កូរ៉េខាងត្បូង៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងតែងមានប្រវត្តិទំនាក់ទំនងល្អយ៉ាងស្និទ្ធស្នាលជាមួយគ្នាយូរណាស់មកហើយ ទាំងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងរវាងប្រជាជននៃប្រទេសទាំងពីរ។ នៅពេលដែលគេនិយាយពីប្រទេសកូរ៉េខាងត្បូង ពិតណាស់ប្រជាជនកម្ពុជាយើងសឹងគ្រប់ៗរូបមានអារម្មណ៍ស្រលាញ់ រាប់អាន និងចង់មកលេង សិក្សា ធ្វើការ ឬក៏រស់នៅផងដែរ ហើយដូចគ្នាដែរ បើគេនិយាយពីប្រទេសកម្ពុជា ប្រជាជនកូរ៉េខាងត្បូងពិតណាស់នឹកឃើញពីវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា រួមជាមួយនឹងគោលដៅទេសចរណ៍ និងវិនិយោគ ហើយប្រជាជនកូរ៉េខាងត្បូងតែងតែបង្ហាញពីទឹកចិត្តស្រលាញ់រាប់អានចំពោះប្រជាជនយើងដូចគ្នា។
ភាគច្រើនបងប្អូនខ្មែរយើងដែលបានស្គាល់ រស់នៅ និងសិក្សានៅក្នុងប្រទេសកូរ៉េ តើដែរដឹងអំពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរបានដល់កម្រិតណា? ថ្ងៃនេះ យើងនឹងលើកយកព័ត៌មានខ្លះៗពីទំនាក់ទំនងនៃប្រទេសទាំងពីរដូចខាងក្រោម៖
ទំនាក់ទំនងរវាងរដ្ឋទាំងពីរ ត្រូវបានចាប់បដិសន្ធិឡើងដំបូងតាំងពីឆ្នាំ ១៩៧០ ក្រោមរដ្ឋាភិបាលរបបសាធារណរដ្ឋកម្ពុជារបស់លោកលន់ នល់។ ទំនាក់ទំនងនោះមានរយៈពេលខ្លីដូចគ្នាទៅនឹងរបបសាធារណរដ្ឋកម្ពុជាដែរ ដោយត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យបានគ្រប់គ្រងកម្ពុជានៅឆ្នាំ១៩៧៥។ ទំនាក់ទំនងនេះត្រូវបានចាប់ផ្តើមឡើងវិញជាផ្លូវការនៅថ្ងៃទី៣០ តុលា ១៩៩៧។ រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងផ្លូវការរវាងរដ្ឋទាំងពីរមានរយៈពេលជាង ២៤ ឆ្នាំមកហើយ ដែលគេសង្កេតឃើញថាមានការកើនឡើងនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគ្រប់វិស័យ និងគ្រប់កម្រិត។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិងកូរ៉េខាងត្បូងមានទំនាក់ទំនងល្អលើគ្រប់វិស័យ។ សម្រាប់វិស័យពាណិជ្ជកម្ម កម្ពុជា និងកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩ មានទំហំប្រមាណដល់ ១ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២០ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង៨៨៥លានដុល្លារអាមេរិក ថយចុះប្រមាណ ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ដែលនេះត្រូវគេយល់ច្បាស់ថាដោយសារតែវិបត្តិនៃស្ថានការណ៍កូវីដ។ ក្នុងនោះដែរ ប្រទេសទាំងពីរគ្រោងនឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CKFTA) បាននៅក្នុងអំឡុងឆ្នាំ២០២១នេះដែរ ខណៈដែលបានបញ្ចប់ការចរចាដោយជោគជ័យកន្លងមកកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ២០២១នេះ។
នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣.៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ៩៥.៦ភាគរយលើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។ កិច្ចព្រមព្រៀងដ៏សំខាន់នេះនឹងត្រួសត្រាយផ្លួវឲ្យប្រទេសទាំងពីរ អាចយកឈ្នះនូវជំងឺកូវីដ១៩ និងស្វែងរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជាគឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូង ដែលមានទំនិញសំខាន់ៗ ដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯ កម្ពុជាវិញ បាននាំទំនិញទៅកូរ៉េខាងត្បូង ភាគច្រើន គឺជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូប ជាដើម។
ក្នុងនោះដែរ សម្រាប់វិស័យវិនិយោគវិញ ចាប់តាំងពីឆ្នាំ១៩៩៦ ដល់ខែមករា ២០១៩ សាធារណរដ្ឋកូរ៉េ បានបោះទុនវិនិយោគទំហំ ៤.៤៧ ប៊ីលានដុល្លារ លើគម្រោងចំនួន ២១៤ ដែលក្នុងនោះគម្រោងចំនួន ១២៣ ជាគម្រោងក្នុងវិស័យឧស្សាហកម្ម ដែលចូលរួមបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ៨ម៉ឺនកន្លែង បើយោងតាមក្រសួងការបរទេសកម្ពុជា។ គម្រោងវិនិយោគធំៗរបស់កូរ៉េខាងត្បូងនៅកម្ពុជាមានដូចជា CAMKO City, Booyoung Town, អាគារ De Castle ជាដើម។
ក្នុងនោះដែរ សាធារណរដ្ឋកូរ៉េ បានផ្តល់នូវជំនួយអភិវឌ្ឍផ្លូវការ (ODA) ក្នុងរូបភាពជាជំនួយឥតសំណងសរុបចំនួន ៣០០លានដុល្លារ ផ្តោតលើវិស័យធំ ៤ គឺ សាធារណការគ្រប់គ្រងធនធានទឹក និងសេវាសុខភាពសាធារណៈ អប់រំ និងអភិវឌ្ឍជនបទ។ ចំពោះកម្ចីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ (EDCF Loans) គិតត្រឹមឆ្នាំ២០១៨ កូរ៉េបានផ្តល់ទឹកប្រាក់កម្ចីចំនួន ៧៦៣ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍចំនួន២១គម្រោង៣។ ក្នុងនោះដែរ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី មូន ជេអ៊ីន កន្លងទៅ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងថ្មីក្នុងក្របខ័ណ្ឌ EDCF Loans នូវទឹកប្រាក់កម្ចីចំនួន៧០០លានដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០១៩-២០២៣ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារជំនួយកូរ៉េខាងត្បូង KOICA ឆ្នាំ២០១៨។
រីឯវិស័យការងារវិញ កូរ៉េបានទទួលពលករកម្ពុជាជាង ៦៥,២៥៨ នាក់ គិតត្រឹមឆ្នាំ ២០១៩ តាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System)។ ក្រៅពីនោះ ក៏មានសិស្ស និស្សិតកម្ពុជាជាច្រើនពាន់នាក់កំពុងបន្តការសិក្សាគ្រប់កម្រិតនៅសាធារណរដ្ឋកូរ៉េ ហើយក៏មានសហគមន៍ខ្មែរភ្ជាប់ទំនាក់ទំនងគ្រួសារជាមួយប្រជាជនកូរ៉េផងដែរ ជាពិសេសគឺសហគមន៍ស្រ្តីខ្មែររៀបអាពាហ៍ពិពាហ៍ជាមួយប្តីជនជាតិកូរ៉េ។
ដូចនេះក្នុងទិដ្ឋភាពជារួម ទំនាក់ទំនងកម្ពុជាសាធារណរដ្ឋកូរ៉េជាច្រើនឆ្នាំកន្លងមកនេះ មានលក្ខណៈល្អប្រសើរ និងមានភាពសកម្មលើគ្រប់វិស័យនិងគ្រប់កម្រិត ដែលភាពសកម្ម និងមមាញឹកនេះបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏មានសារៈសំខាន់របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីធ្វើការបន្តបេសកកម្មផ្សាភ្ជាប់ទំនាក់ទំនង និងបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជម្រៅបន្ថែមទៀត ក្នុងគោលបំណងស្វែងរកនូវផលប្រយោជន៍ជាតិសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

