កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃទី៥ កក្កដា ២០២១នេះ ដែលជាថ្ងៃទី៥ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តការកំណត់លើកលែងចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលមកកូរ៉េខាងត្បូង ពីក្រៅប្រទេសនេះ មានអ្នកធ្វើដំណើរជាង ៤ពាន់នាក់ហើយ ដែលត្រូវទទួលបានការលើកលែង និងអាចធ្វើដំណើរចូលមកកូរ៉េខាងត្បូងមិនបាច់ធ្វើចត្តាឡីស័កនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ដែលជា៥ថ្ងៃដំបូងនៃការអនុវត្តវិធានការលើកលែងចត្តាឡីស័កនេះ មានអ្នកធ្វើដំណើរមកពីក្រៅប្រទេសដល់ទៅ៤០៣៤នាក់ហើយ ដែលទទួលបានការអនុញ្ញាត និងមានឯកសារអនុញ្ញាតពីអជ្ញាធរកូរ៉េ សម្រាប់លើកលែងមិនបាច់ធ្វើចត្តាឡីស័កពេលចូលដល់ប្រទេសកូរ៉េខាងត្បូង។
ក្នុងចំណោមអ្នកទទួលបានការអនុញ្ញាតឱ្យរួចផុតការធ្វើចត្តាឡីស័កនេះ ភាគច្រើនសឹងទាំងអស់ដល់ ៣៩៤៣នាក់ ទទួលបានការអនុញ្ញាតក្រោមហេតុផលធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូងដើម្បីមកលេងគ្រួសារផ្ទាល់នៅកូរ៉េ ហើយក្នុងនោះក៏មាន ៥៩នាក់ ទទួលបានការអនុញ្ញាតដើម្បីមកចូលរួមពិធីបុណ្យសពនៅកូរ៉េ ខណៈ ២៧នាក់ទៀតទទួលបានការអនុញ្ញាតសម្រាប់ការមកធ្វើធុរកិច្ចរកស៊ីសំខាន់នៅក្នុងប្រទេសកូរ៉េ។ ក្រៅពីនោះដែរ ក៏មានអ្នកធ្វើដំណើរ ៨៦០ នាក់ផ្សេងទៀត ដែលមិនទាន់មានចាក់វ៉ាក់សាំងកូវីដរួចរាល់ផងនោះ បានទទួលបានការលើកលែងពិសេសមិនធ្វើចត្តាឡីស័កនេះដែរ ក្រោមហេតុផលសំខាន់ៗផ្សេងៗ រួមទាំងការមកចូលរួមបុណ្យសពរបស់សាច់ញាតិជិតស្និទ្ធនៅកូរ៉េផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ កក្កដា ២០២១មក រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការបន្ធូរបន្ថយថ្មីនេះ ដោយលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនោះទេ បើទោះជាសញ្ជាតិណាក៏ដោយ តែត្រូវក្រោមលក្ខខណ្ឌធំៗ ៤យ៉ាងខាងក្រោមនេះ៖
ទី១ អ្នកដែលធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងគឺ ត្រូវជាវ៉ាក់សាំងទាំងឡាយណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់។ សូមបញ្ជាក់វ៉ាក់សាំងកូវីដដែលបានទទួលស្គាល់ដោយអង្គការ WHO មកដល់បច្ចុប្បន្នមានវ៉ាក់សាំង AstraZeneca និង Covishield , វ៉ាក់សាំង Pfizer, វ៉ាក់សាំង Janssen វ៉ាក់សាំង Sinopharm-BBIBP, វ៉ាក់សាំង Moderna, វ៉ាក់សាំង Sinovac។
ទី២គឺ អ្នកដែលបានចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ហើយរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងដូសចុងក្រោយ និងពេលចូលមកដល់ប្រទេសកូរ៉េត្រូវមានគម្លាត១៤ថ្ងៃ ឬ២សប្តាហ៍ពេញយ៉ាងតិច។
ទី៣ ការលើកលែងនេះថ្វីត្បិតផ្តល់ឱ្យគ្រប់សញ្ជាតិទាំងអស់ដែលចូលមកកូរ៉េខាងត្បូង តែត្រូវកំណត់អាទិភាពសម្រាប់តែគោលបំណងធ្វើដំណើរមួយចំនួនសិនប៉ុណ្ណោះ ដូចជាការធ្វើធុរកិច្ច(រកស៊ី)សំខាន់ ការសិក្សា ឬកិច្ចការស្រាវជ្រាវ ការងារជាផលប្រយោជន៍សាធារណៈ និងកិច្ចការមនុស្សធម៌ ឬក៏ជាការធ្វើដំណើរមកលេងគ្រួសារផ្ទាល់នៅក្នុងប្រទេសកូរ៉េ។
ទី៤ អ្នកដែលមកពីប្រទេសដែលមានការផ្ទុះករណីកូវីដខ្លាំង ឬមានករណីមេរោគបម្លែងខ្លួនច្រើននឹងមិនត្រូវអនុញ្ញាតឱ្យទទួលបានការលើកលែងធ្វើចត្តាឡីស័កនោះទេ។ ប្រទេសដែលហាមឃាត់មានដូចជាប្រទេសឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ឥណ្ឌា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសតង់ហ្សានៀ ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្គីណេអេក្វាទ័រ ប្រទេសឈីលី ប្រទេសប៉ារ៉ាហ្គាយ ប្រទេសអ៊ុយរ៉ុយហ្គាយ ប្រទេសកូឡំប៊ី ប្រទេសអាហ្សង់ទីន និងប្រទេសម៉ាល់តា។ យ៉ាងណាមិញ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់ផងដែរ។