ប្រហែសមិនបានទេ! នាយករដ្ឋមន្ត្រីកូរ៉េ៖ ទោះឥឡូវបន្ធូរបន្ថយគម្លាតសង្គម តែអជ្ញាធរនឹងរឹតបន្តឹងគម្លាតសង្គមតឹងរ៉ឹងជាថ្មី ប្រសិនករណីកូវីដប្រភេទនេះបន្តកើនឡើង

កូរ៉េខាងត្បូង៖ វិធានការតម្រូវឱ្យពាក់ម៉ាស់ជាចាំបាច់ពេលចេញក្រៅ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងកូវីដដូសទី១រួចហើយ អាចនឹងត្រូវអជ្ញាធរយកមកអនុវត្តឡើងវិញជាថ្មី ប្រសិនបើករណីកូវីដប្រភេទបម្លែងខ្លួនថ្មីនៅតែបន្តកើនមានឡើងច្រើនក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ជាគោលការណ៍ដែលបានដាក់ចេញកន្លងមក ចាប់ពីថ្ងៃទី១ កក្កដា ២០២១នេះទៅ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១រួចរាល់នៅកូរ៉េខាងត្បូង នឹងមិនចាំបាច់ពាក់ម៉ាស់ពេលទៅខាងក្រៅទៀតនោះទេ ដែលជាផ្នែកមួយនៃវិធានការជំរុញលើកទឹកចិត្តឱ្យមានការចូលរួមវ៉ាក់សាំងឱ្យបានទូលំទូលាយ។ តែជាមួយនឹងការត្រៀមអនុវត្តនូវវិធានការថ្មីនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ចាក់ថា រដ្ឋាភិបាលនឹងគ្មានជម្រើសអ្វីផ្សេងនោះទេ ក្រៅពីតម្រូវឱ្យមានការពាក់មា៉ស់គ្រប់គ្នាជាថ្មីម្តងទៀត ប្រសិនបើករណីឆ្លងកូវីដប្រភេទបម្លែងខ្លួនថ្មីនៅតែបន្តកើនឡើងខ្លាំងនោះ ជាពិសេសគឺករណីប្រភេទកូវីដបម្លែងខ្លួនថ្មី ដែលតា។

គិតចាប់ពីរយៈពេលថ្ងៃទី២០ ដល់២៦ មិថុនា នេះ ចំនួននៃករណីឆ្លងកូវីដប្រភេទបម្លែងខ្លួនថ្មីរកឃើញពីអង់គ្លេស អាហ្វ្រិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា មានដល់ទៅ ២៦៧ករណី ដែលនាំឱ្យតួលេខសរុបនៃករណីកូវីដបម្លែងខ្លួននេះកើនដល់ ២៤៩២ករណីហើយ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។

ជាមួយនឹងការបន្តកើនឡើងករណីឆ្លងកូវីដប្រភេទបម្លែងខ្លួនថ្មីនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ដោយស្មោះត្រង់ផងដែរថា តាមពិតទៅគោលការណ៍នៃការបន្ធូរបន្ថយវិធានការគម្លាតសង្គមដែលដាក់ចេញចុងក្រោយនេះ ប្រាកដណាស់នឹងនាំមកនូវហានិភ័យបន្ថែមនៃការឆ្លងកូវីដនេះ។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រទេសដទៃទៀត ដែលបានសម្រេចចាក់វ៉ាក់សាំងបានច្រើន ក៏នៅតែធ្វើការពង្រឹងវិធានការគម្លាតសង្គមរបស់ខ្លួនឱ្យតឹងតែងឡើងវិញផងដេរ ជាក់ស្តែងដូចជាករណីនៅអង់គ្លេសដែលកាលពីមុនចំនួនតួលេខឆ្លងថ្មីប្រចាំថ្ងៃធ្លាក់ចុះនៅត្រឹមជាង ១០០០នាក់ តែក៏បន្តកើនឡើងវិញដល់ជាង ២ម៉ឺននាក់ផងដែរ។

ដូចនេះហើយ កូរ៉េខាងត្បូងក៏អាចប្រឈមនឹងហានិភ័យដូចគ្នានេះដែរ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន និងមានការធ្វេសប្រហែលខ្លាំងលើបញ្ហាអនុវត្តវិធានការគម្លាតសង្គមនេះ ដែលមានន័យថាបើទោះបីជាវិធានការគម្លាតសង្គមនឹងត្រូវបន្ធូរបន្ថយពិតមែន តែអជ្ញាធរនឹងបន្តឃ្លាំមើល និងអាចរឹតបន្តឹងវិធានការគម្លាតសង្គមឡើងវិញផងដែរ ក្នុងពេលខាងមុខបើមានតម្រូវការជាក់ស្តែង។

Leave a Reply

Your email address will not be published. Required fields are marked *