ឃោរឃៅណាស់! នៅកូរ៉េ ស្ត្រីជាម្តាយចុង ខឹងប្តីខ្លួន ក៏វាយធ្វើបាបកូនស្រីចុងដែលនៅជាមួយគ្នារហូតមកជាង២ឆ្នាំ រហូតដល់បាតបង់ជីវិត ទើបគេដឹងរឿងហឹង្សា

កូរ៉េខាងត្បូង៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ មិថុនាកន្លងទៅថ្មីៗនេះនៅខេត្តឃ្យ៉ុងណាម កូរ៉េខាងត្បូង មានករណីកុមារីជាកូនស្រីចុងម្នាក់ត្រូវបានម្តាយចុងវាយធ្វើបាប ប្រើហឹង្សារហូតដល់រងរបួសធ្ងន់ និងត្រូវឪពុកបង្កើតហៅឡានពេទ្យមកទទួលយកទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ តែជាអកុសលគេមិនអាចសង្គ្រោះកុមារីជាកូនដែលរងគ្រោះនេះបានឡើយ។

ចុះផ្សាយក្នុងសារព័ត៌មាន MBC News ជាភាសាកូរ៉េ បានឱ្យដឹងថា ករណីនេះគឺជាករណីហឹង្សាលើកុមារថ្មីមួយទៀត ក្រោយពីមានករណីហឹង្សាបែបនេះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងករណីនេះ ស្រ្តីជាម្តាយចុង ដែលជាអ្នកប្រព្រឹត្តហឹង្សាមានអាយុ៤០ឆ្នាំ ហើយត្រូវបានគេរាយការណ៍មកថាបានវាយធ្វើបាបកូនចុងរបស់ខ្លួនអាយុធំគួរសមដែរហើយ ដែលជាសិស្សអនុវិទ្យាល័យ នៅយប់កើតហេតុនោះយ៉ាងខ្លាំង វាយនឹងដៃផង ហើយឡើងជាន់កុមារីដែលជាកូនចុងនោះរហូតដល់ជាង២ម៉ោងឯណោះ។ ករណីប្រើហឹង្សានេះគឺកើតឡើងក្រោយពេលដែលស្ត្រីជាម្តាយចុងនោះមានជម្លោះខ្លាំងជាមួយនឹងប្តីរបស់ខ្លួន ជុំវិញបញ្ហាចង់លែងលះគ្នា និងបញ្ហាចិញ្ចឹមកូននេះផងដែរ។

បើតាមការរាយការណ៍ពីគ្រូពេទ្យជំនាញ កុមារីដែលជាជនរងគ្រោះក្នុងករណីនេះរងរបួសយ៉ាងដំណំធ្ងន់ធ្ងរ ហើយនៅពេលនោះគឺពិបាកដកដង្ហើម និងខ្សោយអស់កម្លាំងទៅហើយក្រោយរងការវាយដំដោយអំពើហឹង្សានោះ តែត្រូវគេទុកចោលអស់រយៈពេលជាង ៥ម៉ោងឯណោះ ទើបត្រូវបានឪពុកមកបញ្ជូនមកមន្ទីរពេទ្យ តែជាអកុសលគេមិនអាចសង្គ្រោះបានឡើយ។ បើតាមលទ្ធផលនៃការពិនិត្យរបស់គ្រូពេទ្យ មូលហេតុនៃការឈានដល់បាត់បង់ជីវិតគឺដោយសារតែការប៉ះពាល់ខ្លាំងដល់គ្រឿងក្នុង សឹងតែខ្ទេចខ្ទាំពីការរងអំពើហឹង្សានេះឯង។

បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចប៉ូលីសឃ្យ៉ុងណាមសាងបានឱ្យដឹងថា ករណីហឹង្សានេះកើតមានឡើងជាប្រចាំរយៈពេលជាង២ឆ្នាំមកហើយ និងចាប់ផ្តើមមានសភាពកាន់តែធ្ងន់ធ្ងរទៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយពីខែមីនានេះមក នៅពេលដែលស្រ្តីរូបនេះចាប់ផ្តើមរស់នៅដាច់ពីគ្នាជាមួយនឹងប្តីខ្លួនដែលតែងតែមានជម្លោះ។ កូនស្រីចុងនេះទំនងជាស្នាក់នៅផ្ទាល់ជាមួយនឹងម្តាយចុងនេះ ដែលមិនពេញចិត្ត និងតែងតែប្រើហឹង្សាកន្លងមក។

ក្នុងករណីនេះ ប៉ូលីសខេត្តឃ្យ៉ុងណាមបានបញ្ជូនខ្លួនស្រ្តីជាម្តាយចុងដែលជាជនបង្កហឹង្សានេះឡើងតុលាការ ហើយដែលនឹងក្លាយជាជនល្មើសទីមួយដំបូងគេហើយដែលនឹងត្រូវគេកាត់ទោសតាមច្បាប់ថ្មីស្តីពីការទោសទណ្ឌលើអ្នកប្រព្រឹត្តអំពើហឹង្សាធ្ងន់ធ្ងរលើកុមារ ដែលគេហៅថាច្បាប់ ‘정인이법’ គឹសំដៅដល់ឈ្មោះក្មេងស្រីម្នាក់តូចឈ្មោះជុងអ៊ីន អាយុទើប១៦ខែប៉ុណ្ណោះដែលរងគ្រោះពីការប្រើហឹង្សាដល់បាត់បង់ជីវិតកាលពីថ្មីៗនេះ ដែលបង្កជាកំហឹងទូទាំងប្រទេសកូរ៉េខាងត្បូង។

ក្រោមច្បាប់ថ្មីស្តីពីការទោសទណ្ឌលើអ្នកប្រព្រឹត្តអំពើហឹង្សាធ្ងន់ធ្ងរលើកុមារ ដែលគេហៅថាច្បាប់ ‘정인이법’ ដែលត្រូវបានរដ្ឋសភាអនុម័តយ៉ាងរហ័សកាលពីថ្ងៃទី២៦ កុម្ភៈ ២០២១កន្លងទៅនេះ បានចែងពីការកម្រិតទោសនៃការប្រើហឹង្សាលើកុមារធ្ងន់ធ្ងរ គឺអាចជាប់ទោសរហូតដល់ទោសប្រហារជីវិត ឬជាប់ឃុំឃាំងរយៈយ៉ាងតិចពី ៧ឆ្នាំ ឬអាចដល់មួយជីវិត។

 

Leave a Reply

Your email address will not be published. Required fields are marked *