នៅសេអ៊ូល មនុស្សជាច្រើនតម្រង់ជួរសឹងព័ទ្ធមួយជុំផ្សារ នាំគ្នារង់ចាំទិញកាបូប Chanel ទោះថ្លៃដល់ជាង ៨ពាន់ដុល្លារ ព្រោះពាក្យចចាមអារ៉ាមពីបញ្ហាមួយនេះ!

កូរ៉េខាងត្បូង៖ មនុស្សជាច្រើននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែងនៅនឹងមុខហាងទំនិញក្រុងសេអ៊ូល រង់ចាំដើម្បីទិញកាបូបម៉ាកឆាណែល (Chanel) ខណៈដែលមានពាក្យចចរាមអារ៉ាមតៗគ្នាថាកាបូបម៉ាកឆាណែលនេះគ្រោងនឹងធ្វើការតម្លើងថ្លៃលើផលិតផលរបស់ខ្លួនចាប់ពីខែក្រោយទៅ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ព្រឹកថ្ងៃចន្ទសប្តាហ៍នេះ គេឃើញមានមនុស្សឈរចាំតម្រង់ជួរយ៉ាងវែង គឺវែងជាងធម្មតាសឹងតែពីរដង នៅនឹងមុខហាងឆាណែល នៅក្នុងផ្សារទំនើបឡូតេម៉ល់ (Lotte Department Store) នៅក្នុងទីក្រុងសេអ៊ូល។ បើតាមការបញ្ជាក់របស់បុគ្គលិកនៅនឹងហាងផ្ទាល់ ឱ្យដឹងថាចំនួនអ្នកតម្រង់ជួរមានច្រើនមែនទែនសឹងតែអាចព័ទ្ធជុំវិញអាគារផ្សារទំនើបទាំងមូលបាន។ មូលហេតុដែលគេនាំគ្នាមកឈូរឈរតម្រង់ជួររង់ចាំទិញកាបូបឆាណែលយ៉ាងប្លែកនេះ គឺដោយសារមានការនិយាយតៗគ្នាថា ហាងឆាណែលកូរ៉េ (Chanel Korea) នឹងបង្កើនថ្លៃសម្រាប់មុខទំនិញប្រណីតរបស់ខ្លួនមួយចំនួន អាចដល់១២%ឯណោះចាប់ពីខែក្រោយ។ បើទោះជាមិនមានការបញ្ជាក់ផ្លូវការណាមួយពីហាងឆាណែលផ្ទាល់ តែនៅតាមបណ្តាញសង្គមមានការជជែកពិភាក្សាតៗគ្នាអំពីការតម្លើងថ្លៃនេះ ដែលនាំឱ្យមានមនុស្សជាច្រើនសម្រុកមកតម្រង់ជួរទិញឱ្យបានមុនពេលគេតម្លើងថ្លៃនេះតែម្តង។

បើតាមតម្លៃនៃការលក់ជាធម្មតា គេដឹងថាកាបូបម៉ាកឆាណែលតម្លៃមធ្យមគឺប្រមាណដល់ ៨.៦៤លានវ៉ុន (ប្រមាណ ៧៦៤១ដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចនេះប្រសិនបើពាក្យនិយាយតគ្នាថាការតម្លើងថ្លៃនេះ ជាការពិតប្រាកដមែននោះ តម្លៃនៃកាបូបម៉ាកឆាណែលនេះនឹងអាចកើនដល់តម្លៃជាង១០លានវ៉ុនឯណោះ ហើយក៏នៅមានកាបូបដទៃទៀតដែលមានតម្លៃថ្លៃលើសពីនេះផងដែរ។

កន្លងមកក្នុងអំឡុងពេលកូវីដនេះ គេសង្កេតឃើញក្រុមហ៊ុនកាបូបឆាណែលនេះតម្លើងថ្លៃប៉ុន្មានដងមកហើយ ដូចជាការតម្លើងថ្លៃពីខែឧសភា និងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ហើយបើទោះជាស្ថានការណ៍កូវីដវាយលុកធ្វើឱ្យសឹងទូទាំងប្រទេសមានបញ្ហាផ្នែកហិរញ្ញវត្ថុ តែក្រុមហ៊ុនកាបូបប្រណីតឆាណែលនេះ នៅតែបន្តរកបានចំណូលបានយ៉ាងច្រើនលើសលប់ បង្កើនប្រាក់ចំណេញបានដល់ទៅ ៣៤% ឯណោះក្នុងឆ្នាំ២០២០។

បើតាមការបកស្រាយរបស់អ្នកជំនាញ គឺលើកឡើងថា ក្នុងបរិការណ៍កូវីដនេះហើយដែលនាំឱ្យមនុស្សជាច្រើនមិនអាចចំណាយប្រាក់លើការធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ដូចនេះអ្នកដែលមានជីវភាពធូរធារមួយចំនួនធំបែរមកចំណាយលុយទៅលើសម្ភារៈប្រណីតថ្លៃៗជំនួសវិញ ដែលហេតុនេះហើយទើបបានជាក្រុមហ៊ុនកាបូបប្រណីតឆាណែលនេះរកបានប្រាក់ចំណូលយ៉ាងច្រើន ក្នុងសា្ថនការណ៍នេះ។ សូមបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងជាប្រទេសដែលជាទីផ្សារផលិតផលប្រណីតធំជាងគេលេខរៀងទី ៧ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២០។

Leave a Reply

Your email address will not be published. Required fields are marked *