មិនគួរឱ្យជឿ! នៅសេអ៊ូលបងបង្កើតត្រូវគេសង្ស័យថា រៀបចំផែនការដាក់ថ្នាំ ទំលាក់ចោលប្អូនសតិមិនគ្រប់ រហូតដល់លង់ទឹក ដើម្បីតែកេរមរតកជាង ៤លានដុល្លារ

កូរ៉េខាងត្បូង៖ សមត្ថកិច្ច និងរដ្ឋអជ្ញាកូរ៉េខាងត្បូងបានប្រកាសបង្ហាញមុខបុរសម្នាក់ជាប់ចោទពីបទសង្ស័យបញ្រ្ចកថ្នាំងងុយដេកឱ្យប្អូនប្រុសបង្កើតរប​ស់ខ្លួន ដែលមានសតិមិនគ្រប់ ហើយបានដឹកយកទៅបោះបង់ចោលកណ្តាលផ្លូវដោយចេតនា ដែលនាំឱ្យក្រោយមកប៉ូលីសរកឃើញសពប្អូនប្រុសរងគ្រោះនោះនៅក្នុងទឹកទន្លេបាត់ទៅហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News ជាព័ត៌មានក្តៅបង្កជាការខឹងសម្បារយ៉ាងខ្លាំង។

បើតាមការបញ្ជាក់របស់ប៉ូលីសក្រុងសេអ៊ូល ដែលបានស៊ើបអង្កេតលើករណីនេះ បានឱ្យដឹងថាជនល្មើសដែលជាបងប្រុសនេះ គេឱ្យស្គាល់ឈ្មោះថា លី អាយុ៤០ឆ្នាំ ហើយចំណែកប្អូនប្រុសដែលមានសតិមិនគ្រប់រស់នៅជាមួយគ្នានោះ ឈ្មោះថា A អាយុ៣៨ឆ្នាំ។ បើតាមដំណើរសាច់រឿងដែលសមត្ថកិច្ចបានរ៉ាយរ៉ាប់នោះគឺ ដំបូងឡើងនៅយប់ថ្ងៃទី២៨ មិថុនា ២០២១កន្លងទៅ ជនល្មើសជាបងប្រុសនេះបានទៅរាយការណ៍ប្រាប់ប៉ូលីសថា មិនឃើញប្អូនខ្លួនដែលសតិមិនគ្រប់នោះមកផ្ទះវិញសោះ ម៉ោងជាង២:៥០នាទីយប់ទៅហើយ ក្រោយពីប្អូនប្រុសនោះបានចេញទៅមើលកុននៅថ្ងៃដែលបាត់ខ្លួននោះ។ ប៉ូលីសក្រោយពីបានទទួលការរាយការណ៍នេះហើយ ក៏បានចាប់ផ្តើមបើកស៊ើបអង្កេតលើករណីនេះ ដោយស្តាប់ទៅតាមដំណើររៀបរាប់សាច់រឿងបាត់ខ្លួនពីបងប្រុស ដែលជាអ្នកមកប្តឹងផ្ទាល់ ហើយនិងពិនិត្យតាមកាំមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសង្ស័យពាក់ព័ន្ធនានា។

ក្រោយពីបានឆែកមើលតាមទីតាំងនានាក្នុងកាំមេរ៉ាសុវត្ថិភាពរួចមក គេរកឃើញកង់របស់ប្អូនប្រុសនោះចតចោលនៅនឹងស្ថានីយ៍រថភ្លើងនៅ អ៊ុលជីរូ (Euljiro Station) នៅសេអ៊ូលដែលស្ថិតនៅឆ្ងាយពីទីតាំងមើលកុន ខុសពីអ្វីដែលបងប្រុសបានមករាយការណ៍និងបញ្ជាក់ប្រាប់ប៉ូលីស។ ក្រោយមកតាមរយៈការស៊ើបអង្កេតបន្តបន្ទាប់ សមត្ថកិច្ចរកឃើញថានៅថ្ងៃដែលប្អូនប្រុសនោះបាត់ខ្លួន គឺក្រោយពីបានចេញពីកន្លែងរោងភាពយន្ត គឺបានទៅក្នុងឡានជាមួយនឹងបងប្រុសនោះឯង ហើយឈ្មោះលី ដែលជាបងប្រុសនោះក៏បានជិះឡាននោះទៅឈប់នៅក្បែរប្រឡាយមាត់ទឹកនៅហ្គូរី ខេត្តឃ្យ៉ុងគី Wangsukcheon Stream តែគេមិនបានដឹងថាមានរឿងអ្វីកើតឡើងនៅពេលនោះទេ តែក្រោយបន្តិចមកទៀត គេឃើញបងប្រុសឈ្មោះលី នេះបានប្តូរទៅជិះឡានមួយទៀត ដោយត្រូវបានចាប់ជាប់ក្នុងកាំមេរ៉ាសុវត្ថិភាព ហើយពេលនោះហើយដែលបងប្រុសនេះ ក្រោយមកបានរាយការណ៍ថាលែងបានឃើញប្អូនប្រុសខ្លួនរហូតមកទៀត។

ដោយសមត្ថកិច្ចរកឃើញដំណើររឿងបែបនេះហើយ ទើបព្រឹកថ្ងៃបន្ទាប់ភ្លាមបានឃាត់ខ្លួនបុរសជាបងនោះមកសួរចម្លើយបន្ថែម ហើយក្រោយមកទៀតក៏បានប្រទះរកឃើញសពប្អូនប្រុសសតិមិនគ្រប់នោះ នៅក្នុងទន្លេហាន អណ្តែតមកនៅក្បែរស្ពានហ្គាងដុង (Gangdong Bridge) ទៅហើយ។ ជាមួយនឹងការស៊ើបបន្តបន្ទាប់ទៀត បូកជាមួយនឹងការពិនិត្យកោសល្យវិច្ច័យគេដឹងថា ប្អូនប្រុសរូបនោះនៅពេលកើតហេតុគឺបានផឹកថ្នាំងងុយដេកជាច្រើនគ្រាប់ ដែលប៉ូលីសសន្និដ្ឋានថាជាទង្វើរបស់បងប្រុសឈ្មោះលីនោះ ដោយនៅមុនពេលកើតហេតុបានឱ្យប្អូនប្រុសខ្លួនផឹកថ្នាំលើសចំណុះ ហើយក៏ទុកចោលបណ្តាលឱ្យដល់បាត់បង់ជីវិតបែបនេះ។ តាមការពិនិត្យកំណត់ត្រាទូរស័ព្ទរបស់បងប្រុសនេះ គេរកឃើញទិន្នន័យស្វែងរកព័ត៌មានជាច្រើនពីថ្នាំងងុយដេកផងដែរ ដែលស៊ីសង្វាក់ទៅនឹងហេតុការណ៍ដែលកើតជាក់ស្តែងនេះតែម្តង។

សូមបញ្ជាក់ថា បើតាមប្រវត្តិគ្រួសារនេះ គឺបងប្អូនទាំងពីរនេះមានកេរមរតកយ៉ាងច្រើន ដល់ទៅជាង ៤ពាន់លានវ៉ុន ពីឪពុកម្តាយរបស់ខ្លួនដែលបានលាចាកលោកតាំងពីប៉ុន្មានឆ្នាំកន្លងមកនោះ ហើយថ្មីៗចុងក្រោយនេះ បងប្រុសឈ្មោះលីនេះ ក៏បានមានការជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់លើការបែងចែកទ្រព្យសម្បត្តិនេះផងដែរ ជាមួយនឹងប្អូនប្រុសខ្លួនដែលមានសតិមិនគ្រប់នេះ ដែលប្អូនប្រុសនេះមានពូរបស់ខ្លួនជាតំណាងផ្លូវច្បាប់។

យ៉ាងណាមិញ សមត្ថកិច្ចកំពុងពិចារណាលើការសើរើករណីនេះរហូតដល់ពេលដែលឪពុកម្តាយរបស់បងប្អូនទាំងពីរនេះដែលបានលាចាកលោកពី ៤ឆ្នាំមុន ដែលអ្វីគួរឱ្យកត់សម្គាល់គឺពួកគេលាចាកលោកក្នុងរយៈពេលខុសគ្នាតែមួយថ្ងៃប៉ុណ្ណោះ ដែលគេអាចដាក់បន្ទុកសង្ស័យបន្ថែមទៅលើបងប្រុសដែលជាជនសង្ស័យនេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *