កូរ៉េខាងត្បូង៖ ចាប់ពីខែកក្កដានេះទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់ការលើកលែងបរទេសដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ជាប់វិធានការចត្តាឡីស័ក១៤ថ្ងៃទៀតនោះទេ តែជាមួយនឹងគោលការណ៍នេះ រដ្ឋាភិបាលកូរ៉េបានប្រកាសប្រទេស ៤ ថែមទៀតដែលកំពុងផ្ទុះឆ្លងកូវីដខ្លាំង មិនអាចទទួលបានការលើកលែងចត្តាឡីស័កនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ថ្ងៃអង្គារនេះ។
បើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េ ប្រទេស៤ថ្មីទៀតដែលត្រូវរដ្ឋាភិបាលកូរ៉េចាត់ទុកជាប្រទេសកំពុងមានស្ថានការណ៍ឆ្លងកូវីដគួរឱ្យបារម្ភនោះ មានប្រទេសឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្វីលីពីន និងឥណ្ឌា ដែលមានន័យថាប្រទេសទាំង៤នេះនឹងមិនទទួលការអនុញ្ញាតលើកលែងការធ្វើចត្តាឡីស័ក១៤ថ្ងៃពិសេស ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកន្លងមកថ្មីៗបានប្រកាសផ្តល់ជូនជនបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ពេលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងខែកក្កដាខាងមុខនេះ នោះទេ។
ក្រៅពីប្រទេស៤នេះ ក៏មានប្រទេស១៧ផ្សេងទៀតផងដែរ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េកំណត់មិនលើកលែងចត្តាឡីស័កដូចគ្នានេះដែរ មានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសតង់ហ្សានៀ ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្គីណេអេក្វាទ័រ ប្រទេសឈីលី ប្រទេសប៉ារ៉ាហ្គាយ ប្រទេសអ៊ុយរ៉ុយហ្គាយ ប្រទេសកូឡំប៊ី ប្រទេសអាហ្សង់ទីន និងប្រទេសម៉ាល់តា។ យ៉ាងណាមិញ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថាវិធានការបន្ធូរបន្ថយថ្មីនេះ ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសពីថ្ងៃទី១៣ មិថុនា២០២១កន្លងមកនេះ ដែលត្រូវចាប់អនុវត្តពីខែកក្កដា ២០២១នេះទៅ ដោយលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនោះទេ បើទោះជាសញ្ជាតិណាក៏ដោយ តែត្រូវក្រោមលក្ខខណ្ឌធំៗ ៤យ៉ាងខាងក្រោមនេះ៖
លក្ខខណ្ឌទី១ គឺអ្នកដែលធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងគឺ ត្រូវជាវ៉ាក់សាំងទាំងឡាយណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់។
លក្ខខណ្ឌទី២ គឺអ្នកដែលបានចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ហើយរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងដូសចុងក្រោយ និងពេលចូលមកដល់ប្រទេសកូរ៉េត្រូវមានគម្លាត១៤ថ្ងៃ ឬ២សប្តាហ៍ពេញយ៉ាងតិច។
លក្ខខណ្ឌទី៣ ការលើកលែងនេះថ្វីត្បិតផ្តល់ឱ្យគ្រប់សញ្ជាតិទាំងអស់ដែលចូលមកកូរ៉េខាងត្បូង តែត្រូវកំណត់អាទិភាពសម្រាប់តែគោលបំណងធ្វើដំណើរមួយចំនួនសិនប៉ុណ្ណោះ ដូចជាការធ្វើធុរកិច្ច(រកស៊ី)សំខាន់ ការសិក្សា ឬកិច្ចការស្រាវជ្រាវ ការងារជាផលប្រយោជន៍សាធារណៈ និងកិច្ចការមនុស្សធម៌ ឬក៏ជាការធ្វើដំណើរមកលេងគ្រួសារផ្ទាល់នៅក្នុងប្រទេសកូរ៉េ។
លក្ខខណ្ឌទី៤ អ្នកដែលមកពីប្រទេសដែលមានការផ្ទុះករណីកូវីដខ្លាំង ឬមានករណីមេរោគបម្លែងខ្លួនច្រើននឹងមិនត្រូវអនុញ្ញាតឱ្យទទួលបានការលើកលែងធ្វើចត្តាឡីស័កនោះទេ។ ប្រទេសដែលហាមឃាត់មានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសតង់ហ្សានៀ ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្គីណេអេក្វាទ័រ ប្រទេសឈីលី និងប្រទេសប៉ារ៉ាហ្គាយ។ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់។
អ្នកដែលចង់ស្នើសុំទទួលបានការលើកលែងចត្តាឡីស័កពេលចូលមកដល់ប្រទេសកូរ៉េនេះ ត្រូវធ្វើការស្នើសុំទិដ្ឋាការ និងភ្ជាប់ជូនឯកសារចាំបាច់នានា លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងជាដើម ឬឯកសារពាក់ព័ន្ធគ្រួសារនៅក្នុងប្រទេសកូរ៉េជាដើម តាមរយៈស្ថានទូតកូរ៉េខាងត្បូងនៅតាមប្រទេសរបស់អ្នកធ្វើដំណើរ មុននឹងចាប់ផ្តើមធ្វើដំណើរ។ សូមបញ្ជាក់ថា ជាមួយនឹងការលើកលែងចត្តាឡីស័កពិសេសនេះ អ្នកធ្វើដំណើរក៏ត្រូវតែធ្វើតេស្តកូវីដមុន និងក្រោយពេលចូលមកដល់ប្រទេសកូរ៉េខាងត្បូងផងដែរ។