កូរ៉េខាងជើងតម្លើងឧបករណ៍បំពងសម្លេង ឃោសនាប្រឆាំងកូរ៉េខាងត្បូងសាជាថ្មី ក្រោយពីទម្លាក់ចោលបាន ២ ឆ្នាំជាង

ព្យុងយ៉ាង៖ បើតាមប្រភពព័ត៌មានបឋមទើបទទួលបានឥឡូវនេះ កូរ៉េខាងជើងបានតម្លើងឧបករណ៍បំពងសម្លេង ឃោសនាប្រឆាំងនឹងកូរ៉េខាងត្បូងឡើងវិញ នៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ។

គេមិនទាន់ទទួលបានព័ត៌មានបន្ថែមលម្អិតអំពីការតម្លើងនេះទេ។ យ៉ាងណាមិញ នេះជាវិធានការថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងជើង ប្រឆាំងមកកូរ៉េខាងត្បូងវិញ ដែលកើតពីដើមចមនៃការបង្ហោះសារឃោសនាប្រឆាំងរបបកុ្រងព្យុងយ៉ាងពីទឹកដីកូរ៉េខាងត្បូងកន្លងមក។

ភាគីកូរ៉េខាងត្បូងវិញ កំពុងពិចារណាលើជម្រើសឆ្លើយតបវិញ ដោយអាចនឹងរៀបចំតម្លើងម៉ាស៊ីន និងឧបករណ៍បំពងសម្លេងដូចគ្នានេះវិញដេរ។

សូមបញ្ជាក់ថា មធ្យោបាយឃោសនាបំពងសម្លេងនៅតំបន់ព្រំដែនកូរ៉េទាំងពីរ មានប្រវត្តិតាំងពីទសវត្សទី​៦០ ក្រោយពីកូរ៉េទាំងពីរបានខ័ណ្ឌចែកទឹកដីគ្នាមក ដោយភាគីខាងកូរ៉េខាងត្បូង​ បំពងសម្លេងទាំងសម្លេងព័ត៌មាន និងចម្រៀងពេញនិយម K-pop ផងដែរ ដើម្បីទាក់ចិត្តទាហាន និងប្រជាជនកូរ៉េខាងជើង។ រីឯភាគីកូរ៉េខាងជើងវិញ បំពងសម្លេងប្រឆាំងនឹងរបបកូរ៉េខាងត្បូង និងរបបមូលធននិយមជាដើម។

កន្លងមក ក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ ២០១៨ ប្រទេសកូរ៉េទាំងពីរបានសម្រេចចិត្តទម្លាក់ចុះម៉ាស៊ីនឃោសនាបំពងសម្លេង ដើម្បីឈានទៅរកការផ្សះផ្សារ និងសម្របសម្រួលទំនាក់ទំនងគ្នាវិញ។

Leave a Reply

Your email address will not be published. Required fields are marked *