អ្នកសេអ៊ូល និងតំបន់ជុំវិញប៉ុន្មាននេះ ត្រូវពាក់ម៉ាស់ជាប់វិញហើយ ទោះចាក់វ៉ាក់សាំងកូវីដហើយក៏ដោយ ដោយសារឆ្លងកូវីដខ្លាំងប៉ុន្មានថ្ងៃនេះ

កូរ៉េខាងត្បូង៖ ស្របពេលដែលករណីកូវីដវិជ្ជមានថ្មីនៅតែបន្តកើនឡើងរៀងរាល់ថ្ងៃ ជាពិសេសក្នុងតំបន់ក្រុងសេអ៊ូល និងក្រុងធំៗជុំវិញនោះ អជ្ញាធរកូរ៉េសម្រេចដាក់វិធានការតម្រូវឱ្យពាក់ម៉ាស់គ្រប់គ្នាឡើងវិញហើយសម្រាប់អ្នកនៅសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ បើទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News ថ្ងៃចន្ទនេះ។

តាមវិធានការដែលអជ្ញាធរដាក់ឱ្យអនុវត្តពីថ្ងៃទី១កក្កដានេះទៅ គឺអ្នកដែលបានចាក់វ៉ាក់សាំងកូវីដហើយយ៉ាងហោចណាស់១ដូស អាចមិនចាំបាច់ពាក់ម៉ាស់ទៀតនោះទេពេលចេញមកក្រៅ តែវិធានការនេះនៅពេលដែលចាប់ផ្តើមអនុវត្តភ្លាម គាប់ជួនចំពេលដែលករណីកូវីដចាប់ផ្តើមកើនឡើងខ្លាំងប៉ុន្មានថ្ងៃនេះ ដូចនេះអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រេចដាក់វិធានការមួយជំហានថយក្រោយវិញ តម្រូវឱ្យមានការពាក់ម៉ាស់ជាកាតព្វកិច្ចវិញ សម្រាប់អ្នករស់នៅសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ពីថ្ងៃអាទិត្យទី ៤ កក្កដា ម្សិលវិញនេះមកវិញហើយ។

ក្រៅពីការតម្រូវពាក់ម៉ាស់ឡើងវិញ រដ្ឋាភិបាលកូរ៉េក៏តម្រូវឱ្យហាមឃាត់ការទទួលទានគ្រឿងស្រវឹងនៅកន្លែងសាធារណៈខាងក្រៅ ដូចជាតាមសួនច្បារ និងតាមដងទន្លេចាប់ពីម៉ោង១០យប់ទៅផងដែរ សម្រាប់អ្នករស់នៅទីក្រុងសេអ៊ូល។ វិធានការថ្មីទាំងពីរនេះនឹងត្រូវបន្តអនុវត្តរហូតដល់ករណីកូវីដថ្មីនេះចុះថមថយជាងមុន ទើបមានការជូនដំណឹងបន្ថែមទៀតពីសំណាក់អជ្ញាធរសុខាភិបាល។

ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏គ្រោងនឹងបង្កើតឱ្យគណៈកម្មការពិសេសមួយចុះពិនិត្យការអនុវត្តវិធានការគម្លាតសង្គមនៅតាមសាលាបង្រៀនគួរ ទីតាំងហាត់កីឡា និងគ្រោងធ្វើតេស្តសម្រាប់រាល់បុគ្គលិកធ្វើការនៅបារ ហាងខារ៉ាអូខេ និងសាលារៀននៅក្នុងតំបន់ទីក្រុងសេអ៊ូល អ៊ីនឆន់ និងឃ្យ៉ុងគីនេះផងដែរ។

 

Leave a Reply

Your email address will not be published.