ពីថ្ងៃចន្ទនេះទៅ មនុស្សជាង ១.៦១លាននាក់នៅកូរ៉េខាងត្បូង នឹងត្រូវចាក់វ៉ាក់សាំងកូវីដ ២មុខលាយបញ្ចូលគ្នាហើយ AZ និង Pfizer ដោយសារមូលហេតុនេះ

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃចន្ទនេះទៅ កូរ៉េខាងត្បូងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដលាយគ្នាហើយ ដោយតម្រូវឱ្យអ្នកចាក់វា៉ក់សាំងកូវីដ AstraZeneca ដូសទី១រួចដល់ ១.៦១លាននាក់ ត្រូវទទួលវ៉ាក់សាំងកូវីដរបស់ Pfizer វិញសម្រាប់ដូសទី២ ជាការចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដលាយគ្នាដំបូងហើយនៅកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News ជាភាសាកូរ៉េ។

បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល គ្រោងការដើមក្នុងការចាក់វ៉ាក់សាំងកូវីដលាយបញ្ចូលគ្នារវាងដូសទី១ របស់ AstraZeneca និងដូសទី២ របស់ Pfizer នេះ គឺចាប់ផ្តើមអនុវត្តសម្រាប់មនុស្ស ៨៩៣,០០០នាក់ ជាអ្នកមានអាយុ៣០ឆ្នាំឡើងទៅ ដែលធ្វើការនៅមណ្ឌលថែទាំចាស់ជរា អ្នកធ្វើការនៅមន្ទីរពេទ្យ ទីតាំងសុខាភិបាលនានា អ្នកដែលមានស្ថានភាពជំងឺថ្លើមធ្ងន់ធ្ងរ អ្នកធ្វើការវិស័យសន្តិសុខដូចជាប៉ូលីស អ្នកពន្លត់អគ្គីភ័យ សន្តិសុខ និងអ្នកបម្រើការតាមបន្ទាយទាហានជាដើម។ ការចាក់លាយគ្នាបែបនេះ បើតាមផែនការដំបូងគឺដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំង និងដើម្បីបង្កើនកម្រិតអង់ទីករការពារជំងឺកូវីដ ដោយសារតែការសិក្សារកឃើញថាការចាក់វ៉ាក់សាំងលាយគ្នាបែបនេះ គឺអាចបង្កើនប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងកូវីដខ្ពស់ជាងមុន។

ក្នុងនោះដែរ ថ្មីៗនេះក្រោយពីអជ្ញាធរកូរ៉េខាងត្បូងកំណត់អាយុអ្នកអាចចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca ឡើងដល់៥០ឆ្នាំនោះ ដោយបារម្ភពីហានិភ័យនៃការកើតជាបញ្ហាកកដុំឈាម ក៏តម្រូវឱ្យអ្នកដែលមានអាយុពី៣០ ទៅ៥០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ AstraZeneca ដូសទី១កន្លងមក ហើយដល់ពេលត្រូវចាក់ដូសទី២ខាងមុខនេះ ត្រូវប្តូរមកចាក់វ៉ាក់សាំង Pfizer ដូសទី២ ជំនួសវិញ។ ដូចនេះ អ្នកដែលអាយុក្រោម៥០ ក្រោមប្រភេទជំពូកនេះ ចំនួនជាង ៥៩,០០០នាក់ នឹងត្រូវចាប់ផ្តើមវ៉ាក់សាំងកូវីដ Pfizer សម្រាប់ដូសទី២តាមការកំណត់នៅថ្ងៃចន្ទនេះទៅដែរ។ ហើយក្នុងនោះដែរ មនុស្សចំនួន ៦៦៣,០០០នាក់ទៀត ក្នុងប្រភេទនេះដូចគ្នា នឹងត្រូវមកចាក់វ៉ាក់សាំង Pfizer ក្នុងអំឡុងពីខែសីហា និងកញ្ញាខាងមុខផងដែរ។

បើតាមការបកស្រាយបំភ្លឺលើការចាក់វ៉ាក់សាំងកូវីដលាយមុខគ្នានេះដែរ អជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា ជាគោលការណ៍បច្ចុប្បន្នអ្នកដែលចាក់វ៉ាក់សាំងកូវីដប្រភេទណាសម្រាប់ដូសទី១ នឹងត្រូវបន្តចាក់វ៉ាក់សាំងប្រភេទដដែលសម្រាប់ដូសទី២ លើកលែងតែករណីដែលគេផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដូចជាការកំណត់អាយុសម្រាប់ចាក់វ៉ាក់សាំងដូចករណីវ៉ាក់សាំង AstraZeneca ដែលតម្លើងអាយុអ្នកទទួលដល់៥០ឆ្នាំនេះ ឬករណីដែលវ៉ាក់សាំងមុខដូចគ្នាមិនមានក្នុងស្តុកជាក់ស្តែង ទើបអជ្ញាធរចាក់វ៉ាក់សាំងប្រភេទផ្សេងសម្រាប់ដូសទី២វិញ។

សូមបញ្ជាក់ថា ការអនុវត្តការចាក់វ៉ាក់សាំងកូវីដពីរមុខលាយបញ្ចូលគ្នានេះ មានអនុវត្តមួយរយៈដែលមកហើយនៅតាមប្រទេសនៅអឺរ៉ុបដូចជាប្រទេសអាល្លឺម៉ង់ បារាំង កាណាដាជាដើម ដែលគេជឿថាជាវិធានការមួយក្នុងការបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងកូវីដផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *