កូរ៉េខាងត្បូង៖ នឹងមានការបន្តធ្លាក់ភ្លៀងបន្តទៀតសម្រាប់តាមបណ្តាតំបន់ និងទីក្រុងមួយចំនួននៅភាគខាងត្បូងប្រទេសកូរ៉េ បន្តពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃពុធទៀត នេះបើតាមការប្រកាសរបស់អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃអង្គារ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។
រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានប្រកាសនៅថ្ងៃអង្គារនេះថាតំបន់ភាគខាងត្បូងប្រទេស និងតំបន់ឈុងឈុនខាងត្បូង នឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មិនដាច់ ចាប់ពីយប់ថ្ងៃអង្គារ រហូតដល់ព្រឹកថ្ងៃពុធ។ នៅតាមតំបន់មួយចំនួននៅភាគខាងត្បូង រំពឹងនឹងមានភ្លៀងធ្លាក់កម្ពស់ជាង៥០មីលីម៉ែត្រក្នុងមួយម៉ោង ហើយក្នុងនោះមកជាមួយនឹងភ្លៀងធ្លាក់នេះ ក៏នឹងមានរន្ទះ និងផ្គរលាន់ខ្លាំងផងដែរ បើតាមការប្រកាសរបស់អជ្ញាធរ។ តំបន់ខ្លះទៀតនៅភាគខាងត្បូងប្រទេស លើកលែងផ្នែកខ្លះនៃខេត្តឃ្យ៉ុងសាង នឹងមានភ្លៀងធ្លាក់រាយប៉ាយពី ៥០ ទៅ១៥០មីលីម៉ែត្រ ចន្លោះពីម៉ោង ៤រសៀលថ្ងៃអង្គារនេះទៅ ដល់ល្ងាចថ្ងៃពុធ។
ចំណែកឯតំបន់ឈុងឈុន តំបន់ផ្នែកខ្លះនៃខេត្តឃ្យ៉ុងសាង និងតំបន់ភ្នំនៅលើកោះជេជូនឹងមានភ្លៀងធ្លាក់ដែរ ប្រមាណ៣០ ទៅ៨០មីលីម៉ែត្រ ខណៈតំបន់កោះមួយចំនួនទៀតនឹងមានភ្លៀងបង្អុលធ្លាក់រាយប៉ាយដែរប្រហែល ៣០មីលីមែ៉ត្រដែរ។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ នៅតំបន់ភាគខាងត្បូងបានបង្កជាទឹកជំនន់ជន់លិចផ្ទះសម្បែង វាលស្រែ និងតំបន់ជាច្រើនប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គីសនី និងសេវាកម្មសាធារណៈផ្សេងៗជាច្រើននៅតំបន់ភាគខាងត្បូង។ ប៉ុន្មានថ្ងៃតាំងពីចុងសប្តាហ៍ថ្ងៃសៅរ៍មុនមក អជ្ញាធរកូរ៉េបានជូនដំណឹងជាបន្តបន្ទាប់ថានឹងមានការបង្អុលធ្លាក់ភ្លៀងខ្លាំងនៅដើមសប្តាហ៍នេះ ហើយកាលពីថ្ងៃចន្ទម្សិលមិញក៏មានការជូនដំណឹងព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសនេះផងដែរ ហើយនៅប៉ុន្មានថ្ងៃបន្ទាប់នេះក៏នឹងមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ផងដែរ។ អជ្ញាធរកូរ៉េនៅតែបន្តជូនដំណឹងឱ្យប្រជាជនអ្នកនៅតំបន់ភាគខាងត្បូងប្រទេស និងតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសអ្នកដែលនៅក្បែរប្រភពទឹក និងតំបន់ភ្នំ ដោយសារហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់អាចកើតឡើងភ្លាមៗមួយរំពេចផងដែរ។