សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលត្រូវការធ្វើឯកសារនានាពាក់ព័ន្ធនឹងសេវាកម្មផ្នែកអន្តោប្រវេសន៍ ការងារ វិនិយោគជាដើមក្នុងប្រទេសកូរ៉េខាងត្បូង អាចចូលទៅកាន់គេហទំព័រ Hi Korea និងស្នើសុំធ្វើឯកសារបានតាមប្រព័ន្ធអេឡិកត្រូនិក និងមានមុខងារដទៃទៀតជាច្រើន។
គេហទំព័រ Hi Korea (https://www.hikorea.go.kr/Main.pt) នេះជាគេហទំព័ររៀបចំឡើងដោយអន្តរក្រសួងរបស់កូរ៉េខាងត្បូងមានក្រសួងយុត្តិធម៌ ក្រសួងចំណេះដឹងសេដ្ឋកិច្ច និងក្រសួងការងារ ដើម្បីផ្តល់ភាពងាយស្រួលអាចឱ្យជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្វែងរក និងស្នើទទួលសេវាកម្មនានាបានតាមប្រព័ន្ធអ៊ីនធើណែត។
គេហទំព័រនេះមានប្រយោជន៍សម្រាប់បរទេសរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ បរទេសដែលចង់ធ្វើការវិនិយោគ អ្នកដែលមានបញ្ហាការងារ និងបញ្ហាសេវាកម្មរដ្ឋបាលផ្សេងទៀតទាក់ទងនឹងសំណុំឯកសារដែលតម្រូវសម្រាប់ជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សេវាកម្មដែលមានក្នុងគេហទំព័រនេះមានដូចជា៖
ជាគេហទំព័រប្រមូលផ្តុំព័ត៌មាន៖ មានប្រមូលផ្តុំព័ត៌មានទាក់ទងការណែនាំក្នុងការសុំទិដ្ឋាការ បែបបទសម្រាប់ស្នាក់នៅកូរ៉េ បញ្ហាទាក់ទងអន្តោប្រវេសន៍ដទៃទៀត ហើយក៏មានព័ត៌មានទូទៅសម្រាប់ជាប្រយោជន៍ក្នុងការរស់នៅប្រទេសកូរ៉េ ដូចជារបៀបធ្វើដំណើរ វប្បធម៌ ទេសចរណ៍ ការអប់រំជាដើម ព្រមទាំងមាននូវព័ត៌មានណែនាំក្នុងការអនុញ្ញាតជ្រើសរើសការងារសម្រាប់បរទេសផងដែរ។
ជាគេហទំព័រសម្រាប់ស្នើសុំឯកសាររដ្ឋបាលផ្សេងៗជា e-document៖ មានដូចជាពាក្យស្នើសុំសេវាកម្មនានារបស់ក្រសួងយុត្តិធម៌ ពាក្យស្នើសុំចូលក្នុងប្រទេសកូរ៉េ (Re-entry permit) ពាក្យស្នើសុំពន្យារពេលស្នាក់នៅ (Extension of stay ទៅតាមប្រភេទនៃទិដ្ឋាការផ្សេងៗ) ឯកសារជូនដំណឹងពីការផ្លាស់ប្តូរពលករបរទេស ឯកសារជូនដំណឹងពីការផ្លាស់ប្តូរការងារ (សម្រាប់អ្នកកាន់ទិដ្ឋាការ H-2) ឯកសារពាក់ព័ន្ធក្រសួងការងារកូរ៉េ ឯកសារស្នើសុំពន្យារពេលការងារ ឯកសារជូនដំណឹងពីការគ្រោងចាកចេញពីកូរ៉េ ឯកសារដាក់ពាក្យការងារសម្រាប់ជនបរទេស និងឯកសារសំខាន់ៗដទៃទៀតជាច្រើន។
ជាប្រព័ន្ធជំរុញការវិនិយោគ៖ ស្នើសុំធ្វើឯកសារវិនិយោគ និងការពិនិត្យ និងផ្គូផ្គងសម្រាប់អ្នកវិនិយោគជាដើម។
ដូចនេះបងប្អូនខ្មែរយើងដែលរស់នៅប្រទេសកូរ៉េ ប្រសិនបើមានតម្រូវការនានា អាចចូលទៅគេហទំព័រនេះ និងពិនិត្យមើលដើម្បីរៀបចំងាយស្រួលតាមប្រព័ន្ធអនឡាញផងដែរ ដោយគ្រាន់តែត្រូវបង្កើតគណនី ជាមួយលេខសំងាត់សម្រាប់អាចប្រើប្រាស់ប៉ុណ្ណោះ។ គេហទំព័រនេះក៏អាចប្រើប្រាស់បានជាភាសា៣ផងដែរ មានភាសាកូរ៉េ ភាសាអង់គ្លេស និងភាសាចិនផងដែរ ហើយរដ្ឋាភិបាលក៏គ្រោងនឹងបង្កើនឱ្យមានសេវាកម្មនានាផ្សេងទៀតឱ្យបានកាន់តែទូលំទូលាយក្នុងគេហទំព័រនេះផងដែរ។