ចែករំលែក! រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចតម្លើងអាយុអ្នកអាចចាក់វ៉ាក់សាំង AstraZeneca ពី៣០ឆ្នាំ ឡើងដល់៥០ឆ្នាំវិញ ដោយសារតែបញ្ហាគ្រោះថ្នាក់មួយនេះ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនិងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង សម្រេចតម្លើងកម្រិតអាយុដែលអាចទទួលវ៉ាក់សាំងកូវីដ AstraZeneca បាន​ឱ្យកើនដល់៥០ឆ្នាំវិញហើយ ក្រោយពីមានការបារម្ភជាបន្តបន្ទាប់ពីផលប៉ះពាល់នៃករណីកកដុំឈាមក្រោយពីចាក់វ៉ាក់សាំងនេះ បើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times អជ្ញាធរសុខាភិបាលបញ្ជាក់ថាពីពេលនេះទៅអ្នកដែលអាចទទួលវ៉ាក់សាំងកូវីដ AstraZeneca បានគឺត្រូវមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ដែលកើនឡើងពីអាយុកំណត់ពីមុនមក ត្រឹម៣០ឆ្នាំ។ ជាមួយនឹងការតម្លើងកម្រិតអាយុនេះ មានន័យថាអ្នកអាយុចន្លោះពី៣០ ដល់៥០ឆ្នាំ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១កន្លងមក ហើយកំពុងរង់ចាំចាក់វ៉ាក់សាំងកូវីដ AstraZeneca ដូសទី២នៅពេលខាងមុខនោះ នឹងត្រូវប្តូរមកចាក់វ៉ាក់សាំងកូវីដ Pfizer ជាដូសទី២ ជំនួសគ្នាវិញ។

ប្រធាននៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរគ្រប់គ្រងការងារចាក់វ៉ាក់សាំងនៅកូរ៉េ បានមានប្រសាសន៍ថា ការសម្រេចចិត្តតម្លើងកម្រិតអាយុសម្រាប់អ្នកទទួលវ៉ាក់សាំងកូវីដ AstraZeneca នេះគឺឆ្លើយតបទៅនឹងហានិភ័យដែលអ្នកចាក់វ៉ាក់សាំងអាចប្រឈមនឹងការកើតជំងឺកកដុំឈាម – ឬជាភាសាបច្ចេកទេសអង់គ្លេស thrombosis with thrombocytopenia syndrome (TTS) បើទោះមានកម្រិតតិចតួចមែនទែន តែការសម្រេចចិត្តនេះ គឺដើម្បីកាត់បន្ថយលទ្ធភាពដែលករណីកកដុំឈាមនេះអាចកើតឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា កន្លងមកកាលពីខែចុងខែមីនា ២០២១កន្លងមកនេះ វ៉ាក់សាំងកូវីដ AstraZeneca នេះធ្លាប់ត្រូវបានអជ្ញាធរសុខាភិបាលផ្អាកការចាក់មួយរយៈពេលខ្លី ក្រោយមកក៏សម្រេចបន្តការចាក់វ៉ាក់សាំងនេះវិញ តែតម្លើងកម្រិតអាយុអ្នកអាចចាក់បានមកត្រឹមអាយុ៣០ឆ្នាំឡើងទៅ ដោយសារតែកាលនោះមានករណីអ្នកអាយុខ្ទង់២០ឆ្នាំជាងនៅអឺរ៉ុប ដែលមានកើតកកដុំឈាមក្រោយចាក់វ៉ាក់សាំងកូវីដ AstraZeneca នេះ។ ក្រោយមកទៀត ថ្មីៗចុងក្រោយនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង អជ្ញាធរសុខាភិបាលបានបញ្ជាក់ជាផ្លូវការថាមានករណី២ ផ្សេងគ្នាដែលអ្នកបានចាក់វ៉ាក់សាំងកូវីដនេះហើយ កើតមានជំងឺកកដុំឈាមនេះ ដែលក្នុងនោះម្នាក់ត្រូវបានព្យាបាលជាទាំងស្រុងរួចហើយ តែជាអកុសលអ្នកជំងឺម្នាក់ទៀតអាយុ៣០ឆ្នាំជាង ត្រូវបានបាត់បង់ជីវិតដោយសារតែករណីកកដុំឈាមនេះកាលពីថ្ងៃទី ១៦ មិថុនា ២០២១នេះ ត្រឹមប៉ុន្មានថ្ងៃក្រោយពីបានចាក់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃទី២៧ ខែឧសភា ២០២១ដូចគ្នា។

គិតមកដល់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញទី១ ខែកក្កដា ២០២១នេះ កូរ៉េខាងត្បូងសម្រេចចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានដល់ ១៥.៣លាននាក់ហើយ ខណៈដែលក្នុងអំឡុងខែខាងមុខពីខែកក្កដា ដល់ខែកញ្ញា អជ្ញាធរសុខាភិបាលកូរ៉េគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឱ្យបានដល់ទៅ ៣៦លាននាក់ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *