កូរ៉េខាងត្បូង៖ សាធារណជនកូរ៉េខាងត្បូងដាក់ញ្ញាតិទៅវិមានប្រធានាធិបតីកូរ៉េឱ្យអន្តរាគមន៍ដល់ប៉ូលីសកូរ៉េ ធ្វើការបើកស៊ើបអង្កេតជាថ្មីលើ៥ករណីកើតឡើងថ្មីៗនេះ ដែលមានមនុស្សបាត់បង់ជីវិត តែត្រូវប៉ូលីសន្និដ្ឋានថាជាករណីអត្តឃាតទាំងអស់ ខណៈសាធារណជនសង្ស័យថាករណីទាំងនោះអាចជាករណីឃាតកម្មទៅវិញ ដែលឃាតករអាចជាមនុស្សតែមួយដែលបានធ្វើរឿងទាំង៥ករណីនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងមានអ្នកបង្ហោះញ្ញាតិទៅវិមានប្រធានាធិបតីកូរ៉េស្នើឱ្យមានការបើកការស៊ើបអង្កេតជាថ្មីករណីដែលគេសង្ស័យថាជាឃាតកម្ម បើទោះបីប៉ូលីសកូរ៉េខាងត្បូងកន្លងមកស៊ើប និងបានសន្និដ្ឋានចុងក្រោយថាសុទ្ធជាករណីអត្តឃាតខ្លួនឯង ហើយបញ្ចប់រឿងក្តីរហូតមក។
សាធារណជនកូរ៉េចាប់ផ្តើមមានការសង្ស័យកាន់តែខ្លាំងក្រោយពីថ្មីៗនេះ នៅថ្ងៃទី១ កក្កដា ២០២១នេះ មានករណីក្មេងស្រី២នាក់ អាយុ១៨ និង១៩ឆ្នាំត្រូវបានគេរកឃើញបាត់បង់ជីវិតនៅក្បែរទីតាំងការដ្ឋានមួយនៅដេហ្គូ ប្រហែលម៉ោង៥ព្រឹក ហើយក្នុងចំណោមអ្នកទាំងពីរនោះ មានម្នាក់មានស្នាមរបួស ជាំលើខ្លួន ហើយមិនមានសម្លៀកបំពាក់ផ្នែកខាងក្រោមជាប់ខ្លួនផងដែរ។ សម្រាប់ករណីថ្មីចុងក្រោយនេះ បើទោះជាមានការសង្ស័យជាច្រើនត្រូវបានលើកឡើង ប៉ូលីសបានសន្និដ្ឋានថាក្មេងស្រីទាំងពីរនាក់នោះ ដែលស្គាល់គ្នាតាមបណ្តាញសង្គម បានណាត់គ្នាមកលោតពីលើអាគារជាមួយគ្នានៅថ្ងៃកើតហេតុនោះ ហើយដោយគ្មានសញ្ញាសង្ស័យថាណាមួយថាមានពាក់ព័ន្ធពីអ្នកណាផ្សេងទៀតនោះ ទើបប៉ូលីសសន្និដ្ឋានថាជាករណីធ្វើអត្តឃាតខ្លួនឯង។ ក្នុងនោះដែរ ប៉ូលីសបកស្រាយថាការដែលមានក្មេងស្រីម្នាក់ត្រូវគេរកឃើញថាមិនមានស្លៀកខោជាប់ខ្លួននោះ គឺដោយសារតែពេលធ្លាក់ចុះមកនោះ របូតដោយខ្លួនឯងទៅវិញទេ។
ជាមួយនឹងការសន្និដ្ឋានបែបនេះ សាធារណជនបានចោទជាសំណួរជាច្រើន ជាពិសេសគឺលក្ខណៈប្រហាក់ប្រហែលគ្នានៃករណីនេះ ទៅនឹងករណី៤ផ្សេងទៀតដែលកើតឡើងក្នុងរយៈពេលត្រឹម៦ខែចុងក្រោយនេះប៉ុណ្ណោះ ហើយដូចនេះកាលពីថ្ងៃសុក្រនេះ គឺមួយថ្ងៃក្រោយកើតហេតុ មានអ្នកបានដាក់ញ្ញាតិទៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងតែម្តងឱ្យធ្វើការស៊ើបអង្កេតឱ្យម៉ត់ចត់ឡើងវិញ។
ក្នុងញ្ញាតិនោះ គេស្នើឱ្យប៉ូលីសស៊ើបអង្កេតករណីទាំង៥នេះឡើងវិញ ដោយអាចជាករណីឃាតកម្ម ឬក៏អាចជាករណីដែលអ្នកប្រព្រឹត្តិជាមនុស្សតែម្នាក់ដូចគ្នាទៀតផង។ ចំណុចប្រហាក់ប្រហែលគ្នានៃករណីទាំង៥ផ្សេងគ្នានោះគឺ អ្នករងគ្រោះសុទ្ធជានារី ហើយខ្លួនរបស់ពួកគេសុទ្ធតែមានសភាពមិនស្លៀកពាក់ពេញខ្លួនដូចគ្នា។ ករណីទី១ដែលគេសង្ស័យគឺ ស្រ្តីមា្នក់អាយុ៦០ឆ្នាំជាងនៅហ្គូសាន (Goesan) ត្រូវបានគេរកឃើញបាត់បង់ជីវិតដោយមិនមានខោអាវពាក់កណ្តាលខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ ២០២០មក ហើយករណីទី២ គឺស្រ្តីម្នាក់អាយុ២០ឆ្នាំត្រូវបានរកឃើញបាត់បង់ជីវិតនៅនឹងវាលស្រែដោយមានខោអាវនៅក្បែរនឹងទីតាំងកើតហេតុនោះ កាលពីថ្ងៃទី ២៥ មករា ២០២១។ ករណីទី៣វិញ គឺស្រ្តី២នាក់ដែលមានអាយុ៤០ឆ្នាំជាងម្នាក់ និងម្នាក់ទៀតជាក្មេងស្រីជំទង់ ត្រូវបានគេរកឃើញបាត់បង់ជីវិតនៅនឹងស្ទឹងតូចមួយក្នុងសួននៅខេត្តឈុនណាម កាលពីថ្ងៃទី៣១ មករានេះ។ ករណីទី៤វិញ គឺថ្ងៃទី១២ ឧសភា នេះមានស្រ្តីម្នាក់អាយុ២០ឆ្នាំជាង ត្រូវគេរកឃើញថាអស់ខោអាវពាក់កណ្តាលខ្លួន និងគ្មានស្បែកជើងនៅនឹងកន្លែងចម្ការទំពាំងបាយជូមួយកន្លែងនៅខេត្តចូឡាខាងជើង។
ក្នុងញ្ញាតិនោះបានលើកហេតុផលថា បើទោះជាបីករណីទាំង៥នេះមានសភាពប្រហាក់ប្រហែលគ្នា សុទ្ធតែគួរឱ្យសង្ស័យ តែត្រូវប៉ូលីសពិនិត្យ សើបហើយលើកឡើងថាជាករណីអត្តឃាតទាំងអស់ទៅវិញ ដែលពិតជាមិនសមហេតុផល ដូចនេះហើយ រដ្ឋាភិបាលគួរពិនិត្យលើករណីទាំងអស់នេះជាថ្មីឱ្យបានឆាប់បំផុត។