ច្បាស់ហើយ! ឆ្នាំក្រោយប្រាក់ឈ្នួលម៉ោងអប្បបរមានៅកូរ៉េ គឺដូចគ្នា គ្រប់វិស័យគ្មានការបែងចែកទេ ហើយគេរំពឹងថា មួយម៉ោងនឹងអាចកើនដល់ …

កូរ៉េខាងត្បូង៖ ការចរចាលើការកំណត់ប្រាក់ឈ្នួលការងារអប្បបរមានៅកូរ៉េខាងត្បូងសម្រាប់ឆ្នាំក្រោយ សម្រេចកំណត់នៅថ្ងៃអង្គារនេះហើយថានឹងមិនមានការកំណត់ប្រាក់ឈ្នួលអ​ប្បបរមាកម្រិតខុសគ្នាសម្រាប់វិស័យផ្សេងគ្នានោះទេ  នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គណៈកម្មការកំណត់ប្រាក់ឈ្នួលអប្បរមាកូរ៉េខាងត្បូង ដែលមានសមាសភាពចូលរួមពីត្រីភាគី មាន៩រូបពីតំណាងនៃអជ្ញាធរផ្នែកពលករ, ក្រុមអ្នកគ្រប់គ្រងឬថៅកែ និងសាធារណជនទូទៅ បានជួបប្រជុំគ្នាសាជាថ្មីនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចលើចំណុចពិភាក្សាថាតើប្រាក់ឈ្នួលអប្បបរមាការងារនៅកូរ៉េខាងត្បូង គួរកំណត់ឱ្យខុសគ្នាទៅតាមវិស័យឬទេ ជាពិសេសដោយសារវិស័យមួយចំនួនត្រូវបានគេមើលកឃើញហាក់មានបញ្ហាច្រើនរងគ្រោះដោយសារតែបញ្ហាកូវីដក្នុងឆ្នាំកន្លងមកនោះ។

តាមរយៈការពិភាក្សានៅថ្ងៃអង្គារនេះ អង្គប្រជុំបានសម្រេចថានឹងមិនមានការកំណត់ប្រាក់ឈ្នួលការងារអប្បបរមាខុសគ្នាទៅតាមវិស័យនោះទេ គឹមានន័យថា ប្រាក់ឈ្នួលការងារអប្បបរមានឹងត្រូវកំណត់រួមដូចការអនុវត្តកន្លងមកដដែល។ វិស័យដែលគេមើលឃើញថាស្នើឱ្យមានការកំណត់ប្រាក់អប្បបរមាទាបជាងគេ គឺវិស័យប៉ះពាល់ខ្លាំងក្នុងពេលកូវីដមានដូចជាវិស័យសណ្ឋាគារ ទេសចរណ៍ និងចំណីអាហារជាដើម។ ក្នុងការជជែកពិភាក្សានេះ ក្រុមតំណាងខាងអ្នករកស៊ី ឬអាជីវកម្មបានគាំទ្រឱ្យមានការញែកប្រាក់អប្បបរមាឱ្យខុសគ្នាទៅតាមវិស័យ តែជារួមលទ្ធផលនៃការបោះឆ្នោតមតិភាគច្រើនគឺសម្រេចមិនឱ្យមានការបែងចែកតាមវិស័យនោះទេ ដោយមតិភាគច្រើនលើកឡើងថាការកំណត់ញែកប្រាក់អប្បបរមាតាមវិស័យបែបនេះ គឺជាគោលការណ៍មិនបម្រើដល់ប្រយោជន៍របស់បុគ្គលិកនោះទេ ដែលផ្ទុយទៅនឹងគោលការណ៍ចម្បងដែលគេនាំគ្នាកំណត់នូវប្រាក់អប្បបរមាការងារនេះទៅវិញ។

សូមបញ្ជាក់ថានៅក្នុងប្រទេសកូរ៉េខាងត្បូង ការកំណត់ប្រាក់ឈ្នួលអ​ប្បបរមាកម្រិតខុសគ្នាសម្រាប់វិស័យផ្សេងគ្នាត្រូវបានគេអនុញ្ញាតឱ្យមានតាំងពីឆ្នាំ ១៩៨៨មក តែមកដល់ពេលនេះគោលការណ៍នេះមិនដែលត្រូវបានគេប្រើប្រាស់នោះទេ។

សូមបញ្ជាក់ថា លទ្ធផលសម្រេចបានថ្ងៃអង្គារនេះ ជាផ្នែកតូចមួយនៃការងារកំណត់ប្រាក់ឈ្នួលការងារអប្បបរមាសម្រាប់ឆ្នាំក្រោយ ដែលក្រសួងការងារត្រូវប្រកាសតួលេខចុងក្រោយផ្លូវការឱ្យសាធារណជនដឹងនៅថ្ងៃទី៥ សីហា ២០២១ខាងមុខនេះ។ ដូចនេះអំឡុងខែកក្កដាខាងមុខនេះ ក្រុមការងារនៃគណៈកម្មការចរចាកំណត់ប្រាក់ឈ្នួលអប្បរមានេះ ត្រូវធ្វើការសម្រេចជារួមនូវតួលេខមួយឱ្យមានការឯកភាពគ្នា ឱ្យបានត្រឹមមុនកាលកំណត់ថ្ងៃទី៥ សីហានេះហើយ។

កន្លងមកក្នុងការចរចា មានការស្នើសុំឱ្យមានការតម្លើងប្រាក់ឈ្នួលការងារម៉ោងអប្បបរមាឆ្នាំក្រោយ ដល់ ២៣.៥៩% បន្ថែមទៀត គឺតម្លើងឱ្យបានដល់ ១០,៨០០ វ៉ុន (ប្រមាណ៩.៥៣ដុល្លារ) ក្នុងមួយម៉ោង ដែលមានន័យថាបើសិនជាទទួលបានការឯកភាព សម្រាប់ឆ្នាំក្រោយប្រាក់ឈ្នួលប្រចាំខែអប្បបរមានឹងកើនដល់ ២.២៦លានវ៉ុន។ តែយ៉ាងណា គេរំពឹងថាក្រុមតំណាងថៅកែនឹងទទួលយកសំណើរបានត្រឹមកម្រិតប្រាក់ឈ្នួលអប្បបរមាកម្រិតប៉ុនឆ្នាំនេះដដែល គឺត្រឹម ៨,៧២០វ៉ុន ក្នុងមួយម៉ោងប៉ុណ្ណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *