ចុងសប្តាហ៍នេះ លោកទូត ឡុង ឌីម៉ង់ បានទៅថ្វាយបង្គំលាព្រះតេជគុណនៅគូមីរួចហើយ ខណៈដែលលោកទូតត្រូវបញ្ចប់បេសកកម្មការទូតឆាប់ៗនេះ

កូរ៉េខាងត្បូង៖ លោកទូតកម្ពុជានៅកូរ៉េខាងត្បូង ថ្ងៃចុងសប្តាហ៍នេះបានឈានទៅថ្វាយបង្គំលាព្រះតេជគុណ ពៅ សុភ័ក្រ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមីហើយ ខណៈដែលលោកទូតនឹងត្រូវបញ្ចប់បេសកកម្មការទូតនៅលើទឹកដីកូរ៉េខាងត្បូងឆាប់ៗខាងមុខនេះ បើតាមការបង្ហោះផ្ទាល់របស់លោកទូតនៅថ្ងៃសៅរ៍នេះ។

ក្នុងឱកាសនោះដែរ លោកទូត ឡុង ឌីម៉ង់បានរំលេចឡើងថាលោកពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសគឺការគោរពស្រឡាញ់ និងចូលរួមចំណែកជួយយ៉ាងច្រើនរបស់ព្រះតេជគុណ ពៅ សុភ័ក្រ នៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី ចំពោះបេសកកម្មការទូតរបស់លោកក្នុងការបម្រើ និងជួយគាំពារពលរដ្ឋខ្មែរនៅក្នុងទឹកដីកូរ៉េខាងត្បូងកន្លងមកនោះ។

លោកទូតបានលើកឡើងថា «ក្នុងអំឡុងបេសកកម្មរយៈពេល 5 ឆ្នាំរបស់ខ្ញុំ ព្រះអង្គបានចូលរួមចំណែកយ៉ាងច្រើនជាមួយស្ថានទូតកម្ពុជាយើង ក្នុងការដោះស្រាយបញ្ហាជួយគាំពារពលរដ្ឋខ្មែរយើងនៅកូរ៉េនេះ ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។» ហើយឱកាសដែលលោកទូតបានអញ្ជើញផ្ទាល់មក «ហូបបាយវត្តថ្ងៃនេះពិតជាមានឱជារស និងក្តីរំភើបឥតឧបមា ចំពោះសង្ឃដីកា ក៏ដូចជាពាក្យពេចន៍លើកទឹកចិត្តជាច្រើនចេញពីបេះដូង ទាំងសង្ឃកូរ៉េនិងសង្ឃខ្មែរ ព្រមទាំងអាជ្ញាធរក្រុងគូមីដែលបានពោលមកខ្ញុំ ក្នុងពេលដែលខ្ញុំមកជំរាបលាត្រឡប់ចូលទៅមាតុប្រទេសវិញនាពេលដ៏ខ្លីខាងមុខ» …

លោកឡុង ឌីម៉ង់ក៏បានរំលេចបន្ថែមថាលោកនឹងចងចាំ និងពាំនាំទៅជាមួយលោកវិញនូវអនុស្សាវរីយ៍ និងរូបភាពល្អៗ និងការគោរពស្រឡាញ់រាប់អាន និងគាំទ្រទាំងឡាយដែលលោកទូតទទួលបានកន្លងមក ក្នុងខណៈពេលដែលលោកទូតនឹងបញ្ចប់បេសកកម្មការទូតដ៏ថ្លៃថ្លានេះនាពេលខាងមុខ និងត្រឡប់ទៅមាតុភូមិកម្ពុជាវិញនោះ។ ក្នុង​ឱកាសនោះ ក៏មានការចូលរួមពីសំណាក់បងប្អូនពលរដ្ឋខ្មែរយើងមួយចំនួនផងដែរ ដែលគេឃើញមានលោកទូត ឡុង ឌីម៉ង់ និងព្រះតេជគុណបានពោលពាក្យមួយចំនួនផងដែរជាការសំណេះសំណាលគ្នាទៅវិញទៅមកផងប្រកបដោយបរិយាកាសស្និទ្ធស្នាលផងដែរ។

សូមបញ្ជាក់ថា លោក ឡុង ឌីម៉ង់ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៅប្រទេសកូរ៉េខាងត្បូង តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៩២ ចុះថ្ងៃទី ០៩ មេសា ២០១៦ និងត្រូវបានអនុញ្ញាតដើម្បីថ្វាយសារតាំងជូន លោកជំទាវ ផាក គុនហេ អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ០១ កក្កដា ២០១៦មក ដែលគិតមកដល់ពេលនេះ លោកបានបំពេញបេសកកម្មការទូតបម្រើប្រយោជន៍ខ្មែរយើងនៅកូរ៉េជាង៥ឆ្នាំមកហើយ។

Leave a Reply

Your email address will not be published. Required fields are marked *