ហួសចិត្ត! អ្នកសេអ៊ូល និងតំបន់ជុំវិញ ជាប់វិធានការគម្លាតសង្គមដើរលេងយប់មិនបាន បែរនាំគ្នាមកកកកុញដល់ឆុនណាមទៅវិញ ខណៈអជ្ញាធរបារម្ភខ្លាំងពីកូវីដ

កូរ៉េខាងត្បូង៖ ខណៈដែលក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ត្រូវអជ្ញាធររឹតបន្តឹងវិធានការគម្លាតសង្គមវិញនោះ ដោយសារករណីកូវីដកើនឡើងខ្លាំង គេបែរជាឃើញអ្ន​កសេអ៊ូល ឃ្យ៉ុងគី និងទីតាំងផ្សេងៗទៀតជាច្រើននាំគ្នាធ្វើដំណើររាប់គីឡូម៉ែត្រទៅដល់ឆូណាន ដើម្បីអាចចូលក្លឹបកម្សាន្ត និងបាររាត្រីពេលយប់បាន ដោយមិនខុសច្បាប់ទៅវិញ នេះបើតាមការចុះផ្សាយពិសេសក្នុងសារព័ត៌មាន Korea Times។

សូមបញ្ជាក់ក្រោយពីមានករណីឆ្លងថ្មីច្រើនថ្មីៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចតម្លើងវិធានការរឹតបន្តឹងនៅសេអ៊ូល និងតំបន់ឃ្យ៉ុងគី និងអ៊ីនឆន់វិញ ដោយក្នុងវិធានការថ្មីនោះ ហាងផឹកស៊ី ភោជនីយដ្ឋាននានាបើកបានត្រឹមតែម៉ោង ១០យប់ប៉ុណ្ណោះ ដើម្បីកុំឱ្យមានការជប់លៀងផឹកស៊ី ដែលជាហានិភ័យនៃការចម្លងកូវីដនេះ។ តែលទ្ធផលជាក់ស្តែង ហាក់ខុសពីអ្វីដែលអ្នករៀបចំគោលនយោបាយដាក់ចេញវិធានការទៅវិញ ដោយគេឃើញអ្នកដែលមានបំណងចង់ចូលក្លឹបកម្សាន្តដល់យប់ហួសពីម៉ោងកំណត់នោះ នាំគ្នាធ្វើដំណើរទៅផុតពីទីតាំងដែលមានវិធានការគម្លាតសង្គមអនុវត្ត ដើម្បីពួកគេអាចធ្វើការជួបជុំ ផឹកស៊ីសប្បាយបានដោយសេរីវិញ ដោយមិនមានម៉ោងកំណត់ដូចនៅសេអ៊ូល។

ជាក់ស្តែង ប៉ុន្មានថ្ងៃនេះជាពេលចុងសប្តាហ៍ផងនោះ គេឃើញមានមនុស្សជាច្រើននាំគ្នាទៅកកកុញប្លែកតំបន់ក្រុងឆុនណាន ម្តុំកន្លែងកណ្តាលក្រុងជាទីតាំងមានក្លឹបកម្សាន្ត បាររាត្រី ភោជនីយដ្ឋានបើកដំណើរការដល់យប់។ បើតាមការសាកសួរពីសំណាក់បុគ្គលិកធ្វើការនៅតាមហាងនានា ឱ្យដឹងថាភាគច្រើននៃភ្ញៀវដែលមកប៉ុន្មានថ្ងៃនេះ មានមកពីសេអ៊ូល និងឃ្យ៉ុងគីភាគច្រើន និងមានអ្នកមកពីព្យ៉ុងថេក ស៊ូវ៉ុន អូសានផងដែរ ដែលទីតាំងទាំងនេះស្ថិតនៅក្បែរឆុនណាន។

បុគ្គលិកម្នាក់បានលើកឡើងប្រាប់ថា ភាគច្រើននៃភ្ញៀវដែលមកកន្លែងខ្លួនសឹងលើសពាក់កណ្តាលមកពីសេអ៊ូល និងតំបន់ក្បែរៗនោះដែលមានជាប់វិធានការគម្លាតសង្គមតឹងរ៉ឹង ហើយអ្នកខ្លះមកដោយមិនមានពាក់ម៉ាស់ការពារឱ្យត្រឹមត្រូវទៅទៀត។ បុគ្គលិកម្នាក់ទៀតនៅហាងខារ៉ាអូខេថា កន្លែងខ្លួនឥឡូវនេះពេញទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃធ្វើការទៅទៀត ហើយនៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងឆុនណាមនោះសឹងតែគ្មានបន្ទប់នៅសល់តែម្តង ដោយភាគច្រើនគឺកក់ទុកមុនតាំងពីនៅសេអ៊ូលឯណោះ។

បើតាមការអនុវត្តវិធានការគម្លាតសង្គម មូលហេតុដែលទាក់ទាញឱ្យមានមនុស្សច្រើនពីសេអ៊ូល និងកន្លែងដែលវិធានការគម្លាតសង្គមនៅតឹងរ៉ឹងនោះ គឺដោយសារក្រុងឆុនណាមបើកទូលាយច្រើនជាង គឺគេអនុញ្ញាតឱ្យមានការជួបជុំឯកជនបានដល់ទៅ ៨នាក់ ហើយស្ថិតនៅក្បែរនឹងខ្សែរថភ្លើងមកពីសេអ៊ូល និងមកពីព្យ៉ុងថេកទៀតផង ធ្វើដំណើរតែប៉ុន្មាននាទីប៉ុណ្ណោះគឺអាចមកដល់ឆុនណាមហើយ។ ក្នុងនោះដែរ ទីតាំងក្លឹបកម្សាន្ត ហាងខារ៉ាអូខេ ហាងផឹកស៊ីពេលយប់ គឺអាចដំណើរការបានដោយគ្មានម៉ោងកំណត់នោះទេតំាងពីខែមីនា ២០២១នេះមក។

ចំពោះការកើនឡើងនៃអ្នកមកលេងនៅឆុនណាមនេះ អជ្ញាធរមូលដ្ឋាននៅនឹងឆុនណាមផ្ទុយទៅវិញ មិនអំណរសាទរពេកទេ តែបែរជាមានការបារម្ភទៅវិញ ដោយសារហានិភ័យនៃការយកមេរោគកូវីដពីតំបន់នានាមកផ្តុំឆ្លងនៅនឹងទីតាំងមូលដ្ឋានរបស់ខ្លួន។ ជាក់ស្តែងកន្លងទៅ ឧទាហរណ៍មួយគឺកាលពីថ្ងៃទី៦មិថុនា គេរកឃើញថាមានអ្នកវិជ្ជមានកូវីដ៦នាក់បានទៅផឹកស៊ីនៅតាមហាងនៅនឹងឆុនណាមនោះ ដែលក្រោយមកគេរកឃើញអ្នកពាក់ព័ន្ធបន្តបន្ទាប់ដល់ ១០៤៤នាក់ ហើយក្នុងនោះ មានដល់ ៨៥% ជាអ្នកមកពីសេអ៊ូល។

 

Leave a Reply

Your email address will not be published. Required fields are marked *