កូរ៉េខាងត្បូង៖ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ជាង៨០០នាក់នៅថ្ងៃសុក្រនេះ ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់ក្នុងរយៈពេលជាង ៦ខែចុងក្រោយ ខណៈការបារម្ភពីហានិភ័យនៃការឆ្លងរាលដាលវីរុសជំងឺកូវីដ១៩រូបរាងថ្មី Delta (ដែលតា)កំពុងតែមានកាន់តែខ្លាំងឡើងៗ នេះបើតាមការអោយដឹងពីអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។
តួលេខកើនឡើងថ្មីថ្ងៃសុក្រនេះមានដល់ទៅ ៨២៦ ករណី ក្នុងនោះមាន ៧៦៥ករណីឆ្លងជាករណីឆ្លងក្នុងស្រុក ខណៈ ៦១ករណីទៀតជាករណីឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបទៅនឹងតួលេខឆ្លងប្រចាំថ្ងៃក្នុងរយៈពេលជាងប៉ុន្មានខែចុងក្រោយនេះ តួលេខនេះគឺខ្ពស់ជាងគេក្នុងរយៈជាង៦ខែចុងក្រោយនេះ គិតតាំងពីថ្ងៃទី៧មករា ២០២១មក។ តួលេខឆ្លងថ្មីដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏គាប់ជួនទៅនឹងពេលដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តផែនការបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមដោយចាប់ផ្តើមនៅខែកក្កដានេះផងដែរ នៅពេលដែលតួលេខឆ្លងប្រចាំថ្ងៃនៅស្មើក្នុងខ្ទង់ត្រឹមប្រហែល៥០០នាក់ជាប្រចាំថ្ងៃរយៈពេលច្រើនខែចុងក្រោយនេះ ហើយការចាក់វ៉ាក់សាំងក៏កាន់តែមានល្បឿនទៅមុន។
ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយ នៅមុនពេលវិធានការបន្ធូរបន្ថយត្រូវចូលអនុវត្តន៍ ស្រាប់តែតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃបានហក់ឡើងជិត៦០០នាក់ ហើយក៏មកដល់ខ្ទង់៨០០នាក់នៅសប្តាហ៍នេះដែលកក្តាសំខាន់គឺផ្ទុះការឆ្លងរាលដាលនៅទីក្រុងសេអ៊ូលនិងតំបន់ជុំវិញទីក្រុងសេអ៊ូល ជាហេតុតម្រូវអោយអាជ្ញាធរ ត្រូវពន្យាពេលបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមរយៈពេល១សប្តាហ៍។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបានថ្លែងក្នុងអង្គប្រជុំស្តីពីជំងឺកូវីដ១៩យ៉ាងដូច្នេះ«ច្រើនជាង៨០ភាគរយនៃករណីឆ្លងថ្មី កើតមានចេញពីតំបន់ប្រជុំជនទីក្រុងសេអ៊ូល រយៈពេល៣ថ្ងៃជាប់គ្នា ដែលមានប្រភពឆ្លងចេញមកពីភោជនីយដ្ឋាន និងវិទ្យាស្ថានអប់រំឯកជន»។
រដ្ឋមន្ត្រីរូបនេះបន្តថា «យើងមានក្តីកង្វល់យ៉ាងខ្លាំងចំពោះវីរុសអាចឆ្លងរាលដាលបន្ថែមទៀត ដោយសារមានសញ្ញាច្បាស់ពីការកើនឡើងសកម្មភាពនៅខាងក្រៅរបស់ប្រជាពលរដ្ឋ និងការកើនឡើងករណីអ្នកជំងឺកូវីដ១៩វីរុសថ្មីDelta (ឌេលតា)»។
សូមបញ្ជាក់ថា វិធានការថ្មីៗជាបន្តបន្ទាប់ជាច្រើនដែលបានដាក់ចេញឱ្យអនុវត្តស្របទៅស្ថានការណ៍កូវីដក្នុងខែកក្កដានេះរួមមានការលើកលែងបន្ធូរបន្ថយមិនចាំបាច់ពាក់ម៉ាស់នៅតាមទីសាធារណៈសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដមួយដូសរួចរាល់បានពីរសប្តាហ៍ និងការកែប្រែវិធានការគម្លាតសង្គមថ្មី ដែលបច្ចុប្បន្នទីក្រុងសេអ៊ូលត្រូវប្តូរមកអនុវត្តវិធានការគម្លាតសង្គមកំរិត២ថ្មី ដែលអាចជួបជុំក្រោម៦នាក់ (លេីកលែងតែសេអ៊ូល ដែលត្រូវបន្តអនុវត្តរឹតត្បិតការជួបជុំមិនឱ្យលើសពី៥នាក់រយៈពេល១អាទិត្យបន្តទៀតសិន) រីឯតំបន់មិនមែនទីប្រជុំជន ធ្លាក់សល់កំរិត១ថ្មី ដែលអាចជួបជុំក្រោម៨នាក់។ ក្នុងនោះ កូរ៉េខាងត្បូងក៏បានចាប់ផ្តើមអនុវត្តវិធានការលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់ជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងផងដែរ ដោយត្រូវឱ្យស្របទៅតាមលក្ខខណ្ឌមួយចំនួនដែលបានកំណត់។
ដកស្រង់ពី៖ សារព័ត៌មាន PNN News