ចែករំលែក! កូរ៉េខាងត្បូងនឹងចេញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ សម្រាប់អ្នកចាក់រួច មានដល់ ៣ ទម្រង់៖ ទម្រង់ទី១ ស្រួល និងងាយធ្វើជាងគេ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងធ្វើការចេញនូវប្រភេទឯកសារសម្រាប់បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ បីប្រភេទផ្សេងគ្នា ដល់ប្រជាជនខ្លួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចហើយ ដើម្បីអាចប្រើប្រាស់ជាការសម្គាល់ខ្លួនបាន ខណៈពីខែកក្កដាទៅ ការសម្រួលបន្ថយវិធានការគម្លាតសង្គមមួយចំនួនធំត្រូវបានផ្តល់ជូនអ្នកដែលបានចាក់វ៉ាក់សាំងរួច។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News អជ្ញាធរសុខាភិបាលផ្នែកកម្មវិធីចាក់វ៉ាក់សាំង គឺមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានប្រកាសនៅថ្ងៃអង្គារទី២៩ មិថុនា ម្សិលមិញនេះថា អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់នឹងត្រូវផ្តល់ជូនឯកសារសម្រាប់បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន ដែលក្នុងនោះទំរង់នៃឯកសារបញ្ជាក់នេះអាចមានដល់៣ប្រភេទឯណោះ។

ប្រភេទទីមួយ និងទូទៅដំបូងគេគឺប្រភេទឯកសារអេឡិចត្រូនិក គឺអ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១រួចរាល់ អាចទាញយកឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ តាមទូរស័ព្ទពីប្រព័ន្ធ COOV ដែលជាកម្មវិធីទូរស័ព្ទមានក្នុងប្រព័ន្ធ iOS និង Android ដើម្បីយកទៅបញ្ជាក់ពីប្រវត្តិចាក់វ៉ាក់សាំងរបស់ខ្លួនបានដោយគ្រាន់តែបង្ហាញតាមទូរស័ព្ទប៉ុណ្ណោះ។ ចំណែកឯប្រភេទឯកសារទី២ គឺឯកសារផ្លូវការជាក្រដាសដែលមានបង្ហាញព័ត៌មានសំខាន់ៗនៃការចាក់វ៉ាក់សាំងដូចជាឈ្មោះវ៉ាក់សាំង ថ្ងៃខែនៃការចាក់វ៉ាក់សាំង គេអាចទៅធ្វើការស្នើសុំធ្វើនៅតាមមជ្ឈមណ្ឌលសេវាសាធារណៈទូទៅទូទាំងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃព្រហស្បត្តិ៍ទី១ កក្កដានេះទៅ។

ប្រភេទឯកសារទី៣ គឺប្រភេទឯកសារក្រដាសដែលមានភ្ជាប់ទៅជាមួយនឹងកាតអត្តសញ្ញាណប័ណ្ណតែម្តង ដែលប្រភេទឯកសារនេះគេធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ជាមនុស្សចាស់ ដែលមិនសូវពូកែប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដូចអ្នកមានអាយុវ័យក្មេងជាង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ កក្កដា ២០២១នេះទៅ កូរ៉េខាងត្បូងបានដាក់ចេញវិធានការថ្មីបន្ធូរបន្ថយវិធានការគម្លាតសង្គមសម្រាប់អ្នកដែលបានចាកវ៉ាក់សាំងកូវីដរួចហើយ ១ដូសយ៉ាងតិច គឺអាចធ្វើដំណើរនៅខាងក្រៅធម្មតាដោយមិនចាំបាច់ពាក់ម៉ាស់។ គិតត្រឹមថ្ងៃទី២៩ មិថុនា ម្សិលមិញនេះ កូរ៉េខាងត្បូងបានសម្រេចចាក់វ៉ាក់សាំងកូវីដដូសទី១ យ៉ាងតិចឱ្យមនុស្សបានដល់ ១៥.៣លាននាក់ហើយ គឺប្រមាណ ២៩.៨% នៃចំនួនប្រជាជនសរុប គឺជាតួលេខមួយល្អមែនទែនចាប់តាំងពីកម្មវិធីចាក់វ៉ាក់សាំងកូវីដចាប់ផ្តើមពីថ្ងៃទី ២៦ កុម្ភៈកន្លងមកនៅកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *