កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ទី១ កក្កដា មក កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តការបន្ធូរបន្ថយលើកលែងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចពីមួយដូសឡើងទៅ មិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈទៀតនោះទេ តែសម្រាប់ការអនុវត្តគេឃើញថា ប្រជាជនកូរ៉េខាងត្បូងនៅតែស្ទាក់ស្ទើរ មិនទាន់ហ៊ានអនុវត្តតាមការលើកលែងពាក់ម៉ាស់នោះទេ ដោយនៅបារម្ភពីហានិភ័យនៃជំងឺកូវីដ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដែលជាថ្ងៃដំបូងនៃការអនុវត្តវិធានការមិនចាំបាច់ពាក់ម៉ាស់សម្រាប់អ្នកចាក់វ៉ាក់សាំងរួចនេះ គេសង្កេតឃើញមានមនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំងរួច បានដើរនៅតាមទីសាធារណៈដោយមិនពាក់ម៉ាស់ តែគេនៅតែសង្កេតឃើញថាមនុស្សជាច្រើនទៀតដែលជាអ្នកបានចាក់វ៉ាក់សាំងរួច នៅតែស្ទាក់ស្ទើរដោយបន្តពាក់ម៉ាស់ដដែល អាចដោយសារតែការបារម្ភពីហានិភ័យនៃជំងឺកូវីដ ខណៈដែលតួលេខនៃការឆ្លងថ្មីនៅតែបន្តកើនឡើងខ្លាំងគួរឱ្យបារម្ភនៅឡើយ។
បុរសចំណាស់ម្នាក់អាយុ ៧៤ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ AstraZeneca ដូសទី១រួចរាល់តាំងពីដើមខែមិថុនាមកនោះ បាននិយាយថាស្ថានភាពជំងឺកូវីដហាក់កំពុងត្រឡប់មករកភាពប្រក្រតីវិញហើយពីឥឡូវនេះទៅ ហើយលោកមិនចាំបាច់បារម្ភពីការមិនពាក់ម៉ាស់នៅខាងក្រៅទៀតនោះដែរ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចមក។ ចំណែកឯបុរសម្នាក់ទៀត អាយុ៣៥ឆ្នាំដែលបានទទួលវា៉ក់សាំងកូវីដរបស់ Janssen នៅក្រុងដេជុនបានលើកឡើងថា បើទោះជាគាត់ចង់ និងអាចដើរដោះម៉ាស់ ដោយសេរីនៅតាមសួនច្បារ និងនៅតាមផ្លូវក៏ដោយ ក៏លោកនៅតែមានចិត្តបារម្ភពីហានិភ័យនៃកូវីដ ជាពិសេសគឺហានិភ័យនៃការឆ្លងមេរោគកូវីដបម្លែងខ្លួនថ្មី ដែលកំពុងកើនមានឡើងក្នុងប្រទេសកូរ៉េផងដែរ ដូចនេះលោកនៅតែបន្តពាក់ម៉ាស់មួយរយៈទៀតសិន។ ពលរដ្ឋកូរ៉េម្នាក់ទៀតនិយាយថា លោកធ្លាប់នឹងការពាក់ម៉ាស់ទៅហើយ ក្រោយពីពាក់ម៉ាស់រហូតកន្លងមកមួយឆ្នាំពេញ ហើយដល់ឥឡូវនេះគាត់ត្រូវអាចដោះម៉ាស់បាន ក៏គាត់មិនទាន់អាចទម្លាប់បាន ដូចនេះគាត់នៅតែបន្តពាក់ម៉ាស់ដដែលសិន។
តែបើទោះជាពលរដ្ឋជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ មានទស្សនៈផ្ទុយគ្នាលើវិធានការលើកលែងមិនចាំបាច់ពាក់ម៉ាស់នេះក៏ដោយ អជ្ញាធរសុខាភិបាល និងអជ្ញាធរមូលដ្ឋាននៅបន្តជំរុញលើកទឹកចិត្តឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងជាពិសេសដោះម៉ាស់តែនៅខាងក្រៅកន្លែងណាដែលមិនមានមនុស្សច្រើនប៉ុណ្ណោះបានហើយ ដើម្បីការពារហានិភ័យនៃការចម្លងកូវីដពីក្នុងចំណោមទីតាំងដែលមានមនុស្សច្រើន។ ក្នុងនោះដែរអជ្ញាធរសុខាភិបាលក៏បង្ហាញពីក្តីបារម្ភខ្លាចក្រែង វិធានការថ្មីនេះនឹងធ្វើឱ្យមនុស្សភ្លេចខ្លួនមិនយកចិត្តទុកដាក់ពីបញ្ហាកូវីដ ហើយនាំឱ្យមានការកើនឡើងខ្លាំងជាថ្មីនៃជំងឺកូវីដ បើទោះជាមនុស្សមួយចំនួនបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថ្មីៗនេះផងដែរថា ប្រសិនបើប្រជាជនកូរ៉េភ្លេចខ្លួន ហើយចាប់ផ្តើមមានការកើនឡើងករណីកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើននៅពេលខាងមុខនោះ វិធានការលើកលែងពាក់ម៉ាស់នេះនឹងត្រូវលុបចោល ហើយអជ្ញាធរក៏នឹងអាចតម្រូវឱ្យពាក់ម៉ាស់គ្រប់គ្នាវិញផងដែរ។
សូមបញ្ជាក់ថា ក្រោមវិធានការថ្មីនេះ គឺអ្នកណាក៏ដោយដែលបានចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់ ១ដូសរួចរាល់ចាប់ពី២សប្តាហ៍ឡើងទៅ អាចទទួលបានការលើកលែងមិនចាំបាច់ពាក់ម៉ាស់នៅតាមទីសាធារណៈជាកាតព្វកិច្ចទៀតនោះទេ។ វិធានការលើកលែងនេះ ជាការវិវត្តល្អថ្មីចុងក្រោយបង្អស់ក្រោយពីកូរ៉េខាងត្បូងសម្រេចការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេសបានដល់ជាង ១៥លាននាក់ទៅហើយ និងក៏ជាវិធីសាស្រ្តមួយលើកទឹកចិត្តឱ្យប្រជាជនស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើនផងដែរ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង១ឆ្នាំពេញហើយ ដែលកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តវិធានការតម្រូវឱ្យមានការពាក់ម៉ាស់ជានិច្ចនៅតាមទីសាធារណៈ គឺចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០កន្លងមកម្លេះ។