កូរ៉េខាងត្បូង៖ យប់មិញមានអគ្គីភ័យធំមួយនៅតំបន់ឧស្សាហកម្មសុីហ្វា ទីក្រុងសុីហឹង ផ្ទុះផ្កាភ្លេីង និងផ្សែងខ្មៅពេញមេឃ នេះបើតាមការចែករំលែកពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។
បើតាមការចែករំលែកនោះបានឱ្យដឹងថា យប់ថ្ងៃសុក្រម្សិលមិញនេះវេលាម៉ោង ១០យប់ មានករណីអគ្គីភ័យផ្ទុះឡេីង ចេញពីរោងចក្រ ស្នោរ អេប៉ុង(스펀지) នៅតំបន់ឧស្សាហកម្មសុីហ្វា ទីក្រុងសុីហឹង ខេត្តក្យុងគីដូ ដែលបានផ្ទុះចេញជាផ្កាភ្លេីង និងផ្សែងខ្មៅពេញមេឃ ដោយសារនៅក្នុងរោងចក្រមានសារធាតុគីមីងាយឆាបឆេះ ដូចជាអាល់កុល។ ទិដ្ឋភាពនៅកន្លែងកើតហេតុត្រូវបានគេថតវីដេអូ និងមើលទៅគួរឱ្យខ្លាចមែនទែនជាមួយអគ្គីភ័យឆាបឆេះសឹងរាប់ម៉ែត្រឡើងទៅលើអាកាស។
តែយ៉ាងណាក៏ដោយ ពិតជាសំណាងហេីយ ក្រោយឆេះបានត្រឹម២ម៉ោង ៤០នាទី អគ្គីភ័យនេះត្រូវបានពន្លត់ តែក្នុងនោះដែរអាគារឆេះដែលមានកំពស់៣ជាន់ បានដួលរលំ និងមិនមានឆេះរាលដាលដល់រោងចក្រក្បែរៗ ពេលកំពុងឆេះនោះទេ។ ក្នុងព្រឹត្តិការណ៍នោះដែរក៏មានបុគ្គលិក៩នាក់ កំពុងធ្វេីការដែលបានរត់គេចចេញទាន់ តាមសេចក្តីរាយការណ៍ មិនមានអ្នកបាត់បង់ជីវិត និង របួសនោះទេ។
សូមបញ្ជាក់តំបន់ឧស្សាហកម្មសុីហ្វា ជាតំបន់ឧស្សាហកម្មដ៏ធំមួយរបស់ ខេត្តក្យុងគីដូ និង មានពលរដ្ឋខ្មែរធ្វេីការច្រេីនផងដែរ។