កូរ៉េខាងត្បូង៖ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងប្រកាសឱ្យអ្នករស់នៅប្រជុំជនជុំវិញសេអ៊ូល និងតំបន់ដទៃទៀតសឹងទូទាំងប្រទេសកូរ៉េខាងត្បូងប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ភ្លៀងខ្លាំងនៅថ្ងៃនេះ និងថ្ងៃស្អែកនេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅរសៀលថ្ងៃសៅរ៍នេះ។
រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានប្រកាសថានឹងអាចមានភ្លៀងធ្លាក់ខ្លាំងនៅសេអ៊ូល និងខេត្តឃ្យ៉ុងគី អាចពីម៉ោង៥ល្ងាច (ម៉ោងក្នុងស្រុកកូរ៉េខាងត្បូង) ថ្ងៃសៅរ៍នេះទៅហើយ។ ជាធម្មតា អជ្ញាធរចេញការប្រកាសឱ្យប្រជាជនត្រៀមខ្លួនប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងដូចក្នុងករណីនេះ គឺក្នុងករណីដែលមានព្យាករណ៍បង្ហាញថាមានភ្លៀងធ្លាក់កម្ពស់៦០មីលីម៉ែត្រក្នុងរយៈពេលប្រហែលជាង ៣ម៉ោង ឬភ្លៀងធ្លាក់កម្ពស់ពី១១០មីលីម៉ែត្រឡើងទៅក្នុងរយៈពេលពី១២ម៉ោងទៅ។ ជាទូទៅ កម្ពស់ទឹកភ្លៀងនេះ គឺសំដៅដល់ចំនួនទឹកភ្លៀងដែលធ្លាក់មកលើដី ឧទាហរណ៍ភ្លៀងធ្លាក់កម្ពស់៦០មីលីម៉ែត្រក្នុងរយៈពេលប្រហែលជាង ៣ម៉ោង មានន័យថាក្នុងរយៈពេល៣ម៉ោង នឹងមានទឹកភ្លៀងកម្ពស់ដល់ ៦០មីលីម៉ែត្រក្នុងទំហំដី ១ម៉ែត្រការ៉េ។
ការដាក់ចេញបម្រាមសម្រាប់ប្រជាជនសេអ៊ូល និងខេត្តឃ្យ៉ុងគីថ្ងៃសៅរ៍នេះ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា នឹងមានទំហំខ្លាំង ហើយអ្នកធ្វើដំណើរថ្មើជើងធម្មតាអាចនឹងពិបាកប្រើឆ័ត្រដើម្បីបាំងភ្លៀងដោយសារតែកម្លាំងភ្លៀងខ្លាំង ហើយអជ្ញាធរក៏បានឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្នខ្ពស់បំផុតជាពិសេសចំពោះករណីទឹកជំនន់ចាលលឿនពីទន្លេ ឬពីប្រភពទឹកនានាទៀត។ ក្រៅពីសេអ៊ូល និងខេត្តឃ្យ៉ុងគី តំបន់ដទៃទៀតដូចជាតំបន់អ៊ីនឆន់ មានការចេញការប្រកាសឱ្យប្រុងប្រយ័ត្នពីភ្លៀងធ្លាក់ខ្លាំងនេះពីព្រឹកថ្ងៃសៅរ៍នេះមកហើយដែរ ខណៈតំបន់ដទៃទៀត រួមនឹងកោះជេជូផងក៏មានការចេញប្រកាសឱ្យប្រុងប្រយ័ត្នពីភ្លៀងធ្លាក់ខ្លាំងនេះផងដែរ។
បើតាមការប្រកាសរួមរបស់អជ្ញាធរឧតុនិយម ទូទាំងប្រទេសទាំងមូលអាចនឹងមានភ្លៀងធ្លាក់ទូទៅយ៉ាងហោចកម្ពស់១៥០មីលីម៉ែត្រ រហូតដល់ព្រឹកថ្ងៃអាទិត្យស្អែកឯណោះ ដោយសារតែស្ថានភាពអាកាសធាតុ និងបរិយាកាសបម្រែបម្រួលនៅលើឧបទ្វីបកូរ៉េនៅថ្ងៃនេះ។