អូស្រ្តាលី៖ ខណៈដែលសឹងគ្រប់ប្រទេសលើពិភពលោកកំពុងឈឺក្បាលនឹងមេរោគកូវីដបម្លែងខ្លួនប្រភេទថ្មីដែលតា (Delta Strain) ដែលមានសមត្ថភាពអាចចម្លងបានខ្លាំងជាងមេរោគកូវីដបម្លែងខ្លួនមុនៗទៀតនោះ ថ្មីៗនេះគេបានរកឃើញវត្តមានមេរោគកូវីដបម្លែងខ្លួនប្រភេទថ្មីចុងក្រោយគេមួយទៀត គឺកូវីដប្រភេទបម្លែងខ្លួនថ្មី ឡាំដា (Lambda strain ឬ C.37) ដែលគិតមកដល់ពេលនេះ គេរកឃើញមានវត្តមានលើ ២៧ប្រទេសហើយ ត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះ។
បើតាមការចុះផ្សាយក្នុងសារព័ត៌មានបរទេសជាច្រើនដូចជា New Zealand Heralds សារព័ត៌មាន Inquirer.net របស់ហ្វីលីពីន និងសារព័ត៌មាន Metro របស់អង់គ្លេស បានឱ្យដឹងថាមេរោគកូវីដប្រភេទបម្លែងខ្លួនថ្មីចុងក្រោយគេនេះ មានឈ្មោះថា ឡាំដា (Lambda strain) ដែលគេសន្និដ្ឋានត្រឹមពេលនេះថាមានវត្តមានដំបូងចេញពីប្រទេសប៉េរូ នៅទ្វីបអាម៉េរិក ហើយគិតមកដល់ពេលនេះ ប្រភេទមេរោគបម្លែងខ្លួនថ្មី ឡាំដា នេះជាភ្នាក់ងារចម្លងមេរោគកូវីដថ្មីក្នុងប្រទេសប៉េរូដល់ទៅ ៨១% នៃចំនួនករណីឆ្លងកូវីដថ្មីក្នុងប្រទេសតាំងពីខែមេសាមក។ មេរោគនេះក៏ត្រូវបានគេរកឃើញថាវាយលុកខ្លាំងក្នុងប្រទេសក្បែរខាងប៉េរូ គឺប្រទេសឈីលីផងដែរ ដែលមានដល់ទៅ១/៣នៃករណីឆ្លងកូវីដឯណោះ។ មេរោគនេះ ក៏ត្រូវបានគេលើកឡើងថាជាមេរោគកូវីដបម្លែងខ្លួនថ្មី ដែលមានអត្រាអាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតខ្លាំងជាងមេរោគបម្លែងខ្លួនដទៃទៀតផងដែរ។
មេរោគប្រភេទថ្មីនេះ ក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅតាមប្រទេសដទៃទៀតដូចជានៅប្រទេសអូស្រ្តាលី គេចាប់រកឃើញមេរោគកូវីដបម្លែងខ្លួនថ្មីនេះក្នុងចំណោមអ្នកធ្វើដំណើរមកពីបរទេស ដែលកំពុងជាប់ចត្តាឡីស័ក១៤ថ្ងៃ តាំងពីខែមេសាមកដែរ ប៉ុន្តែបើតាមការស្រាវជ្រាវជាបន្តបន្ទាប់របស់អជ្ញាធរសុខាភិបាលអូស្រ្តាលីបានឱ្យដឹងថាមេរោគថ្មីនេះ មិនទាន់មានវត្តមានឆ្លងក្នុងប្រទេសអូស្រ្តាលីនៅឡើយទេ។ ក្នុងនោះដែរ មេរោគនេះ ក៏ត្រូវបានគេរកឃើញ ដល់៦ករណីហើយ គិតមកដល់សប្តាហ៍នេះក្នុងចក្រភពអង់គ្លេស ស្របពេលដែលប្រទេសអង់គ្លេសចាប់ផ្តើមបើកឱ្យមានសកម្មភាពសង្គមកាន់តែទូលំទូលាយវិញ ក្រោយប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងជាច្រើនមកហើយនោះ។
លក្ខណៈពិសេសនៃមេរោគកូវីដបម្លែងខ្លួនថ្មី ប្រភេទឡាំដានេះ ត្រូវបានគេសន្និដ្ឋានថាមានសមត្ថភាពកាន់តែខ្លាំងជាងប្រភេទមេរោគកូវីដបម្លែងខ្លួន ដែលតា ដែលកំពុងតែវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះទៅទៀត ដែលហេតុនេះហើយ ដែលអ្នកជំនាញពន្យល់ពីការកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ-១៩ ក្នុងប្រទេសប៉េរូ ដែលក្នុងនោះមានដល់ជាង ៨១% ជាកូវីដបម្លែងខ្លួនឡាំដានេះ ហើយមេរោគថ្មីនេះ គេក៏សន្និដ្ឋានមានភាពគ្រោះថ្នាក់ខ្លាំងមេរោគមុនៗផងដែរ។
បញ្ហាប្រឈមថ្មីសម្រាប់វិស័យសុខាភិបាល គឺមេរោគកូវីដថ្មីនេះ អាចនឹងធ្វើធ្វើឱ្យវ៉ាក់សាំងកូវីដមួយចំនួន កាន់តែថមថយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លង ដោយសារតែការផ្លាស់ប្តូរវត្តមាន និងទំរង់ប្រូតេអ៊ីនរបស់មេរោគកូវីដបម្លែងខ្លួនថ្មីនេះ អាចខ្លាំងជាងអង់ទីករដែលវ៉ាក់សាំងកូវីដអាចផលិតបាន តែយ៉ាងណាប្រសិទ្ធភាព និងលទ្ធផលនៃការពិសោធន៍រវាងមេរោគបម្លែងខ្លួនថ្មីនេះ និងវ៉ាក់សាំងមិនទាន់ត្រូវបានគេពិនិត្យមើល និងចងក្រងព័ត៌មានលម្អិតណាមួយនោះទេ។