតនោះទេ។
ក្រសួងជំនាញក៏គ្រោងនឹងពង្រីកបន្ថែមចំនួនពលករជំនាញតាមរយៈប្រព័ន្ធគិតពិន្ទុអោយសំរាប់ប្តូរវីសារផងដែរ។ ក្រោមប្រព័ន្ធប្តូរពិន្ទុនេះ ពលករបរទេសកាន់វីសារ E-9 ដែលធ្វើការស្របច្បាប់ក្នុងប្រទេសកូរ៉េបានយ៉ាងតិច៥ឆ្នាំ អ្នកកាន់វីសារ E-10 ដែលជានាវិកដើរតាមកប៉ាល់ ឬអ្នកកាន់វីសារ H-2 ដែលមកធ្វើការ និងស្នាក់នៅកូរ៉េ អាចធ្វើការស្នើសុំប្តូរវីសារ E-7-4 តាមរយៈការសន្សំពិន្ទុទៅតាមលក្ខខណ្ឌផ្សេងៗដែលរដ្ឋាភិបាលកូរ៉េកំណត់។ គិតមកដល់បច្ចុប្បន្ននេះ មានមនុស្ស ១២៥០នាក់ហើយដែលបានកាន់វីសារ E-7-4 នេះ ហើយក្រសួងជំនាញកូរ៉េគ្រោងនឹងបង្កើនការផ្តល់ចេញទិដ្ឋាការ E-7-4 នេះឱ្យបានដល់ ២០០០នាក់ សម្រាប់ឆ្នាំ២០២៥ខាងមុខ។