ម្សិលមិញនៅអ៊ីនឆន់ សិស្សបឋម២នាក់ តេស្តវិជ្ជមានកូវីដ ថ្ងៃនេះឃើញឆ្លងបន្តក្នុងសាលា ២១នាក់ទៀត ហើយខណៈអ្នកពាក់ព័ន្ធបន្តនោះមានដល់ ៣០០០នាក់ជាង

កូរ៉េខាងត្បូង៖ យ៉ាងហោចសិស្សសាលាជាង ២០នាក់នៅសាលាបឋមសិក្សាមួយកន្លែងនៅក្រុងអ៊ីនឆន់ ត្រូវបានគេរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលនៅព្រឹកថ្ងៃអង្គារនេះ និងតម្រូវឱ្យមានការធ្វើតេស្តកូវីដបន្ទាន់មួយសម្រាប់គ្រូ និងសិស្សទាំងអស់ រួមទាំងគ្រួសាររបស់អ្នកពាក់ព័ន្ធផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បើតាមការបញ្ជាក់របស់អជ្ញាធរមូលដ្ឋានក្រុងអ៊ីនឆន់ បានឱ្យដឹងថាគេបានរកឃើញសិស្សសាលាបឋមសិក្សាអ៊ីនជូ (Inju Elementary School) នៅនឹងកណ្តាលទីក្រុងអ៊ីនឆន់ ដល់ទៅ២៣នាក់ហើយ ដែលសុទ្ធជាអ្នករៀនថ្នាក់ទី៦ ទាំងអស់ដែលមានវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងសប្តាហ៍នេះ។ ជាមួយនឹងការរកឃើញករណីវិជ្ជមានកូវីដជាចង្កោមច្រើនក្នុងចំណោមសិស្សនេះ បង្កជាការបារម្ភយ៉ាងខ្លាំងចំពោះសិស្សដទៃទៀតដែលរៀនក្នុងថ្នាក់ និងក្នុងសាលារៀនជាមួយគ្នានោះ។

អជ្ញាធរក្រុងអ៊ីនឆន់បានគ្រោងនឹងដាក់ឱ្យមានការពិនិត្យមេរោគកូវីដសម្រាប់អ្នកដែលពាក់ព័ន្ធទាំងអស់នៅនឹងថ្នាក់ និងសាលារៀនដែលមានករណីឆ្លងនោះ នៅព្រឹកថ្ងៃអង្គារនេះ គឺធ្វើតេស្តសម្រាប់គ្រប់សិស្ស និងគ្រួសារទាំងអស់ ហើយក៏ធ្វើតេស្តបុគ្គលិកសាលារៀន និងលោកគ្រូអ្នកគ្រូផងដែរ ប្រមាណសរុបជាង៣០០០នាក់ឯណោះ។

ករណីឆ្លងជាចង្កោមនេះ ត្រូវបានគេចាប់ផ្តើមរកឃើញពីថ្ងៃចន្ទម្សិលមិញ នៅពេលដែមានសិស្សថ្នាក់ទី៦ ពីរនាក់ត្រូវបានគេរកឃើញតេស្តវិជ្ជមានកូវីដ ក្រោយពីចាប់ផ្តើមមានបង្ហាញអាការៈសង្ស័យនៃជំងឺកូវីដ ដូចជាក្តៅខ្លួន ឈឺសាច់ដុំ ប៉ុន្មានថ្ងៃកន្លងមក។ អជ្ញាធរក្រុងអ៊ីនឆន់ក្រោយមកក៏ចាប់ផ្តើមធ្វើតេស្តលើសិស្សដែលប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានទាំងនោះបន្ថែមចំនួន ៥៥នាក់ ហើយគេរកឃើញដល់ជាងពាក់កណ្តាល គឺ២១នាក់ទៀតក៏មានវិជ្ជមានកូវីដដូចគ្នានេះដែរនៅថ្ងៃអង្គារនេះ។ ក្នុងនោះដែរ សិស្ស៥នាក់ ផ្សេងទៀតកំពុងរង់ចាំមើលលទ្ធផលតេស្តផងដែរ ដែលមិនទាន់រួចរាល់។ អជ្ញាធរសុខាភិបាលក៏កំពុងពិនិត្យមើលថា តើករណីឆ្លងជាចង្កោមថ្មីនេះមានពាក់ព័ន្ធនឹងមេរោគកូវីដប្រភេទបម្លែងខ្លួនថ្មីដែលតា ឬយ៉ាងណា។

សូមបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីនៅកូរ៉េខាងត្បូងនៅតែបន្តក្នុងចំនួនលើសពី ៧០០នាក់ ជាតួលេខខ្ពស់ប៉ុន្មានថ្ងៃជាប់គ្នាមកហើយ ជាពិសេសគឺចាប់ពីដើមខែកក្កដានេះ ដែលអជ្ញាធរគ្រោងនឹងធ្វើការបន្ធូរបន្ថយវិធានការគម្លាតសង្គមទៅហើយនោះ។

Leave a Reply

Your email address will not be published. Required fields are marked *