ឆ្ងល់ណាស់ អ្នកបាត់បង់ជីវិតពីកូវីដបម្លែងថ្មីនៅអង់គ្លេស សឹងពាក់កណ្តាលជាអ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ តែអ្នកជំនាញលើកហេតុផលពន្យល់បែបនេះវិញ

ចក្រភពអង់គ្លេស៖ សឹងតែដល់ពាក់កណ្តាលនៃអ្នកដែលបានបាត់បង់ជីវិតដោយសារបានឆ្លងកូវីដប្រភេទបម្លែងខ្លួនថ្មីចុងក្រោយនេះ នៅចក្រភពអង់គ្លេសត្រូវបានគេរកឃើញថាសុទ្ធជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ២ដូសរួចរាល់ ឬយ៉ាងហោចក៏បានចាក់មួយដូសរួចដែរ ជារបាយការណ៍ដែលបង្កជាក្តីបារម្ភខ្លាំងសម្រាប់វិស័យសុខាភិបាលមិនត្រឹមតែអង់គ្លេសប៉ុណ្ណោះទេ តែអាចសម្រាប់ជាមេរៀនសម្រាប់ប្រទេសដទៃទៀតផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន The Guardian របស់អង់គ្លេសកាលពីថ្ងៃអាទិត្យទី៤ កក្កដា នេះបានឱ្យដឹងថា តួលេខនៃអ្នកដែលបាត់បង់ជីវិតដោយសារមេរោគកូវីដបម្លែងខ្លួនថ្មីដែលតា ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ កើនឡើងយ៉ាងច្រើនសឹងដល់ពាក់កណ្តាលហើយ។ តាមរបាយការណ៍ដោយអជ្ញាធរសុខាភិបាលអង់គ្លេស កាលពីថ្ងៃទី១៣មិថុនាកន្លងទៅ រកឃើញថាមានដល់ ២៩% ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតក្រោយឆ្លងកូវីដបម្លែងខ្លួនថ្មីដែលតា ចំនួន៤២នាក់ គឺសុទ្ធជាអ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងពីរដូស។ ប្រហែលពីរសប្តាហ៍ក្រោយមក នៅថ្ងៃទី២៥ ខែមិថុនាថ្មីៗនេះ អជ្ញាធរសុខាភិបាលដដែលបានរកឃើញថា ក្នុងចំណោមអ្នកបាត់បង់ជីវិតដោយសារមេរោគកូវីដបម្លែងខ្លួនថ្មី ដែលតា ចំនួន​១១៧នាក់ មានដល់៥០នាក់ឯណោះ ប្រមាណ ៤៣% បានចាក់វ៉ាក់សាំងកូវីដទាំងពីរដូសរួចរាល់ ហើយបើរាប់ទាំងអ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងតិចបានមួយដូសទៀត គឺមានដល់ទៅ ៦០% ឯណោះ។

តួលេខនេះបង្កជាក្តីបារម្ភយ៉ាងខ្លាំងចំពោះវត្តមាននៃមេរោគកូវីដបម្លែងខ្លួនថ្មី ដែលតា (ប្រភេទ B.1.617.2) នេះ ដែលកំពុងរីករាលដាលសឹងលើស១០០ប្រទេសជាងជុំវិញពិភពលោកទៅហើយមានទាំងនៅកម្ពុជា និងកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែតើតួលេខនេះបង្ហាញថាវ៉ាក់សាំងកូវីដ ដែលគេកំពុងចាក់ជូនប្រជាជននៅអង់គ្លេសមិនមានឥទ្ធិពលឬយ៉ាងណា? តែអ្នកជំនាញសុខាភិបាលអង់គ្លេសបកស្រាយបែបនេះថា វ៉ាក់សាំងកូវីដពិតជាមានប្រសិទ្ធភាពមែនសម្រាប់ការពារពីជំងឺកូវីដ រួមទាំងកូវីដប្រភេទថ្មីគ្រោះថ្នាក់នេះផង តែវ៉ាក់សាំងមិនមិនល្អឥតខ្ចោះនោះទេ មានន័យថាបើទោះជាបានចាក់វ៉ាក់សាំងរួចរាល់ គឺការពារបានមួយកម្រិតធំ តែមិនមែនថាការពារបានទាំងស្រុងតែម្តងនោះទេ ហើយក៏មានកត្តាច្រើនទៀតដែលរួមចំណែកក្នុងការទប់ទល់នឹងជំងឺកូវីដនេះ។

បើតាមការពន្យល់បន្ថែមរបស់អ្នកជំនាញ ការដែលគេឃើញតួលេខនៃអ្នកដែលបានឆ្លងកូវីដថ្មីកាន់តែច្រើនឡើង ភាគច្រើនសុទ្ធជាអ្នកបានចាក់វ៉ាក់សាំងកូវីដរួចនោះគឺដោយសារតែចំនួននៃអ្នកចាក់វ៉ាក់សាំងដែលមានកាន់តែច្រើននេះហើយ ដែលនាំឱ្យអ្នកដែលឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកាន់តែច្រើនដែរនោះ ក៏ដោយសារតែពួកគេនៅតែមានហានិភ័យអាចឆ្លងកូវីដបានដដែល ហើយក្នុងករណីមួយចំនួននៅតែឈានដល់ការបាត់បង់ជីវិតផងដែរ។ ជាក់ស្តែងរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃវា៉ក់សាំងដែលបង្ហាញថាវ៉ាក់សាំងកូវីដអាចការពារឆ្លងពីមេរោគកូវីដបម្លែងខ្លួនថ្មីបានដល់ទៅ ៩៤% ដែលនេះមានន័យថាភាគរយអ្នកដែលអាចឆ្លងបាន ក្រោយចាក់វ៉ាក់សាំងនៅតែមានដដែល គ្រាន់តែតិចជាងមុនច្រើន ទំរាំតែឈានដល់ការបាត់បង់ជីវិតក្រោយឆ្លងទៀតនោះគឺកាន់តែតិចមែនទែន គឺភាគរយតិចជាង ១/២០ ប្រៀបទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងទៅទៀត តែក៏មិនមែនមានន័យថាមិនមានហានិភ័យសោះនោះដែរ។

អ្នកជំនាញបន្តទៀតថា កត្តាផ្សេងទៀតដែលអាចជាកត្តារួមផ្សំឈានដល់ការឆ្លង និងការបាត់បង់ជីវិតមានដូចជាកត្តាអាយុផងដែរ ដែលជាទូទៅអ្នកដែលមានអាយុកាន់តែច្រើន ដូចជាអ្នកដែលមានអាយុ៨០ឆ្នាំឡើង ទោះបីជាចាក់វ៉ាក់សាំងក្ដីនៅតែមានហានិភ័យខ្ពស់ទទួលរងនូវការឆ្លង ឈឺ និង ស្លាប់ដោយសារវីរុសនេះ។

ហេតុដូចនេះហើយ ជាមួយនឹងហានិភ័យដូចបានបញ្ជាក់ខាងលើ អជ្ញាធរសុខាភិបាលអង់គ្លេសក៏បានព្រមានផងដែរថាការបន្ធូរបន្ថយវិធានការគម្លាតសង្គមនៅពេលនេះ នឹងជួយជំរុញឱ្យមេរោគកូវីដថ្មីដែលតានេះពង្រីកខ្លួនបានកាន់តែស្រួលនៅពេលខាងមុខផងដែរ បើទោះជាការចាក់វ៉ាក់សាំងនៅអង់គ្លេសបានទូលំទូលាយច្រើនហើយក៏ដោយនោះ។ ដូចនេះមានន័យថា សម្រាប់អ្នកចាក់វ៉ាក់សាំងរួចក៏ដោយ មិនថាវ៉ាក់សាំងប្រទេសណា ក្រុមហ៊ុនណានោះទេ ដរាបណាកូវីដ-១៩នៅតែមានវត្តមានលើលោក សូមកុំជិះសេះលែងដៃភ្លេចនូវវិធានការការពារខ្លួនឱ្យសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *