ចែករំលែក! ពីខែកក្កដានេះ ដល់ខែកញ្ញា កូរ៉េខាងត្បូងផ្តល់អាទិភាពចាក់វ៉ាក់សាំងកូវីដដល់ក្រុមមនុស្ស ៤ ប្រភេទ ក្នុងនោះជនបរទេស ក៏អាចទទួលបានដែរ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរេ៉ខាងត្បូងបានប្រកាសនូវព័ត៌មានលម្អិតស្តីពីគម្រោងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនកូរ៉េខាងត្បូង សម្រាប់ត្រីមាសទី៣ ខាងមុខ ដែលក្នុងនោះគឺគេបានបញ្ជាក់ហើយថាជនជាតិបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏អាចទទួលចាក់វ៉ាក់សាំងបានដូចជនជាតិកូរ៉េខាងត្បូងទូទៅផងដែរ។

សម្រាប់អ្នកដែលនឹងត្រូវបានអាទិភាពទទួលចាក់វ៉ាក់សាំងនៅត្រីមាសទី៣ កំណត់សម្រាប់ខែកក្កដា ដល់ខែកញ្ញានេះមានចែកជា៤ប្រភេទ ដែលអជ្ញាធរសុខាភិបាលបានកំណត់កាលបរិច្ឆេទ និងទីកន្លែងជាក់លាក់សម្រាប់ក្រុមអ្នកទទួលបានអាទិភាពវ៉ាក់សាំងនេះ អាចទៅទទួលវ៉ាក់សាំងបាន។

សម្រាប់អាទិភាពដំបូងគេគឺអ្នកដែលមិនបានចាក់វ៉ាក់សាំង ក្នុងចំណោមអ្នកដែលត្រូវបានទទួលការចាក់វ៉ាក់សាំងក្នុងខែមិថុនាកន្លងមក ដែលក្រុមនេះត្រូវធ្វើការកក់វ៉ាក់សាំងទុកជាមុនពិថ្ងៃទី ២៨មិថុនា ដល់ថ្ងៃទី៣០មិថុនា ហើយត្រូវទៅទទួលវ៉ាក់សាំងដែលបានកក់នៅត្រឹមថ្ងៃទី៥ខែកក្កដា ដល់ថ្ងៃទី១៧ ខែកក្កដា នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនានា។

សម្រាប់អាទិភាពក្រុមអ្នកធ្វើការផ្នែកអប់រំ ថែទាំកុមារ និងសិស្សរៀនត្រៀមដើម្បីប្រឡងចូលមហាវិទ្យាល័យ ត្រូវចាប់ផ្តើមធ្វើការកក់ចាក់វ៉ាក់សាំងពីថ្ងៃទី ១២ ខែកក្កដា នេះទៅដល់ដើមខែសីហា ហើយនឹងត្រូវចាក់វ៉ាក់សាំងពីអំឡុងពាក់កណ្តាលខែកក្កដាទៅ នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង/ស្ថាប័នវេជ្ជសាស្រ្តដែលបានប្រគល់សិទ្ធិ។

សម្រាប់អាទិភាពក្រុមវ័យចំណាស់ អាយុខ្ទង់៥០ឆ្នាំ នឹងត្រូវធ្វើការកក់ដើម្បីចាក់វ៉ាក់សាំងពិថ្ងៃទី ១២កក្កដា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយនឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងពីថ្ងៃទី២៦ ខែកក្កដា ដល់ដើមខែសីហា នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង/ស្ថាប័នវេជ្ជសាស្រ្តដែលបានប្រគល់សិទ្ធិ។

ចំណែកឯក្រុមអាទិភាពអាយុក្រោមវ័យ ៥០ឆ្នាំ (១៨ ដល់៤៩ឆ្នាំ) ត្រូវចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងពីដើមខែសីហាខាងមុខនេះទៅ។

Leave a Reply

Your email address will not be published. Required fields are marked *