ពិបាកជឿដែរ! បិទប្រទេសរហូតសោះ តែប្រជាជនកូរ៉េខាងជើងបែរជាមានសមត្ថភាពភាសាអង់គ្លេស ខ្ពស់ជាងប្រៀបទៅនឹងកូរ៉េខាងត្បូង បើតាមរបាយការណ៍នេះ

កូរ៉េខាងត្បូង៖ បើទោះជាកូរ៉េខាងជើងជាប្រទេសដែលបិទខ្ទប់ខ្លួនពីពិភពខាងក្រៅដ៏ដោយ តែលទ្ធផលរបាយការណ៍មួយបង្ហាញជនជាតិកូរ៉េខាងជើង មានសមត្ថភាពធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស (TOEFL) បានល្អជាងជនជាតិកូរ៉េខាងត្បូង ដែលជាលោកសេរី និងមានការបើកទូលាយប្រទេសទៅនឹងភាសាអង់គ្លេសជាទូទៅ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលដែរ។

បើតាមរបាយការណ៍ចេញដោយស្ថាប័នគ្រប់គ្រងសេវាធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសរបស់សហរដ្ឋអាម៉េរិក (ETS) ដែលជាអ្នកគ្រប់គ្រងលើការធ្វើតេស្តសមត្ថភាពអង់គ្លេស TOEFL បានឱ្យដឹងថាកម្រិតពិន្ទុជាមធ្យមនៃការធ្វើតេស្ត TOEFL នេះតាមប្រព័ន្ធអ៊ីនធើណែតបង្ហាញថាជនជាតិកូរ៉េខាងជើងមានពិន្ទុជាមធ្យមខ្ពស់ដល់ទៅ ៨៧ ពិន្ទុក្នុងចំណោមពិន្ទុសរុប ១២០ ក្នុងឆ្នាំ២០២០នេះ ដែលតួលេខនេះបានកើនឡើងខ្ពស់ផុតពីពិន្ទុមធ្យមដែលជនជាតិកូរ៉េខាងត្បូងធ្វើបានត្រឹមតែ ៨៦ ពិន្ទុ ក្នុងចំណោម ១២០ពិន្ទុប៉ុណ្ណោះ។

បើតាមស្ថាប័នដដែលនេះឱ្យដឹងថា ពិន្ទុមធ្យមរបស់ជនជាតិកូរ៉េខាងជើងដែលធ្វើតេស្តភាសាអង់គ្លេសនេះកើនឡើងបាន៤ពិន្ទុ ប្រៀបទៅនឹងឆ្នាំ២០១៩។ បើគិតជាពិន្ទុដោយឡែកៗនៃការធ្វើតេស្តវិញ ជនជាតិកូរ៉េខាងជើងមានពិន្ទុខ្ពស់ជាងសម្រាប់វិញ្ញាសាស្តាប់ (listening) និងនិយាយ (speaking) បើប្រៀបទៅនឹងជនជាតិកូរ៉េខាងត្បូង។ ជារួមក្នុងចំណោម៣០ពិន្ទុតាមវិញ្ញាសានីមួយៗ កូរ៉េខាងជើងទទួលបានពិន្ទុមធ្យម ២២ សម្រាប់វិញ្ញាសាអាន (Reading) ២៣ ពិន្ទុ សម្រាប់វិញ្ញាសាស្តាប់ (listening) ២២ពិន្ទុ សម្រាប់វិញ្ញាសានិយាយ (speaking) និង២១ពិន្ទុសម្រាប់វិញ្ញាសាសរសេរ (writing) ចំណែកឯជនជាតិកូរ៉េខាងត្បូងដែលប្រឡងដូចគ្នានេះបានពិន្ទុមធ្យម ២២ សម្រាប់វិញ្ញាសាអាន (Reading) ២២ ពិន្ទុ សម្រាប់វិញ្ញាសាស្តាប់ (listening) ២១ពិន្ទុ សម្រាប់វិញ្ញាសានិយាយ (speaking) និង២១ពិន្ទុសម្រាប់វិញ្ញាសាសរសេរ (writing)។

រូបភាពបង្ហាញពីសកម្មភាពបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកូរ៉េខាងជើង

តែយ៉ាងណារបាយការណ៍នេះមិនបានបញ្ជាក់ពីចំនួនសិស្ស ឬអ្នកដែលបានធ្វើតេស្តសមត្ថភាពអង់គ្លេស TOEFL ជាក់លាក់នោះទេ ដែលអាចមានន័យថាជនជាតិកូរ៉េខាងជើងអាចមានអ្នកធ្វើតេស្តតិចជាង តែបានពិន្ទុច្រើនដែលនាំឱ្យមានកម្រិតពិន្ទុមធ្យមមានកម្រិតខ្ពស់ល្អ រីឯប្រជាជនកូរ៉េខាងត្បូងអាចមានអ្នកធ្វើតេស្តភាសាអង់គ្លេសច្រើនជាង ដែលក្នុងនោះអាចមានទាំងអ្នកមានសមត្ថភាពពូកែ និងមិនសូវពូកែ ដែលនាំឱ្យចំនួនពិន្ទុមធ្យមចុះទាបជាងបើប្រៀបទៅនឹងប្រទេសកូរ៉េខាងជើង។

សូមបញ្ជាក់ថា តេស្តសមត្ថភាពភាសាអង់គ្លេស (TOEFL) នេះជាប្រភេទតេស្តធ្វើឡើងដើម្បីគេអាចវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសរបស់អ្នកធ្វើតេស្ត ហើយគេអាចយកលទ្ធផលនេះប្រើសម្រាប់ការងារផ្សេងៗដូចជាការដាក់ចូលធ្វើការតាមកន្លែងការងារ ឬដាក់ពាក្យអាហារូបករណ៍ទៅរៀននៅបរទេសជាដើម។ តេស្តសមត្ថភាពភាសាអង់គ្លេស (TOEFL) ប្រៀបបានទៅនឹងតេស្តសមត្ថភាពភាសាកូរ៉េ TOPIK ដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *