លោកទូត ឡុង ឌីម៉ង់ «ចាប់លាអង្គទូតជាមិត្តបណ្តើរៗហើយ» និងអរគុណការស្រឡាញ់រាប់អានកន្លងមក ខណៈបងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបញ្ចេញមតិបែបនេះ

កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឡុង ឌីម៉ង់ ហាក់រៀបចំខ្លួនក្នុងការជម្រាបលាអង្គទូតជាមិត្ត និងសហការីពីគ្រប់ជាតិសាសន៍ដែលសុទ្ធសឹងជាមិត្តល្អរបស់លោកទូត ក្នុងអាណត្តិបេសកកម្មរបស់លោក ជាបណ្តើរៗហើយ នេះបើតាមការបង្ហោះផ្ទាល់របស់លោកទូតពីការទទួលទានអាហារពេលល្ងាច ជាមួយអង្គទូតជាមិត្ត ក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។

ក្នុងឱកាសទទួលទានអាហារពេលល្ងាចដ៏សម្បូរបែប ដែលអង្គទូតទាំងអស់មានទឹកមុខញញឹមយ៉ាងស្រស់ស្រាយនោះ លោកទូត ឡុង ឌីម៉ង់បានបញ្ជាក់ថាមានវត្តមានចូលរួមពីបណ្តាអង្គទូតបរទេសជាមិត្តមកពីចម្រុះតំបន់ តាំងពីអាមេរិកខាងត្បូង រហូតដល់មជ្ឈិមបូព៌ា ដូចជា អាហ្សង់ទីន ប៉ាណាម៉ា គុយវែត ដាណឺម៉ាក អារ៉ាប់អេមីរ៉ាត និងអេស្ប៉ាញ ដែលអង្គទូតទាំងនោះកន្លងមកតែងតែផ្ដល់នូវការស្រឡាញ់រាប់អានដល់លោកទូត ឡុង ឌីម៉ង់ ក្នុងអំឡុងបេសកកម្មកាទូតរបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោកទូតក៏បានបញ្ជាក់ភ្ជាប់ជាមួយនឹងពាក្យថា «ជាពេលវេលាដែលខ្ញុំចាប់ផ្ដើមលាអង្គទូតជាមិត្តបណ្ដើរៗហើយ…»  ដែលនេះហាក់ផ្តល់ជាសញ្ញាកាន់តែច្បាស់ហើយអំពីការត្រៀមនឹងបិទបញ្ចប់ទំព័របេសកកម្មដ៏ថ្លៃថ្លារបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាមួយនឹងពាក្យពេជន៍បែបនេះហើយ ឃើញថាមានអ្នកចូលមកបញ្ចេញវាចាជាច្រើនក្នុងការបង្ហោះនេះរបស់លោកទូត ដែលសុទ្ធសឹងបង្ហាញពីអារម្មណ៍ និងចិត្តគោរពស្រឡាញ់តាមរយៈការដាក់ជាស្ទីកគ័រស្រឡាញ់ជាច្រើន រួមជាមួយនឹងពាក្យសម្តីបង្ហាញពីទឹកចិត្តគោរពស្រឡាញ់លោកទូត ក្នុងអំឡុងពេលនៃបេសកកម្មរបស់លោកនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។

ក្នុងចំណោមអ្នកបញ្ចេញវាចាល្អៗទាំងអស់មានដូចជាអ្នកបញ្ចេញវាចាថា «សូមបងជួបតែសំណាងល្អបងប្រុស» អ្នកខ្លះទៀតថា «Welcome back home Bong » ដែលមានន័យថា “ស្វាគមន៍មកផ្ទះវិញបង” អ្នកខ្លះបានបញ្ចញវាចាយ៉ាងក្បោះក្បាយថា «បងប្អូនខ្មែរនៅកូរ៉េគ្រប់ជំនាន់ន័យសម័យឯក ឧត្តម មកបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េខាងត្បូងបានធ្វើអោយប្រជាជនខ្មែរដែលកំពុងរសនៅសារធារណៈកូរ៉េខាងត្បូងចង់ចាំនូវគុណបំណាច់និងវីរៈភាពដ៏អង់អាចក្ខាហានរបស់លោកដែលមិនអាចបំភ្លេចបាន។» អ្នកដែលធ្លាប់នៅកូរ៉េ ហើយបានត្រឡប់មកដល់ខ្មែរវិញម្នាក់បានលើកថា «សុខសប្បាយទេ ឯកឧត្តមបង? ប្អូនមកនៅខ្មែរវិញ នឹកកូរ៉េ និងឯកឧត្ដម បង និង បងៗណាស់?» ហើយក៏មានអ្នកស្រឡាញ់លោកទូតបញ្ចេញវាចានឹករលឹកថា «តាមមើល បង ត្រូវបន្តបេសកកម្មការទូតនេះបន្តទៀត ព្រោះបង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន» និង «មិនចង់​អោយបងទៅណាទេ» ជាដើម។

សូមបញ្ជាក់ថា លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ ត្រូវបានក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េតាមរយៈព្រះរាជក្រឹត្យតែងតាំងដោយព្រះរាជក្រឹត្យតាំងពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៦ ហើយបានប្រគល់សារតាំងជាផ្លូវការជូនប្រមុខរដ្ឋកូរ៉េខាងត្បូង គឺប្រធានាធិបតី ផាក គុនហេ នៅថ្ងៃទី០១ ខែកក្កដា ២០១៦។

Leave a Reply

Your email address will not be published. Required fields are marked *