បារម្ភខ្លាំងពីការថយចុះកំណើនប្រជាជន កូរ៉េខាងត្បូងគ្រោងសម្រួលលើបញ្ហាមួយនេះ ដើម្បីជម្រុញស្រ្តីជាម្តាយមានកូនតូចៗ អាចវិលចូលធ្វើការឱ្យពេញលេញ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងដាក់ចេញនូវផែនការគោលនយោបាយថ្មី ពង្រីកវិសាលភាពបន្ថែមលើសេវាថែទាំកុមារ ដើម្បីជាវិធានការជួយបន្ថែមទៅលើប្រជាជនកូរ៉េខាងត្បូង ជាពិសេសស្រ្តីជាម្តាយឱ្យមានឱកាសកាន់តែបានច្រើន អាចចូលបំពេញការងារ ធ្វើការប្រចាំថ្ងៃបានវិញ បើទោះជាមានកូនតូចៗក៏ដោយ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េខាងត្បូង លោក ហុង ណាមគី បានលើកឡើងថាផែនការថ្មីរបស់រដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពបន្ថែមលើសេវាថែទាំកុមារ គឺដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៃផ្នែកប្រជាសាស្រ្តរបស់កូរ៉េ ជាក់ស្តែងគឺបញ្ហាកំណើនប្រជាជនថយចុះ និងបញ្ហាក្រុមអាយុវ័យចំណាស់កាន់តែច្រើនឡើង ធៀបទៅនឹងកម្លាំងពលកម្មសកម្មក្នុងប្រទេស។ «បញ្ហាថយចុះកម្លាំងពលកម្ម ធៀបទៅនឹងកម្លាំងពលកម្មក្នុងតំបន់ រួមជាមួយនឹងបន្ទុកចំនាយរ៉ាប់រងសង្គមសម្រាប់ប្រជាជនចាស់ៗកាន់តែច្រើនក្នុងប្រទេស នឹងធ្វើឱ្យស្ថានភាពសង្គម និងសេដ្ឋកិច្ចកូរ៉េខាងត្បូងប៉ះពាល់នាពេលខាងមុខ» ដូចនេះហើយទើបរដ្ឋាភិបាលកូរ់េខាងត្បូង ត្រូវងាកមកពង្រឹងលើសេវាកម្មថែទាំងកុមារ ក្នុងគោលបំណងយ៉ាងណាដើម្បីកុំឱ្យស្រ្តីជាម្តាយមានបញ្ហាលំបាកត្រូវតែឈប់ពីការងាររាប់ខែ រាប់ឆ្នាំដើម្បីនៅមើលថែកូនតូចៗ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី។

ក្នុងសង្គមកូរ៉េខាងត្បូងបច្ចុប្បន្ន គេសង្កេតឃើញថាភាគច្រើនស្រ្តីជាម្តាយដែលមានកូនហើយ ច្រើនតែឈប់ពីការងារដើម្បីនៅផ្ទះមើលថែកូនតូចៗ ជាពិសេសក្នុងអំឡុងពេលដែលមានបញ្ហាកូវីដនេះទៀត ដោយសារតែកូនតូចៗជាច្រើនត្រូវរៀនតាមប្រព័ន្ធអនឡាញ ហើយបរិការណ៍កូវីដនេះក៏នាំឱ្យមានការលំបាកក្នុងការជួលរកអ្នកមើលថែទាំងកូនក្មេងផងដែរ។

បើគេមើលទៅតាមទំនោរប្រជាសាស្រ្តកូរ៉េខាងត្បូងដែលមានការវិវត្តតាមទំនោរដូចសព្វថ្ងៃនេះ ត្រឹមឆ្នាំ ២០៣០ ដល់ ២០៤០ កូរ៉េខាងត្បូងនឹងឈានចូលដល់បញ្ហាកាន់តែធំលើផ្នែកប្រជាសាស្រ្តនេះ ដោយកំណើនប្រជាជនបន្តថយចុះខ្លាំង ខណៈប្រជាជនវ័យចំណាស់កាន់តែកើនឡើងខ្លាំងដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គមកូរ៉េខាងត្បូងខ្លាំង។ សម្រាប់ឆ្នាំ២០២០ជាងនេះ គេរំពឹងថាក្រុមមនុស្សពេញវ័យនៅកូរ៉េខាងត្បូង ដែលអាចធ្វើការបានពេញលេញ នឹងបន្តថយចុះបន្តបន្ទាប់ជាមធ្យម ៣៣ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយសារតែចំនួនប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង ឈានចូលដល់វ័យចំណាស់ អាយុលើសពី៦៥ឡើងទៅ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល។

ក្នុងនោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថាប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើនចំនួនទិដ្ឋាការ F-2 ផ្តល់បន្ថែមជូនជនបរទេសដែលមានជំនាញអាចមកធ្វើការងារ និងស្នាក់នៅក្នុងរយៈពេលវែង នៅប្រទេសកូរ៉េខាងត្បូងសម្រាប់វិស័យណាដែលមានសក្តានុពល។

 

Leave a Reply

Your email address will not be published. Required fields are marked *