កូរ៉េខាងត្បូងប្រកាសហាមអ្នកធ្វើដំណើរពីឥណ្ឌូនេស៊ី ទាំងប្រជាជនកូរ៉េខ្លួនឯងផង បើមិនមានឯកសារកូវីដនេះទេ មិនឱ្យឡើងយន្តហោះមកកូរ៉េខាងត្បូងដាច់ខាត!

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃចន្ទនេះទៅ អ្នកធ្វើដំណើរទាំងអស់មកពីប្រទេសឥណ្ឌូនេស៊ី រាប់ទាំងជនជាតិកូរ៉េខាងត្បូងខ្លួនឯងផង បើមិនមានភ្ជាប់ជាមួយលិខិតបញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដទេ មិនអាចឡើងយន្តហោះជើងមកកូរ៉េខាងត្បូងបាននោះទេ នេះបើតាមការបញ្ជាក់ផ្ទាល់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន KBS News។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង KDCA ប្រកាសវិធានការនេះភ្លាមៗកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលត្រូវអនុវត្តភ្លាមៗក្រោយប្រកាស ដើម្បីឆ្លើយតបទៅនឹងការបន្តកើនឡើងខ្លាំងនៃករណីវិជ្ជមានកូវីដថ្មីប្រភេទបម្លែងខ្លួនដែលតា ដែលគេរកឃើញជាបន្តបន្ទាប់យ៉ាងច្រើនក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះ។ វិធានការនេះពិសេស និងតឹងរ៉ឹងជាងវិធានការមុនៗសម្រាប់អ្នកធ្វើដំណើរពីឥណ្ឌូនេស៊ីនេះ គឺអជ្ញាធរសុខាភិបាលហាមឃាត់អ្នកធ្វើដំណើរទាំងអស់សូម្បីតែប្រជាជនកូរ៉េខាងត្បូងខ្លួនឯងផង មិនអនុញ្ញាតឡើងយន្តហោះមកកូរ៉េខាងត្បូងបានឡើយ បើគ្មានលិខិតបញ្ជាក់ថាអវិជ្ជមានកូវីដ តេស្តតាមបែប polymerase chain reaction (PCR)។

ការដាក់ចេញវិធានការបែបនេះ គឺដោយសារតែថ្មីៗចុងក្រោយកូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានកូវីដកើនឡើងយ៉ាងច្រើនក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះភាគច្រើនគឺមកពីឥណ្ឌូនេស៊ីនេះឯង។ បើតាមតួលេខរដ្ឋាភិបាលបញ្ជាក់ថាមាន ករណីវិជ្ជមានកូវីដក្នុងចំណោមអ្នកធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីដែលចូលមកប្រទេសកូរ៉េខាងត្បូង ដល់ទៅ ២៤០ករណីក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ក្នុងនោះមាន ១៣២ករណីជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីត្រូវបានអជ្ញាធរកូរ៉េខាងត្បូងចាត់ទុកជាប្រទេសដែលមានហានិភ័យកូវីដខ្ពស់ ជាពិសេសគឺករណីកូវីដប្រភេទបម្លែងខ្លួនថ្មី ដែលតា ផងដែរ ហើយប្រទេសឥណ្ឌូនេស៊ីនេះក៏ស្ថិតក្នុងចំណោមតែ ២១ ប្រទេសដែលកូរ៉េខាងត្បូងហាមឃាត់មិនឱ្យទទួលបានការបន្ធូរបន្ថយលើកលែងចត្តាឡីស័កផងដែរ សម្រាប់អ្នកធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ កាកបាទក្រហមបានចេញសេចក្តីព្រមានពីសប្តាហ៍មុននេះថា «ប្រទេសឥណ្ឌូនេស៊ីកំពុងរៀបផុងខ្លួនចូលទៅក្នុងវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរហើយ»។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដថ្មីប្រចាំថ្ងៃក្នុងប្រទេសដល់ជិត៣ម៉ឺនករណីឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *