ផ្គើនមិនខ្លាចកូវីដ! សហជីពកម្មករកូរ៉េខាងត្បូងជាងមួយម៉ឺននាក់ ចេញតវ៉ានៅសេអ៊ូល ទាមទារចំណុចធំៗ ៤នេះ ទាក់ទងបញ្ហាការងារ អាចជាប្រយោជន៍ពលករខ្មែរយើងដែរ

កូរ៉េខាងត្បូង៖ បាតុករតំណាងក្រុមសហជីពកម្មករកូរ៉េខាងត្បូងជិតដល់ម៉ឺននាក់បាននាំគ្នាមកជួបជុំធ្វើបាតុកម្មកណ្តាលក្រុងសេអ៊ូល កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញនេះ បើទោះជាអជ្ញាធរកូរ៉េខាងត្បូងស្នើម្តងហើយម្តងទៀតមិនឱ្យរៀបចំធ្វើបាតុកម្មនេះឡើង ដោយសារតែបារម្ភពីបញ្ហាកូវីដ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។

បាតុកម្មដ៏ធំធ្វើឡើងកណ្តាលទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមប្រមាណដល់ជាង ៨០០០នាក់នេះ គឺរៀបចំឡើងនៅរសៀលថ្ងៃសៅរ៍ម្សិលមិញនេះ ម៉ោង២រសៀល ដោយក្រុមសហជីពសហព័ន្ធពាណិជ្ជកម្មកូរ៉េ (KCTU) ដែលជាការចេញមកតវ៉ាទ្រង់ទ្រាយធំ ក្នុងគោលបំណងដើម្បីឱ្យមានការកែសម្រួលដល់ច្បាប់ការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បាតុកម្មដ៏ធំមានមនុស្សរាប់ពាន់ចូលរួមក្នុងពេលដែលកូរ៉េខាងត្បូងកំពុងមានការផ្ទុះឡើងជាថ្មីគួរឱ្យបារម្ភនៃបញ្ហាកូវីដនេះ គឺធ្វើឡើងនៅក្នុងតំបន់ចុងណូ (Jongno) ក្រុងសេអ៊ូល ដែលទីតាំងដើមដែលក្រុមបាតុករគ្រោងទុកគឺធ្វើនៅតំបន់យូដូ (Yeouido) ឯណោះទេ តែទីនោះត្រូវបានក្រុមប៉ូលីស និងសមត្ថកិច្ចហាមឃាត់មិនមានការជួបជុំ ដោយបិទច្រកចេញចូលម្តុំនោះអស់ ដែលនាំឱ្យក្រុមបាតុករប្តូរទីតាំងភ្លាមៗនេះ។

បាតុកម្មនេះចេញមកតវ៉ាដោយស្នើឱ្យមានការកែសម្រួលច្បាប់ស្តីពីការងារលើចំណុចធំៗដូចជា៖ ការផ្អាកកាត់បន្ថយការងារ ការបង្កើនប្រាក់ឈ្នួលអប្បបរមា និងការទាមទារឱ្យរដ្ឋាភិបាលពង្រឹងវិធានការសុវត្ថិភាពការពារតាមទីតាំងការងារឧស្សាហកម្ម និងការស្នើឱ្យលុបចោលនូវប្រភេទការងារមិនអចិន្ត្រៃយ៍ ដូចជាការងារបែបស៊ីកុងត្រាមួយរយៈពេលខ្លីជាដើម។ ក្នុងការចេញមកធ្វើបាតុកម្មតវ៉ាជាង២ម៉ោងនោះ ប្រធានក្រុមតំណាងសហជីពបានលើកឡើងថា ពួកក្រុមខ្លួនរាប់ពាន់នាក់ចេញមកទាំងប្រថុយប្រថាននឹងជំងឺកូវីដនេះ គឺដើម្បីមកការពារផលប្រយោជន៍របស់កម្មករ និងបុគ្គលិកដែលធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិភាក្សាលើបញ្ហាក្តៅទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ខាងមុខ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការចរចា ដោយក្រុមតំណាងកម្មករបានស្នើឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមាម៉ោង ឱ្យដល់លើស១ម៉ឺនវ៉ុនឯណោះ ខណៈក្រុមតំណាងម្ចាស់រោងចក្រ និងក្រុមហ៊ុននៅមិនទាន់ឆ្លើយតបវិញនោះទេ។ បញ្ហាក្តៅមួយទៀតដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់ដែរនោះគឺបញ្ហាពង្រឹងសុវត្ថិភាពទីតាំងការងារ ជាពិសេសគឺអ្នកធ្វើការងារក្នុងវិស័យឧស្សាហកម្មដែលកន្លងមកតែងតែមានបញ្ហាជាញឹកញយបន្តបន្ទាប់នោះ។

គេសង្កេតឃើញថាក្នុងអំឡុងនៃការតវ៉ានោះគឺគ្រប់អ្នកចេញមកតវ៉ាសុទ្ធតែពាក់ម៉ាស់រៀងៗខ្លួន តែគឺមិនបានរក្សាគម្លាតនោះទេ ដោយសារតែមានអ្នកចូលរួមដល់ទៅជិតមួយម៉ឺននាក់ទៅហើយ ក្នុងនោះដែរក៏មានការប៉ះទង្គិចមួយចំនួនរវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសមត្ថកិច្ចផងដែរ ដោយកងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកតវ៉ាម្នាក់ដែលបានប៉ះពាល់មកលើកងកម្លាំង។ សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ មុនថ្ងៃបាតុកម្មមួយថ្ងៃ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ទទូចឱ្យក្រុមសហជីពដែលគ្រោងរៀបចំបាតុកម្មនេះ លុបចោលការតវ៉ារបស់ខ្លួនដោយសារតែការតវ៉ានេះអាចនឹងបង្កជាហានិភ័យសុខាភិបាលលើការឆ្លងកូវីដកាន់តែខ្លាំងឡើង តែក្រុមអ្នកតវ៉ានៅតែមិនអើពើ។

 

Leave a Reply

Your email address will not be published. Required fields are marked *