អ្នកនៅភាគខាងត្បូងនៃប្រទេសកូរ៉េ ប្រយ័ត្នផងប៉ុន្មានថ្ងៃនេះជាពិសេសអ្នកនៅក្បែរទឹក និងដីភ្នំ ដោយសារការព្យាករណ៍មានភ្លៀងធ្លាក់ខ្លាំង ជាប់ៗគ្នារហូត

កូរ៉េខាងត្បូង៖ តំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នឹងមានធ្លាក់ភ្លៀងខ្លាំងក្នុងដើមសប្តាហ៍ថ្មីនេះ ខណៈតំបន់ដទៃទៀតដូចជានៅសេអ៊ូលនឹងមានធ្លាក់ភ្លៀងតិចតួចបង្គួរផងដែរ នេះបើតាមការបញ្ជាក់របស់ស្ថាប័នឧតុនិយមកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសប្រាប់ថានឹងមានភ្លៀងធា្លក់ខ្លាំងកម្ពស់ ១៥០មីលីម៉ែត្រនឹងបង្អុលធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេស នៅម្តុំខេត្តចូឡា (Jeolla) និងឃ្យ៉ុងសាង (Gyeongsang) ចន្លោះពីថ្ងៃចន្ទនេះ ដល់ថ្ងៃអង្គារព្រឹកព្រលឹមផងដែរ។ ក្នុងនោះដែរ ខេត្តភាគខាងត្បូងមួយចំនួនទៀតដូចជា ខេត្តចូឡាខាងជើង តំបន់មាត់សមុទ្រខេត្តចូឡាខាងត្បូង និងខេត្តឃ្យ៉ុងសាងខាងត្បូង និងភ្នំជីរី នឹងមានភ្លៀងបង្អុលធ្លាក់ខ្លាំងដល់ ២០០មីលីមែ៉ត្ររហូតដល់ព្រឹកថ្ងៃអង្គារដូចគ្នាដែរ ខណៈដែលនៅកោះជេជូអាចនឹងមានភ្លៀងធ្លាក់កម្រិតតិចតួចប៉ុណ្ណោះ។

អជ្ញាធរបញ្ជាក់ថាឥឡូវនេះនៅកូរ៉េខាងត្បូងចូលដល់រដូវភ្លៀងធ្លាក់ ក្នុងចន្លោះខែក្តៅហើយ ដែលបានចាប់ផ្តើមតាំងពីចុងសប្តាហ៍ប៉ុន្មានថ្ងៃនេះមក។ រដ្ឋបាលឧតុនិយមបន្តទៀតថា ខេត្តភាគខាងត្បូងប៉ុន្មានដែលបានរៀបរាប់ខាងលើនឹងអាចមានធ្លាក់ភ្លៀងខ្លាំងជាថ្មី នៅព្រឹកថ្ងៃពុធស្អែកផងដែរ ក្រោយពីមេឃស្ងប់បើកថ្ងៃរសៀលថ្ងៃអង្គារនេះរួច។ ចំណែកឯតំបន់សេអ៊ូលវិញ និងខេត្តឃ្យ៉ុងគីជាដើមនឹងមានភ្លៀងធ្លាក់ផងដែរ តែត្រឹមកម្រិតតិចតួចប៉ុណ្ណោះដើមសប្តាហ៍នេះ។

ជាមួយនឹងការព្យាករណ៍នេះផងដែរ ដោយសារឥទ្ធិពលនៃសម្ពាធបរិយាកាសនៅពីលើប្រទេសកូរ៉េ អជ្ញាធរនៅបន្តព្រមានថានឹងអាចមានភ្លៀងកម្រិតខ្លាំងដល់ ៣០០មីលីម៉ែត្រនៅតំបន់ម្តុំភាគខាងត្បូងផងដែរ ហើយកាលពីថ្ងៃសៅរ៍កន្លងមក អជ្ញាធរក៏បានចេញសេចក្តីប្រកាសជាផ្លូវការឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកភ្លៀងផងដែរ ជាពិសេសអ្នកនៅក្បែរតំបន់ភ្នំ  ឬនៅតាមតំបន់ក្បែប្រភពទឹកជាដើម ​ ដែលអាចនឹងមានការលំហូរបាក់ដី​ និង​ ជន់លិចក្នុងខណៈណាមួយភ្លាមៗនោះ។

Leave a Reply

Your email address will not be published. Required fields are marked *