ចែករំលែក! ផ្ទុះកូវីដខ្លាំងប៉ុន្មានថ្ងៃនេះ អជ្ញាធរក្រុងសេអ៊ូល និងឃ្យ៉ុងគីបានដាក់ចេញវិធានការ ៥ធំៗនេះភ្លាមៗ រឹតបន្តឹងគម្លាតសង្គម និងដើម្បីការពារកូវីដ

កូរ៉េខាងត្បូង៖ ចូលមកដល់ខែកក្កដា ដែលគេរំពឹងថានឹងចាប់ផ្តើមមានការបន្ធូរបន្ថយវិធានការគម្លាតសង្គមកាន់តែច្រើនជាងមុននោះ ត្រឹមមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែករណីឆ្លងកូវីដវិជ្ជមានថ្មីនៅកូរ៉េខាងត្បូងកើនឡើងជាបន្តបន្ទាប់ច្រើនមែនទែន រហូតឡើងដល់ ១២១២ ករណីកាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលតួលេខឆ្លងថ្មីនៅថ្ងៃព្រហស្បត្តិ៍នេះក៏ក្បែរៗគ្នានេះដែរ។

ជាមួយនឹងការបន្តកើនឡើងយ៉ាងគំហុកនេះ អជ្ញាធរសុខាភិបាលចាប់ផ្តើមដាក់ចេញការព្រមានហើយពីការផ្ទុះរលកថ្មីនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលកន្លងមកកូរ៉េខាងត្បូងធ្លាប់រងគ្រោះដោយរលកធំៗនៃជំងឺកូវីដ-១៩ បានបីដងរួចមកហើយ។ ជាមួយនឹងហានិភ័យប្រឈមដ៏ធំនេះ តំបន់ដែលឆ្លងមានតួលេខច្រើនជាងគេគឺតំបន់សេអ៊ូល និងប្រជុំជនធំៗជុំវិញមានខេត្តឃ្យ៉ុងគីជាដើម ហើយអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមដាក់វិធានការធំៗ ដើម្បីទប់ស្កាត់ជាបន្តបន្ទាប់វិញហើយ ដែលមានន័យថាការអនុវត្តវិធានការគម្លាតសង្គមនឹងកាន់តែមានភាពតឹងរ៉ឹងជាងមុនឡើងវិញហើយ។

ឆ្លើយតបទៅនឹងការកើនឡើងខ្លាំងនៃករណីវិជ្ជមានកូវីដនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសហើយនៅថ្ងៃពុធនេះ នឹងបន្តការអនុវត្តវិធានការគម្លាតសង្គមនៅសេអ៊ូល គឺការហាមឃាត់មិនឱ្យមានការជួបជុំគ្នាជាឯកជនលើសពី ៥នាក់ និងហាមឃាត់មិនឱ្យមានហាងរកស៊ីនានាបើកទទួលភ្ញៀវពីម៉ោង១០យប់ទៅ នឹងនៅបន្តរយៈពេលមួយសប្តាហ៍បន្ថែមទៀត គឺដល់ថ្ងៃទី១៤ កក្កដា ២០២១ខាងមុខវិញ ក្រោយពីវិធានការនេះត្រូវបានអជ្ញាធរកន្លងមកប្រកាសអនុវត្តបណ្តោះអាសន្នមួយសប្តាហ៍កន្លងមករាប់ពីថ្ងៃទី១ កក្កដា ២០២១មកនោះ។ ចាប់ពីយប់ថ្ងៃអង្គារនេះមក ក្រុងសេអ៊ូលក៏បានចាប់ផ្តើមផាកពិន័យអ្នកដែលល្មើសបម្រាមហាមជួបជុំផឹកស៊ីនៅតាមសួនច្បារនានាក្នុងក្រុង ពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹកផងដែរ។

សម្រាប់ការធ្វើដំណើរសាធារណៈវិញ អភិបាលក្រុងសេអ៊ូលក៏បានប្រកាសដាក់ចេញវិធានការកាត់បន្ថយម៉ោងដំណើរការមកខ្លីជាងមុនមួយរយៈ ទាំងរថយន្តក្រុងសាធារណៈ និងរថភ្លើងក្រោមដី។ បើតាមការប្រកាស រថយន្តក្រុងសាធារណៈនៅសេអ៊ូលនឹងត្រូវកាត់បន្ថយម៉ោងរត់ចាប់ពីថ្ងៃព្រហស្បត្តិ៍នេះទៅ ខណៈរថភ្លើងក្រោមដីនៅសេអ៊ូល នឹងត្រូវកាត់បន្ថយម៉ោងរត់ពីថ្ងៃសុក្រស្អែកទៅ។ សម្រាប់មធ្យោបាយទាំងពីរនេះនៅសេអ៊ូល នឹងត្រូវកាត់បន្ថយដល់ ២០% នៃជើងរត់ទាំងអស់ សម្រាប់ពីម៉ោង១០យប់ឡើងទៅ។

ក្នុងនោះដែរ អភិបាលក្រុងសេអ៊ូលក៏អំពាវនាវឱ្យម្ចាស់ហាង និងបុគ្គលិកធ្វើការនៅតាមហាងកាហ្វេ ភោជនីយដ្ឋាន ខារ៉ាអូខេ សាលារៀនគួរ នានាក្នុងក្រុងសេអ៊ូលនាំគ្នាធ្វើតេស្តកូវីដរហ័សដោយខ្លួនឯងឱ្យបានច្រើន ហើយអជ្ញាធរក៏នឹងគ្រោងបង្កើនទីតាំងសម្រាប់ធ្វើតេស្តកូវីដជូនប្រជាជនក្នុងក្រុងសេអ៊ូលដែលឥឡូវមានត្រឹម ២៦ ឱ្យឡើងដល់៥១កន្លែងឆាប់ៗខាងមុខនេះ ខណៈដែលចំនួនអ្នកឆ្លង និងប៉ះពាល់ហានិភ័យពីកូវីដនៅសេអ៊ូលបន្តកើនឡើងច្រើនរៀងរាល់ថ្ងៃ។ បើតាមការបញ្ជាក់របស់អជ្ញាធរ សម្រាប់សេអ៊ូល ប្រសិនបើមានចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ដូចបច្ចុប្បន្ននេះបន្តទៀត នោះសេអ៊ូលអាចធ្លាក់ដល់វិធានការគម្លាតសង្គមកម្រិតក្រហមចុងក្រោយគេ គឺកម្រិត៤ហើយ ដែលមានន័យថាវិធានាការគម្លាតសង្គមទាំងអស់នឹងកើនឡើងកាន់តែតឹងតែងជាងគេបង្អស់។

សម្រាប់ខេត្តឃ្យ៉ុងគីវិញ អជ្ញាធរសុខាភិបាលប្រកាសថាចាប់ពីសប្តាហ៍ក្រោយទៅ នឹងចុះទៅពិនិត្យតាមទីតាំងកន្លែងការងារដែលមានបុគ្គលិកលើសពី៥០នាក់ឡើងទៅ ដើម្បីឱ្យពួកគេធ្វើតេស្តកូវីដ ហើយអជ្ញាធរឃ្យ៉ុងគីក៏គ្រោងនឹងធ្វើការផ្តល់ជូនឧបករណ៍ធ្វើតេស្តកូវីដរហ័សទៅតាមកន្លែងការងារដឹកជញ្ជូន និងក្រុមហ៊ុនកន្លែងការងារដទៃទៀតដែលមានបុគ្គលិក ឬពលករបរទេសធ្វើការផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *