ប្រយ័ត្នផង! ភ្លៀងមួយមេធំយប់មិញ ធ្វើឱ្យលិចលង់ និងរអិលបាក់ដីខូចខាតជាច្រើន នៅភាគខាងត្បូងប្រទេសកូរ៉េ អជ្ញាធរបញ្ជាក់ថាភ្លៀងអាចនឹងបន្តធ្លាក់ទៀត!

កូរ៉េខាងត្បូង៖ ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ នៅតំបន់ភាគខាងត្បូងបានបង្កជាទឹកជំនន់ជន់លិចផ្ទះសម្បែង វាលស្រែ និងតំបន់ជាច្រើនប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គីសនី និងសេវាកម្មសាធារណៈផ្សេងៗជាច្រើននៅតំបន់ភាគខាងត្បូង ប្រទេសកូរ៉េ គឺដូចទៅនឹងការព្យាករណ៍របស់អជ្ញាធរពិតមែន នេះបើតាមការចុះផ្សាយនៅថ្ងៃអង្គារនេះ ក្នុងសារព័ត៌មាន​ Yonhap News។

មជ្ឈមណ្ឌលគ្រប់គ្រង់គ្រោះមហន្តរាយកូរ៉េបានរាយការណ៍ថា ភ្លៀងធា្លក់ខ្លាំងពីយប់ និងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចលង់ខ្លាំងតាមតំបន់ជាច្រើននៅភាគខាងត្បូងប្រទេស ហើយបើតាមព័ត៌មានចុងក្រោយមានស្រ្តីចំណាស់ម្នាក់អាយុ ៦០ឆ្នាំជាង នៅតំបន់ហេណាម (Haenam) ត្រូវបានទឹកជន់កួចយកទៅបាត់ខ្លួនផងដែរនៅព្រឹកថ្ងៃអង្គារនេះ ដែលក្រោយមកអជ្ញាធររកឃើញថាគាត់បានលង់ទឹកបាត់បង់ជីវិតទៅហើយ។

ឯនៅតំបន់ហ្គាងជីន (Gangjin) និងជីនដូ (Jindo) វិញ គិតត្រឹមពេលនេះ មានមនុស្សជាង៤៧នាក់ ត្រូវខូចខាតផ្ទះសម្បែងនិងត្រូវភៀសខ្លួនមកជ្រកនៅនឹងទីតាំងដែលអជ្ញាធរត្រៀមទុកឱ្យ ដោយសារតែទឹកជន់លិចខ្លាំងពីភ្លៀងធ្លាក់កាលពីយប់ថ្ងៃចន្ទមក។ បើតាមការរាយការណ៍ មានផ្ទះដល់ជាង ៨ខ្នង និងហាងទំនិញជាង ៣៥ហាង ត្រូវបានទឹកជន់លិច ហើយដីវាលស្រែជាង ៧៥០០ ហិចតាក្នុងតំបន់នោះក៏បានជន់លិចផងដែរ។

នៅតំបន់ខ្វាងយ៉ាង (Gwangyang) នៅក្នុងខេត្តចូឡាខាងត្បូវិញ មានករណីរអិលបាក់ដី ដែលបានធ្វើឱ្យបាក់ស្រុតផ្ទះអស់២ខ្នង និងបានធ្វើឱ្យខូចខាតផ្ទះប្រជាជនអស់២ខ្នងផ្សេងទៀត ហើយក្នុងនោះមានប្រជាជនកូរ៉េខាងត្បូងម្នាក់អាយុជាង ៨០ឆ្នាំ ត្រូវបានជាប់ក្នុងគំនរបាក់បែកនៃផ្ទះដែលបាក់រលំនោះ មិនទាន់សង្គ្រោះបាននៅឡើយផងដែរ។ តាមការរាយការណ៍ តំបន់នេះកាលពីយប់ថ្ងៃចន្ទម្សិលមិញមានភ្លៀងធ្លាក់ខ្លាំងមែនទែនដល់ ២០១.៥មីលីម៉ែត្រ រហូតដល់ម៉ោងជាង ៧ព្រឹក ហើយការបន្តធ្លាក់ភ្លៀងខ្លាំងនេះក៏ធ្វើឱ្យក្រុមជួយសង្គ្រោះពិបាកក្នុងការធ្វើការផងដែរ។

តំបន់ដទៃទៀតដូចជានៅដេហ្គូ និងផ្នែកខ្លះនៃខេត្តឈុងឆុងខាងជើង ក៏រងការប៉ះពាល់បណ្តាលឱ្យមានការខូចខាតផ្លូវដោយសារជំនន់ទឹកភ្លៀង និងមានការបាក់ដើមឈើធំៗ ដែលនាំឱ្យការកកស្ទះចរាចរណ៍តាមដងផ្លូវខ្លាំងផងដែរ។ នៅតំបន់តាមខេត្តដូចជាចូឡាខាងត្បូង ក្រុងប៊ូសាន និងខេត្តខ្វាងជូ អជ្ញាធរបានសម្រេចបិទផ្លូវធ្វើដំណើរអស់ ១២ខ្សែហើយដោយបារម្ភពីហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់លិចផ្លូវភ្លាមៗ ដោយសារទឹកភ្លៀងធ្លាក់នេះ។

សម្រាប់ដំណើរការរថភ្លើងវិញក៏មានបញ្ហាអាក់ខានផងដែរ ជាក់ស្តែងខ្សែរថភ្លើងរត់នៅ Suncheon​ និង ខ្វាងជូ ទៅសុងជុង (Gwangju-Songjeong) ត្រូវបានផ្អាកដំណើរការពីព្រឹកថ្ងៃអង្គារនេះ តែគ្រោងនឹងអាចបន្តដំនើរការវិញបាននៅរសៀលថ្ងៃអង្គារនេះវិញដែរ។ ហើយក្នុងនោះដែរ កន្លែងកំសាន្តឡើងភ្នំ និងសួនជាតិធំៗចំនួនដល់ទៅ ១០ទីតាំងនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រកាសបិទមិនឱ្យមនុស្សចូលសិន ដោយសារបារម្ភពីហានិភ័យនៃការរអិលបាក់ដីដែលអាចកើតឡើងគ្រប់ពេលវេលាផងដែរ។ នៅប៊ូសានឯណោះវិញ យ៉ាងហោចណាស់មានផ្ទះជាច្រើនខ្នងរាប់រយខ្នង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ដោយសារតែទឹកភ្លៀងនាំឱ្យមានការខូចខាតដល់បង្គោលភ្លើងផ្គត់ផ្គង់អគ្គិសនី។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃតាំងពីចុងសប្តាហ៍ថ្ងៃសៅរ៍មុនមក អជ្ញាធរកូរ៉េបានជូនដំណឹងជាបន្តបន្ទាប់ថានឹងមានការបង្អុលធ្លាក់ភ្លៀងខ្លាំងនៅដើមសប្តាហ៍នេះ ហើយកាលពីថ្ងៃចន្ទម្សិលមិញក៏មានការជូនដំណឹងព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសនេះផងដែរ ហើយនៅប៉ុន្មានថ្ងៃបន្ទាប់នេះក៏នឹងមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ផងដែរ។ អជ្ញាធរកូរ៉េនៅតែបន្តជូនដំណឹងឱ្យប្រជាជនអ្នកនៅតំបន់ភាគខាងត្បូងប្រទេស និងតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសអ្នកដែលនៅក្បែរប្រភពទឹក និងតំបន់ភ្នំ ដោយសារហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់អាចកើតឡើងភ្លាមៗមួយរំពេចផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *