ប្រជាជននៃប្រទេសដំបូងគេបង្អស់មួយនេះ អាចចេញចូលប្រទេសកូរ៉េខាងត្បូងបាន មិនបាច់ធ្វើចត្តាឡីស័កទៀតទេ បើមានលក្ខខណ្ឌ២ធំៗនេះ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពិសេសដំបូងគេបង្អស់ ជាមួយនឹងកោះសៃប៉ាន (Saipan) ដើម្បីអនុញ្ញាតឱ្យប្រជាជននៃប្រទេសកូរ៉េខាងត្បូង និងកោះសៃប៉ានអាចធ្វើដំណើរទៅវិញទៅមកដោយមិនចាំបាច់តម្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងអំឡុងពេលកូវីដនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងដំបូងគេបង្អស់ហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះជាមួយរដ្ឋាភិបាលបរទេសក្នុងការព្រមព្រៀងគ្នាលើការលើកលែងចត្តាឡីស័កសម្រាប់ប្រជាជនគ្នាទៅវិញទៅមក ក្រោយឆ្លងកាត់រយៈពេលនៃបញ្ហាកូវីដជាង ២ឆ្នាំកន្លងមកបាននាំឱ្យប្រទេសសឹងទាំងអស់លើពិភពលោកបានរឹតត្បិតការធ្វើដំណើរទៅវិញទៅមកនោះ។ សម្រាប់ទីតាំងដែលបានចុះកិច្ចព្រមព្រៀងដំបូងគេបង្អស់ជាមួយនឹងប្រទេសកូរ៉េខាងត្បូងនេះគឺ កោះសាយប៉ាន (Saipan) ដែលជាទឹកដីនាយសមុទ្ររបស់ប្រទេសអាម៉េរិក នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

ក្រោមកិច្ចព្រមព្រៀងនេះមានន័យថា ប្រជាជននៃប្រទេសកូរ៉េខាងត្បូង និងកោះសាយប៉ាន អាចធ្វើដំណើរទៅមករវាងគ្នាបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃនោះទេ តែត្រូវមានលក្ខខណ្ឌតម្រូវ២ធំៗ គឺទីមួយប្រជាជនរបស់ភាគីទាំងពីរដែលធ្វើដំណើរ ត្រូវជាអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ទទួលស្គាល់ដោយអជ្ញាធររៀងៗខ្លួន បានរយៈពេលយ៉ាងហោចណាស់២សប្តាហ៍ឡើងទៅ ហើយក៏ត្រូវធ្វើតេស្តកូវីដទទួលលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនធ្វើដំណើរផងដែរ។ បើតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គេមើលឃើញថាអ្នកដែលធ្វើដំណើរជាក្រុមតាមក្រុមហ៊ុនទេសចរណ៍ ទំនងជាអាចទទួលបានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ម្យ៉ាងដោយសារតែកោះសាយប៉ាន (Saipan) ជាគោលដៅទេសចរណ៍មួយពេញនិយ​មផងដែរ។

បើតាមការនីតិវិធីរដ្ឋបាលនានា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចរាល់នេះ នឹងត្រូវចូលជាធរមានអាចចាប់ពីអំឡុងពាក់កណ្តាលខែកក្កដានេះទៅ ឬពីខែដើមខែសីហា។ ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏គ្រោងនឹងរៀបចំនូវកិច្ចព្រមព្រៀងប្រភេទនេះបន្ថែមទៀត ជាមួយប្រទេសជាដៃគូដទៃទៀតផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *