មេរោគចាប់ជំរិតថ្មី Ransomware កំពុងវាយលុកខ្លាំង! ក្រសួងជំនាញណែនាំ ៥ វិធីនេះដើម្បីការពារពីមេរោគ តែបើឆ្លងហើយ ក្រសួងហាមដាច់ខាតធ្វើរឿងមួយនេះ

ក្រសួងប្រៃសណីយ៍កម្ពុជា ដែលជាក្រសួងជំនាញលើបញ្ហាបច្ចេកវិទ្យា និងសុវត្ថិភាពបច្ចេកវិទ្យាបានចេញសេចក្តីជូនដំណឹងអំពីមេរោគចាប់ជំរិត (ransomware) នេះ ព្រមទាំងវិធីការពារផងដែរដែលយើងគួរដឹង និងត្រូវអនុវត្តតាម។សម្រាប់បងប្អូនអ្នកប្រើប្រាស់កុំព្យូទ័រប្រាកដជាធ្លាប់លឺ ឬក៏ធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនត្រូវវាយប្រហារពីប្រភេទពួកមេរោគកុំព្យូទ័រ ដែលគេហៅថា Ransomware ឬដែលគេហៅងាយយល់ជាពពួកមេរោគចាប់ជំរិតពីពួកខិលខូចហើយ។

តាមពិតទៅមេរោគប្រភេទនេះឥឡូវកំពុងតែមានវត្តមានកាន់តែច្រើនឡើង ហើយមានទំរង់ប្លែកៗទៀតផង។ ឧទាហរណ៍មួយចំនួនធំនៃពពួកមេរោគនេះ គឺនៅពេលដែលវាឆ្លងចូលក្នុងកុំព្យូទ័ររបស់យើងហើយ វានឹងធ្វើការបិទគ្រប់ឯកសារទាំងអស់ដែលមាននៅក្នុង Hard disk វានឹងធ្វើកូដនីយកម្ម (encrypted) និយាយឱ្យស្រួលយល់គឺការកែប្រភេទឯកសារមិនឱ្យអាចប្រើប្រាស់បានទៀត ដោយវាផ្លាស់ប្តូរប្រភេទឯកសារទៅជា កន្ទុយដែលមានមេរោគដូចជា (.epub) ឬប្រភេទផ្សេងៗទៀតជាដើម ហើយជាទូទៅអ្នកដែលត្រូវមេរោគបែបនេះវាយប្រហារ នឹងទទួលបានសារពីពួកខិលខូចដែលជាអ្នកបង្កើតមេរោគ ទាមទារឱ្យយើងផ្ញើប្រាក់ទៅពួកវាដើម្បីអាចប្រើប្រាស់​ឯកសារបានឡើងវិញ ភាគច្រើនជាទំរង់ Cryptocurrency ដែលមានន័យថាគេមិនងាយនឹងចាប់បានថាពួក Hacker ទាំងនោះមានប្រភពពីណានោះទេ បើពុំដូចនោះទេ អ្នកមិនអាចប្រើប្រាស់​ឯកសារបាន ហើយពួក Hacker អាចទាញយកឯកសារអ្នក គម្រាមបញ្ចេញផ្សាយដែលនាំឱ្យប៉ះពាល់ដល់ខ្លួនអ្នក ឬអង្គភាពទៀតផង។

មេរោគនេះអាចឆ្លងចូលកុំព្យូទ័រយើងបានតាមរយៈកត្តាធំៗ៣យ៉ាងគឺ៖ (១) ការប្រើប្រាស់កម្មវិធី Software កុំព្យូទ័រមិនមានអជ្ញាប័ណ្ណ (២) ការបើកឯកសារគួរឱ្យសង្ស័យដែលបានភ្ជាប់មកតាមអ៊ីម៉ែល (៣) ការមិនធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Software ដែលប្រើប្រាស់ ដែលនាំឱ្យមានចន្លោះប្រហោងផ្នែកសុវត្ថិភាពអាចឱ្យមេរោគទាំងនេះជ្រៀតចូលបាន។

សម្រាប់វិធានការការពារវិញ ក្រសួងបានណែនាំនូវចំណុចដូចខាងក្រោម៖ (១) ប្រើប្រាស់កម្មវិធី Software ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចៀសវាងការទាញយកកម្មវិធីនានាមិនមានប្រភពច្បាស់លាស់ និងទាញយកពីអ៊ីនធើណែតប្រភពមិនច្បាស់ ដែលសុទ្ធសឹងជាសម្បុកនៃពពួកមេរោគបែបនេះ។ (២) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការ Operating System (Windows OS) និងកម្មវិធី Software ដែលមានប្រើប្រាស់ក្នុងកុំព្យូទ័រឱ្យបានទៀងទាត់។ (៣) ត្រូវដំឡើងកម្មវិធីកំចាត់មេរោគ និងធ្វើបច្ចុប្បន្នភាពកម្មវិធីកំចាត់មេរោគឱ្យបានជាប្រចាំទៀតទាត់ ដោយសារកម្មវិធីកំចាត់មេរោគ គឺត្រូវធ្វើបច្ចុប្បន្នភាពដើម្បីឱ្យមានសមត្ថភាពកំចាត់មេរោគដែលទើបនឹងបង្កើតថ្មីៗផងដែរ។ (៤) មិនត្រូវចុចលើតំណភ្ជាប់ ឬប្រភពឯកសារដែលមិនស្គាល់ប្រភពច្បាស់លាស់ផ្ញើមកតាមអ៊ីម៉ែលនោះទេ និង(៥) ធ្វើការថតចម្លងទុកឯកសារជាប្រចាំ ដាក់ Hard disk ឬក្នុង Cloud ជានិច្ចកាល និងបិទការតភ្ជាប់អ៊ីនធើណែត។

ក្រសួងជំនាញបញ្ជាក់ផងដែរថា ប្រសិនបើករណីដែលអ្នកក្លាយជាជនរងគ្រោះក្នុងករណីបែបនេះ កុំបង់លុយទៅតាមការទារ និងគម្រាមពីពួកខិលខូចឱ្យសោះ ពីព្រោះអ្នកមិនប្រាកដថានឹងអាចទទួលបាន​ឯកសារដែលត្រូវជាប់មេរោគនោះមកវិញនោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *