កូរ៉េខាងត្បូង៖ តម្លៃប្រេងសាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្តកើនតម្លៃខ្ពស់រយៈពេល៩សប្តាហ៍ជាប់គ្នាហើយ ឡើងដល់តម្លៃមួយដែលខ្ពស់ជាងគេបង្អស់ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះ បើតាមទិន្នន័យតម្លៃដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើគិតតម្លៃលក់ប្រេងសាំងធម្មតាជាមធ្យមទូទាំងប្រទេសកូរ៉េខាងត្បូង កើនដល់តម្លៃ ១៦០០.៩វ៉ុនហើយ (ប្រមាណ 1.4$) ក្នុងមួយលីត្រសម្រាប់ចុងខែមិថុនាមកដល់ឥឡូវ ដែលតួលេខនេះបន្តកើនឡើង១៣.៥ វ៉ុនទៀតពីតម្លៃប្រេងសាំងកាលពីសប្តាហ៍មុនកន្លងទៅ នេះបើតាមតួលេខចេញផ្សាយដោយអជ្ញាធរសាជីវកម្មប្រេងជាតិកូរ៉េខាងត្បូង (KNOC)។ តួលេខតម្លៃប្រេងសាំងដែលកើនលើសពី ១៦០០វ៉ុន នេះគឺជាតួលេខដំបូងហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨។
អជ្ញាធរគ្រប់គ្រងប្រេងកូរ៉េខាងត្បូង បានបញ្ជាក់ថាតម្លៃប្រេងសាំងនេះរំពឹងថានឹងនៅបន្តកើនឡើងក្នុងរយៈពេលខាងមុខបន្តទៅទៀត ដោយសារតែតម្រូវការប្រេងកាន់តែកើនឡើងក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាម៉េរិក និងប្រទេសធំៗដទៃទៀតទាំងអស់ រួមទាំងកូរ៉េខាងត្បូងផងដែរ ក្រោយពីឧស្សាហកម្មធំៗជាច្រើន និងសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទសឹងត្រឡប់មករកសភាពពេញលេញវិញនោះ ខណៈដែលចំនួនប្រេងដែលត្រូវបានផលិត និងមាននៅក្នុងស្តុករបស់ពួកប្រទេសអ្នកផលិតប្រេងមានកម្រិតកាន់តែថយចុះផងនោះ ដែលនាំឱ្យតម្លៃប្រេងកាន់តែកើនឡើងជាបន្តបន្ទាប់។
ជាទូទៅប្រទេសអ្នកផលិតប្រេងធំៗមានរុស្ស៊ី និងប្រទេសនៅមជ្ឈឹមបូព៌ាបានផ្តុំគ្នាក្នុងអង្គការអូពិក (Organization of the Petroleum Exporting Countries – OPEC) ជាបណ្តាប្រទេសដែលមានអំណាចកំណត់លើទំហំផលិតកម្មប្រេងសម្រាប់ប្រើប្រាស់ទូទាំងពិភពលោក ដែលនាំឱ្យពួកគេអាចកំណត់តម្លៃប្រេងបានទៅតាមកាលៈទេសៈជាក់ស្តែង។ ដូចពេលបច្ចុប្បន្ននេះក្នុងអំឡុងការងើបមកវិញពីស្ថានការណ៍កូវីដ បណ្តាប្រទេសទាំងនេះប្រើឥទ្ធិពលរបស់ខ្លួនក្នុងការកម្រិតទំហំនៃការផលិតប្រេង នាំឱ្យការផ្គត់ផ្គង់ប្រេងមានកម្រិត ខណៈតម្រូវការកើនឡើង ជាហេតុនាំឱ្យតម្លៃប្រេងសាកលបន្តកើនឡើង។
បើគិតពីតម្លៃប្រេងនៅប្រទេសកម្ពុជាវិញ បច្ចុប្បន្ននេះក៏បន្តឡើងថ្លៃដល់តម្លៃប្រហាក់ប្រហែល១ដុល្លារហើយ សម្រាប់១លីត្រផងដែរសម្រាប់ប្រភេទសាំងធម្មតា។ បើគិតពីតម្លៃប្រេងសាកល បច្ចុប្បន្នកើនដល់តម្លៃ ៧៥ដុល្លារ ក្នុងមួយបារ៉ែលទៅហើយ គឺកើនឡើងប្រមាណ៤០% ក្នុងឆ្នាំនេះ ដែលនាំឱ្យមានការបារម្ភពីសំណាក់បណ្តាប្រទេសអ្នកត្រូវការប្រើប្រាស់ប្រេង ក្នុងពេលដែលស្ថានការណ៍ពិភពលោកកំពុងងើបពីវិបត្តិកូរ៉ូណា តែបែរជាមកជួបនឹងការឡើងថ្លៃប្រេងយ៉ាងគំហុកបែបនេះ។