ឆ្លងច្រើនណាស់! ត្រឹមម៉ោង ៦ល្ងាចថ្ងៃអង្គារនេះ កូរ៉េខាងត្បូងរកឃើញកូវីដថ្មីលើស ១០០០ ករណីហើយ នឹងបន្តកើនទៀត អាចជាសញ្ញានៃរលកកូវីដធំទី៤ នៅកូរ៉េហើយ

កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃអង្គារនេះ កូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានកូវីដថ្មីលើស១០០០នាក់ទៅហើយ ជាតួលេខដែលលើសដល់ពាន់នាក់ជាលើកដំបូងក្នុងរយៈពេល ៦ខែជាងចុងក្រោយនេះ ដែលក្នុងនោះភាគច្រើនរកឃើញនៅតំបន់ក្រុងសេអ៊ូល និងក្រុងធំៗជុំវិញ នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គិតពីម៉ោង ០០ ព្រឹកថ្ងៃអង្គារ ដល់ម៉ោង៦ល្ងាច (ម៉ោងក្នុងស្រុកកូរ៉េ) ថ្ងៃអង្គារនេះ គេរកឃើញករណីវិជ្ជមានកូវីដថ្មីកើនដល់ ១០០៦ ករណីហើយ ហើយតួលេខរំពឹងនឹងបន្តកើនបន្ថែមទៀតនៅក្នុងប៉ុន្មានម៉ោងបន្ទាប់នេះ ដែលតួលេខផ្លូវការប្រចាំថ្ងៃនេះ នឹងត្រូវបូកសរុបដើម្បីប្រកាសនៅថ្ងៃស្អែកនេះ។ តួលេខដែលរកឃើញលើស ១០០០ ករណីនេះ ជាលើកដំបូងហើយដែលករណីកូវីដថ្មីកើនដល់ ៤ខ្ទង់ គឺចាប់តាំងពីថ្ងៃទី៣ ខែមករា ២០២១នេះមក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខឆ្លងកូវីដថ្មីក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចន្លោះ ៧០០ ដល់ ៨០០ជាងជាប់ៗគ្នារហូតមក តែសម្រាប់ថ្ងៃនេះដែលតួលេខបន្តកើនឡើងខ្លាំងដូចនេះ នាំឱ្យគេមានការព្រួយបារម្ភថាកូរ៉េខាងត្បូងកំពុងឈានជើងចូលទៅក្នុងរលកទី៤ នៃជំងឺកូវីដនេះទៀតហើយ ក្រោយពីបានធូរស្បើយមួយរយៈកន្លងមកនោះ និងចាប់ផ្តើមមានការបន្ធូរបន្ថយវិធានការគម្លាតសង្គមជាច្រើនកន្លងមកដែរនោះ។

បើគិតតាមតំបន់វិញ តួលេខឆ្លងថ្មីគិតត្រឹមម៉ោង៦ល្ងាចថ្ងៃអង្គារនេះ គឺមានដល់ ៨០.៥% ហើយរកឃើញនៅក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលក្រុងសេអ៊ូលមានដល់ ៥២១ករណី ខេត្តឃ្យ៉ុងគីមាន ៣១៣ករណី រីឯក្រុងអ៊ីនឆន់មាន ៤៦ករណីថ្មី។ ជាការកត់សម្គាល់ សម្រាប់ក្រុងសេអ៊ូល គេរកឃើញមានករណីឆ្លងជាចង្កោមបន្តៗគ្នាចេញពីទីតាំងគ្រឹះស្ថានសិក្សាភាសាអង់គ្លេសឯកជនមួយចំនួន ដោយសិស្សបានឆ្លងជាបន្តបន្ទាប់ពីគ្រូជាជនបរទេសនោះ ដែលគិតមកដល់ពេលនេះករណីឆ្លងក្នុងសាលារៀនអង់គ្លេសនេះ គេរកឃើញដល់ជាង ៣០០ករណីហើយ។

ក្នុងនោះដែរ អជ្ញាធរសុខាភិបាលបានលើកពីការព្រួយបារម្ភពីការកើនឡើងខ្លាំងនៃអ្នកជំងឺកូវីដអាយុ ២០ ដល់ ៣០ឆ្នាំកាន់តែច្រើន ដោយសារតែកម្មវិធីចាក់វ៉ាក់សាំងកូវីដកន្លងមកផ្តល់អាទិភាពដល់មនុស្សចាស់ជាមុន និងអ្នកបម្រើការងារតាមវិស័យសំខាន់មួយចំនួនប៉ុណ្ណោះ ខណៈអ្នកដែលមានអាយុក្មេងៗដែលមិនទាន់ដល់វេនចាក់វ៉ាក់សាំង នៅតែបន្តដើរហើរសេរី ដែលបង្កជាហានិភ័យនៃការចម្លងកូវីដក្នុងចំណោមពួកគេកាន់តែច្រើនឡើង។

Leave a Reply

Your email address will not be published. Required fields are marked *