រដ្ឋាភិបាលកូរ៉េគ្រោងដាក់ចេញកញ្ចប់លុយជាង ៣០ពាន់លានដុល្លារ ឧបត្ថម្ភប្រជាជនប៉ះពាល់ពីកូវីដ ក្នុងនោះប្រជាជនម្នាក់អាចទទួលប្រាក់សុទ្ធច្រើនដល់ទៅ ..

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ នឹងត្រៀមដាក់ចេញថវិកាបន្ថែមដល់រាប់ពាន់លានដុល្លារ ដើម្បីជាកញ្ចប់ថវិកាជួយរំលែកបន្ទុកជីវភាពប្រជាជនដែលស្ថិតក្រោម ៨០% នៃបន្ទាត់ចំណូលរបស់ប្រជាជនកូរ៉េទាំងមូល និងអ្នកលក់ដូរតូចៗទូទៅដែលរងគ្រោះដោយកូវីដ។

កញ្ចប់ថវិកាដែលឧបត្ថម្ភដល់អ្នកដែលរងគ្រោះដោយកូវីដនេះ ជាកញ្ចប់ថវិកាលើកទី៥ហើយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញដើម្បីជួយរំលែកបន្ទុកដល់អ្នករងគ្រោះដោយសារបញ្ហាកូវីដ តាំងពីឆ្នាំមុនមក ហើយក៏ជាកញ្ចប់ថវិកាទី២ហើយសម្រាប់ឆ្នាំនេះ​ បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង។ កញ្ចប់ថវិកាដែលដាក់ចេញលើកនេះមានទំហំដល់ ៣៣ទ្រីលានវ៉ុន (ប្រមាណដល់ ២៩.២ប៊ីលានដុល្លារ)ឯណោះ។ កញ្ចប់ថវិកានេះនឹងត្រូវប្រើសម្រាប់ឧបត្ថម្ភអ្នករងការប៉ះពាល់តាមវិធានការផ្សេងៗគ្នា។

ជាមួយនឹងផែនការផ្តល់កញ្ចប់ថវិកាដល់ជាង ៣០ពាន់លានដុល្លារនេះ ប្រាក់សុទ្ធប្រមាណជាង ១០.៤ទ្រីលានវ៉ុន ប្រមាណ១/៣នៃកញ្ចប់ថវិកានឹងត្រូវផ្តល់ឱ្យប្រជាជនផ្ទាល់ដែលស្ថិតនៅក្នុងចំណោម៨០% នៃបន្ទាត់ចំណូលប្រជាជនរបស់កូរ៉េខាងត្បូង មានន័យថាប្រជាជនកូរ៉េដែលមានចំណូលពីទាបបំផុត រហូតដល់ ៨០% នៃប្រជាជនសរុបនឹងត្រូវទទួលបានកញ្ចប់ថវិកាជំនួយនេះ។ បើតាមតួលេខដែលរដ្ឋាភិបាលប៉ាន់ស្មាន អាចមានដល់១៨លានគ្រួសារ ក្នុងចំណោមគ្រួសារជាង ២៣លានទូទាំងប្រទេសកូរ៉េនឹងមានសិទ្ធទទួលបានប្រាក់ជំនួយនេះ។ ដូចនេះមានន័យថា មនុស្សម្នាក់អាចនឹងទទួលបានប្រាក់ផ្ទាល់ដល់ជាង ២៥ម៉ឺនវ៉ុន។ ក្នុងនោះដែរ រដ្ឋាភិបាលក៏គ្រោងនឹងផ្តល់ថវិកាបន្ថែមដល់ ១០ម៉ឺនវ៉ុនបន្ថែមទៀត សម្រាប់មនុស្សប្រមាណជាង៣លាននាក់ទៀតដែលមានចំណូលទាបជាងគេក្នុងប្រទេសកូរ៉េ។

ក្នុងនោះដែរ កញ្ចប់ថវិកាប្រមាណ ៣.៩ទ្រីលានវ៉ុនទៀត ក៏នឹងត្រូវផ្តល់សម្រាប់គាំទ្រដល់អ្នកលក់ដូរតូចតាច និងអ្នកដែលធ្វើការដោយខ្លួនឯងផងដែរ ហើយរងការប៉ះពាល់ខ្លាំងក្នុងបរិការណ៍កូវីដនេះ។ បើតាមតួលេខកំណត់ដោយអជ្ញាធរ មានអ្នកលក់ដូរតូចតាចប្រមាណជាង ១.១៣នាក់ នឹងអាចទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ ៩លានវ៉ុន ដោយអជ្ញាធរនឹងពិនិត្យមើលថាអាជីវកម្មនីមួយរងការប៉ះពាល់កម្រិតណាពីកូវីដ ហើយនឹងកំណត់តួលេខប្រាក់ឧបត្ថម្ភជាក់ស្តែងដែលត្រូវផ្តល់ជូន។

វិធានការមួយផ្សេងទៀតដែរ គឺរដ្ឋាភិបាលនឹងដាក់កញ្ចប់ប្រាក់ជាង ១.១ទ្រីលានវ៉ុន សម្រាប់ជាប្រាក់រង្វាន់សម្រាប់អ្នកដែលចាយលុយតាមកាតឥណទាន ឬក្រេឌីតកាត ដែលនេះជាវិធានការដើម្បីជំរុញឱ្យប្រជាជនចាយលុយឱ្យបានច្រើនជាងមុន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានដំណើរការល្អឡើងវិញ ខណៈដែលកន្លងមកមានការរឹតត្បិតច្រើន ដែលនាំឱ្យការចាយលុយមានភាពលំបាក ជាហេតុនាំឱ្យមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ។ តាមរយៈវិធានការនេះ ដែលនឹងត្រូវផ្តល់ឱ្យអនុវត្តរយៈពេល ៣ខែនោះនឹងអាចឱ្យមនុស្សម្នាក់ទទួលបានប្រាក់រង្វាន់ដល់ទៅ ៣០ម៉ឺនវ៉ុនឯណោះ ត្រឡប់ពីការចាយលុយតាមក្រេឌីតកាត។

រដ្ឋាភិបាលកូរ៉េក៏គ្រោងនឹងយកមួយផ្នែកនៃកញ្ចប់ថវិកានេះ ប្រមាណជាង ៤.៤ទ្រីលានវ៉ុនដើម្បីយកទៅចំណាយលើការទប់ស្កាត់ជំងឹកូវីដផងដែរ​ តាមរយៈការទិញវ៉ាក់សាំងកូវីដ និងរៀបចំសម្រាប់ចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួន។ ហើយប្រាក់ប្រមាណ២.៦ទ្រីលានវ៉ុនទៀត នឹងត្រូវចាយលើគម្រោងនានាក្នុងទំរង់ជាប្រាក់ជំនួយសង្គម ដើម្បីជួយដល់យុវជន និងប្រជាជនទូទៅដែលត្រូវការស្វែងរកការងារ និងស្វែងរកចង់ទិញផ្ទះសំបែងជាដើម។ ខណៈកញ្ចប់ប្រាក់ប្រមាណ ១២.៦ទ្រីលានវ៉ុនទៀត នឹងត្រូវផ្តល់ជូនឱ្យអជ្ញាធរតាមខេត្ត ក្រុងនានាទូទាំងប្រទេសកូរ៉េ។

បើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េ កញ្ចប់ប្រាក់ដ៏ធំដែលអាចយកមកផ្តល់ជាការឧបត្ថម្ភ និងជំនួយដល់ប្រជាជនខ្លួនរងការប៉ះពាល់ដោយកូវីដនេះ គឺដោយសារកូរ៉េខាងត្បូងមានលទ្ធភាពអាចប្រមូលចំណូលពន្ធលើសពីការរំពឹងទុកច្រើនលើសលប់ ដែលបានមកពីការកើនឡើងនៃការទិញលក់អចលនទ្រព្យ និងការងើបឡើងវិញនូវសកម្មភាពអាជីវកម្មនានាដែលជាប្រភពនៃការបង្កើនចំណូលពន្ធផងដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *