ហានិភ័យហើយ! ថ្ងៃនេះកូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដថ្មី ច្រើនខ្លាំងជាងគេបង្អស់ក្នុងរយៈពេល ២ឆ្នាំជាងមកនេះ ហើយជាង៨០% ចេញមកពីសេអ៊ូល

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៨ កក្កដា ២០២១នេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើងដល់តួលេខច្រើនបំផុតជាកំណត់ត្រាហើយក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលអជ្ញាធរកំពុងព្រមានកាន់តែខ្លាំងឡើងពីការផ្ទុះចាប់ផ្តើមនៃរលកទី៤នៃជំងឺកូវីដក្នុងប្រទេសកូរ៉េខាងត្បូងហើយ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ ដែលគេប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះមានដល់ ១២៧៥ករណី ជាតួលេខច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់នោះ។ តួលេខនេះក៏ជាលើកដំបូងផងដែរ ដែលប្រទេសកូរ៉េខាងត្បូងរកឃើញករណីផ្ទុះឆ្លងកូវីដដល់ទៅលើស ១២០០ ករណីចំនួន២ថ្ងៃជាប់គ្នា ដែលម្សិលមិញនេះមានករណីឆ្លងកូវីដចំនួន ១២១២ករណីផងដែរ ក្នុងនោះ ១២២៧ករណីជាករណីឆ្លងក្នុងស្រុក និង៤៨ករណីជាករណីឆ្លងមកពីខាងក្រៅ។

តួលេខនៃអ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដតែម្នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៣៤នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពីខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៤៨ករណី ដែលក្នុងនោះ៤៣ករណីគឺឆ្លងមកពីអ្នកធ្វើដំណើរចូលពីតំបន់អាស៊ី។

សម្រាប់ករណីឆ្លងក្នុងស្រុកដល់ទៅ ១២២៧ករណីវិញ គឺមានដល់ទៅ៨០% មានប្រភពមកពីទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគីជាដើម ហើយគេរកឃើញករណីឆ្លងជាចង្កោមបន្តបន្ទាប់ក្នុងចំណោមទីតាំងនានាដូចជាសាលាបង្រៀនគួរ កន្លែងហាងលក់ទំនិញ ភោជនីយដ្ឋាន ក្រុមហ៊ុនជាដើម ដែលជាមូលហេតុនាំឱ្យមានការផ្ទុះឆ្លងយ៉ាងច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលក្នុងនោះក៏គេរកឃើញការកើនឡើងគំហុកនៃករណីកូវីដបម្លែងខ្លួនថ្មី ដែលតាផងដែរ។

ឆ្លើយតបទៅនឹងការកើនឡើង និងការឈានដល់រលកទី៤នៃជំងឺកូវីដនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមដាក់វិធានការធំៗ ដើម្បីទប់ស្កាត់ជាបន្តបន្ទាប់វិញហើយ ដែលមានន័យថាការអនុវត្តវិធានការគម្លាតសង្គមនឹងកាន់តែមានភាពតឹងរ៉ឹងជាងមុនឡើងវិញហើយ។ លោកប្រធានាធិបតីកូរ៉េ បានប្រកាសឱ្យកម្លាំងប៉ូលីស ទាហាន និងមន្ត្រីរាជការសហការគ្នាក្នុងការដោះស្រាយធ្វើតេស្តកូវីដ និងការតាមដានរកប្រភពបន្តបន្ទាប់នៃការឆ្លងមេរោគនេះ។ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសហើយនៅថ្ងៃពុធនេះ នឹងបន្តការអនុវត្តវិធានការគម្លាតសង្គមនៅសេអ៊ូល គឺការហាមឃាត់មិនឱ្យមានការជួបជុំគ្នាជាឯកជនលើសពី ៥នាក់ និងហាមឃាត់មិនឱ្យមានហាងរកស៊ីនានាបើកទទួលភ្ញៀវពីម៉ោង១០យប់ទៅ នឹងនៅបន្តរយៈពេលមួយសប្តាហ៍បន្ថែមទៀត គឺដល់ថ្ងៃទី១៤ កក្កដា ២០២១ខាងមុខវិញ។

សម្រាប់ការធ្វើដំណើរសាធារណៈវិញ អភិបាលក្រុងសេអ៊ូលក៏បានប្រកាសដាក់ចេញវិធានការកាត់បន្ថយម៉ោងដំណើរការមកខ្លីជាងមុនមួយរយៈ ទាំងរថយន្តក្រុងសាធារណៈ និងរថភ្លើងក្រោមដី។ អភិបាលក្រុងសេអ៊ូលក៏អំពាវនាវឱ្យម្ចាស់ហាង និងបុគ្គលិកធ្វើការនៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ខារ៉ាអូខេ សាលារៀនគួរ នានាក្នុងក្រុងសេអ៊ូលនាំគ្នាធ្វើតេស្តកូវីដរហ័សដោយខ្លួនឯងឱ្យបានច្រើន ហើយអជ្ញាធរក៏នឹងគ្រោងបង្កើនទីតាំងសម្រាប់ធ្វើតេស្តកូវីដជូនប្រជាជនក្នុងក្រុងសេអ៊ូលដែលឥឡូវមានត្រឹម ២៦ ឱ្យឡើងដល់៥១កន្លែងឆាប់ៗខាងមុខនេះ។ បើតាមការបញ្ជាក់របស់អជ្ញាធរ សម្រាប់សេអ៊ូល ប្រសិនបើមានចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ដូចបច្ចុប្បន្ននេះបន្តទៀត នោះសេអ៊ូលអាចធ្លាក់ដល់វិធានការគម្លាតសង្គមកម្រិតក្រហមចុងក្រោយគេ គឺកម្រិត៤ហើយ ដែលមានន័យថាវិធានាការគម្លាតសង្គមទាំងអស់នឹងកើនឡើងកាន់តែតឹងតែងជាងគេបង្អស់។

 

Leave a Reply

Your email address will not be published. Required fields are marked *